Jump to content

Page:Kambuja Suriya 1926-1927.djvu/28

From Wikisource
This page has been proofread.

ជួប​ខ្លួន​ទាំង​អស់​គ្នា ។ កាល​បើ​ខ្លួន​មាន​ទុក្ខ​ភ័យ​មក​ដល់​កាល​ណា​ ក៏​បបួល​គ្នា​ទៅ​កាន់​សំណាក់​ក្រុម​ដែល​ខ្លួន​តាំង​ថ្លែង​នូវ​ទុក្ខ​ដែល​ខ្លួន​មាន​ចំពោះ​ដល់​ក្រុម​នោះ​ សុំ​ឲ្យ​ជួយ​សម្រេច​សេចក្ដី​មនោរថ​ដែល​ខ្លួន​ប្រាថ្នា ​ គឺ​ក្រុម​នេះ​ហើយ​បាន​ទី​អាស្រ័យ​នៃ​អ្នក​ទាំង​ពួង ។ ឯ​ក្រុម​ដែល​តាំង​នោះ​គឺ​កាន់​យក​ភេទ​ប្លែក​អំពី​ជន​និករ​ រួច​សន្មត​ខ្លួន​ហៅ​ថា​ យតិបាធ្យាយ​ឬ​សង្ឃ​ក្នុង​គ្រា​នោះ ។

ក្រុម​នេះ​ឯង​ដល់​ប្រតិបត្តិ​រៀង​ៗ​មក​ គេ​ក៏​សន្មត​ទុក​ដូច​អ្នក​មាន​ឫទ្ធិ​ដែរ ​ព្រោះ​ថា​អ្នក​បាន​ចូល​ទៅ​ជិត​សុរ​នាថ​ច្រើន​ជាង​បុថុជ្ជន​ មនុស្ស​ក៏​នាំ​គ្នា​ទៅ​ធ្វើ​ នមស្សការ​បូជា​គោរព​ដោយ​គ្រឿង​អមិស្ស​វត្ថុ​ផ្សេង​ៗ​ គឺ​ទុក​ក្រុម​នេះ​ឯង​ដូច​ស្ពាន​ ជា​អ្នក​ទទួល​ចម្លង​យក​នូវ​អមិស្ស​វត្ថុ​នោះ​ទៅ​ឆ្ងាយ​ ដល់​សុរ​នាថ​ជួស​ខ្លួន​ដោយ​ក្រុម​នេះ​ជា​អ្នក​ធ្លាប់​នមស្សការ​ ក៏​និយម​ថា​ក្រុម​នេះ​ជា​អ្នក​ចេះ​និយាយ​ នឹង​អស់​លោក​ដ៏​មាន​ឫទ្ធិ​បាន​ ក្នុង​ចិត្ត​ខ្លួន​ក៏​មាន​អាង​សង្ឃឹម​ថា​ បើ​កាល​ណា​មាន​ទុក្ខ​ភ័យ​​មក​ដល់​ ក៏​នឹង​រត់​ទៅ​សុំ​ឲ្យ​ក្រុម​នេះ​ជួយ ។ សេចក្ដី​ជឿ​កើត​មក​ពី​ភ័យ​ ដ្បិត​មនុស្ស​ក្នុង​លោក​មិន​ដែល​មាន​ទំនេរ​ គឺ​សុទ្ធ​តែ​មាន​ចិត្ត​ត្រូវ​ទី​ពឹង​ទៅ​អ្នក​ឯ​ណា​ផ្សេង​ៗ​ ជា​ដរាប ។ ដល់​សេច​ក្ដី​ដែល​ជឿ​នូវ​បដិ​សរណៈ​អង្វែង​មក​ អំណាច​ឥទ្ធិ​ឫទ្ធិ​នៃ​សុរនាថ​ក៏​ធ្លាក់​មក​លើ​ពួក​នេះ​ខ្លះ​ រី​ឯ​ឥទ្ធិ​ឫទ្ធិ​សោត​ក៏​គង់​មាន​រំជួល​ប្រែ​ប្រួល​ទៅ​តាម​ តែ​ថយ​ចិត្ត​មនុស្ស​សទ្ធា ។