ក្នុងបឋមកប្ប គឺចក្រវាឡបណ្ដាលកើតឡើងដោយធម្មធាតុ សន្មតហៅថាភពៗ នោះមានជាតិ ដីថ្ម លតាវល្ល៍ និងឈើ ជាហេតុឲ្យអាស្រ័យដល់ជាតិសត្វប្រកបដោយវិញ្ញាណ (ល) លុះកន្លងឆ្នាំជាអង្វេងមក ទើបមានមនុស្សជាតិជាក្រោយបំផុត ។
តាំងពីអតីត លុះមកដល់បច្ចុប្បន្នឥឡូវនេះ ជាតិដែលមានជីវិតប្រកបដោយវិញ្ញាណទាំងប៉ុន្មាន តែងអាស្រ័យយកគ្នាជាភក្សាហារទៅវិញទៅមក សត្វដែលមានជីវិតកាលកើតមកកាន់ភពលោកនេះ សុទ្ធតែមានគ្រឿងប្រដាប់សម្រាប់កាយ ទុកជាអាវុធការពារ និងទំនុកបំរុងជីវិត លើកតែមនុស្សជាតិកើតមក គ្មានគ្រឿងអ្វីរក្សាការពារសត្រូវសោះឡើយ អាស្រ័យតែព្រឹក្សា ឬគូហាជាទីស្ថានសំណាក់ពឹងពាក់ លាក់ខ្លួននឹងសត្វសាហាវ ។ កាលបើព្រះអាទិត្យអស្ដង្គត ចូលរាត្រីទៅកាលណា ក៏នាំគ្នាភិតភ័យដល់ជីវិត ដោយម្រឹគនូវយក្សដែលជាបច្ចាមិត្ររបស់ខ្លួន ក្រែងពួកខ្មាំងទាំងនេះមកបិទទ្វាររបៀតរបៀនដល់រូបកាយ ម្ល៉ោះហើយក៏បបួលគ្នាទៅរកទីសំណាក់ពួនលាក់ខ្លួន បំបាំងអំពីសត្រូវទាំងឡាយនោះ
- ↑ អត្ថបទនេះ ស្រង់ពីកម្ពុជសុរិយា ក្បាលលេខ២ ឆ្នាំ ១៩២៦ – ២៧ ។