Jump to content

សេចក្ដីរំលឹកដាស់តឿន

From Wikisource
សេចក្ដីរំលឹកដាស់តឿន (1931)
by ក្រមង៉ុយ
92809សេចក្ដីរំលឹកដាស់តឿន1931ក្រមង៉ុយ
អ្នកភិរម្យភាសាអ៊ូ លើកដៃទាំងគូប្រណម្យផ្ចង់
បង្គំព្រះពុទ្ធគ្រប់ព្រះអង្គ ព្រះធម៌ព្រះសង្ឃប្រសើរសាយ។
ព្រះគុណគ្រូឧជ្ឈាយាចារ្យ មាតាបិតាបង្កើតកាយ
បង្កើតប្រាជ្ញាថ្លាវែងឆ្ងាយ ខ្ញុំសូមអធិប្បាយចែកពាក្យជូន។
ព្រះពុទ្ធសករាជព្រះសាសនា អតិកន្តាកន្លងធួន
ពីរពាន់បួនរយចិតសឹបបួន ជួនខែនិងថ្ងៃគ្មានកន្លង ។
ដើមឆ្នាំមមែក្នុងត្រីស័ក ពិសាខភ្លៀងធ្លាក់កាត់ទឹកម្តង
មួយរោចថ្ងៃសៅរ៍កើតសៅហ្មង លឺពាក្យអ្នកផងទាស់ទែងគ្នា ។
មិនបានកាប់ចាក់ដល់បាក់បែក ថ្ងៃនេះជជែកថ្ងៃស្អែកជា
ចាក់ដោតរាលរោលពោលពណ៌នា និន្ទាដៀលត្មះចាស់បុរាណ ។
ពួកចាស់ដៀលត្មះអ្នកប្រាជ្ញថ្មី រឿងធម៌បាលីស្តីប្រមាណ
ប្រមាថទៅមកមិនឈប់ខាន ហាមប្រាមមិនបានមិនបាត់មាត់។
ព្រះធម៌ព្រះពុទ្ធតែមួយអង្គ លោកសង្ឃបួសរៀនមានដោយវត្ត
សង្ឃខ្លះចេះស្ទើរមិនចាំស្ទាត់ ភ្លើៗសូត្រភ្លាត់មិនត្រូវខ្យល់។
គេចាប់ថាខុសប្រកាន់ខឹង មិនដឹងថាខ្លួនរៀនមិនដល់
មិនដែលសួរគេព្រោះមិនឆ្ងល់ សំគាល់ថាខ្លួនត្រូវមិនខុស។
អ្នកប្រាជ្ញលោកសូត្រចំបាលី ថាគេធម៌ថ្មីស្តីបន្តុះ
បន្ទោសទៅមកឆ្លើយឆ្លងឈ្លោះ មិនព្រមចំណុះខុសចំណាំ ។
ចំណែកចំណេះចេះរាល់ខ្លួន បារាជិកបួនវិន័យប្រាំ
មហាវគ្កចុល្លវគ្គអាទិកម្ម ព្រះអង្គគ្មានផ្តាំឲ្យឈ្លោះគ្នា។
ផ្តាំឲ្យតែកាន់សិក្ខាបទ អ្នកបួសរាល់វត្តត្រូវសាមគ្គា
ព្រះពុទ្ធរូបរាល់វិហារ វន្ទាគោរពរាល់យប់ថ្ងៃ។
នមស្ការបង្គំធម៌បីបទ សូត្រហបមាត់នឿយជើងដៃ
មិនដឹងប្រាកដរតនត្រៃ មិនចេះសង្ស័យសួរអ្នកណា។
អ្នកប្រាជ្ញលោកសូត្រចំបាលី ប្រែចេញសេចក្តីឲ្យពិស្តារ
អ្នកខ្លៅមិនស្តាប់តាមពុទ្ធដិកា គេថាខ្លួនខុសប្រកាន់ខឹង ។
ធម៌សម្ពុទ្ធេសូត្រលាន់ៗ ព្រះពុទ្ធរយពាន់ខ្លះមិនដឹង
ជឿជាក់ថាចេះចប់ប៉ុណ្ណឹង មិនប្រឹងរៀនប្រែបកបរិយាយ។
ចេះហើយមិនដឹងថាខ្លួនខុស មិនព្រមចំណុះអ្នកប្រាជ្ញប្រាយ
បាលីច្រលំពាក្យនិស្រាយ នឹកស្តាយបែបចាស់មិនផ្លាស់ចេញ។
គេថាសូត្រធម៌មិនចេះប្រែ បានបុណ្យខ្លះដែរតែមិនពេញ
បើចេះប្រែផងបានចំណេញ ខ្លួនរិតទន្ទេញតែបែបចាស់។
ចចេសទទឹងរឹងជជែក ប្រកឹងប្រកែកប្រកួតម្នះ
ម្នៅៗសត្រូវនឹងធម៌ព្រះ ជាតិក្រោយក្រលាស់ជាល្ងង់ខ្លៅ។
មានកាលត្រលប់ជាគថ្លង់ មម៉េងមម៉ង់ឆ្កួតមួម៉ៅ
ពីព្រោះមិនស្តាប់ប្រាជ្ញប្រដៅ ហ្នឹងហៅចេះហើយមិនប្រសប់។
ប្រសិនបើឱនខ្លួនខ្លបខ្លាច អ្នកប្រាជ្ញកាលណាលោកនឹងស្អប់
ធម៌អាថិអ្នកណានឹងចេះចប់ កុំកាន់ទំលាប់ទំលោយខ្លួន។
ទំលាក់ឲ្យទាបសុភាពវ័យ ព្រះសូត្រវិន័យធំជាងក្បួន
ព្រះអភិធម្មជាមាំបួន នេះហើយប្រធួនគួររៀនទៀត។
ពាក្យពីបុរាណជាពាក្យងាយ ពាក្យក្បួនទូលាយស្រណុកជ្រៀត
ឯពាក្យគម្ពីរទីចង្អៀត គួរឆ្លៀតជ្រើសរកយកឲ្យបាន។
ឲ្យបែកគំនិតគិតច្រើនផ្លូវ មួយខុសមួយត្រូវជាពីរស្ថាន
គេប្រាប់ថាខុសគួរឈប់ខាន ឃើញត្រូវប៉ុន្មានប្រមូលយក។
ព្រះឱស្ឋព្រះអង្គទ្រង់ទេសនា អ្នកប្រាជ្ញចែងចារចងទុកមក
ព្រះសូត្រវិន័យលោកលៃលក ប្រែសព្ទសៀតស៊កច្រើនប្រការ
ពាក្យពិតប្រាកដបទបាលី ប្រែចេញសេចក្តីឃើញពិស្តារ
គួរស្តាប់ឲ្យស្តែងសិនកុំថា កុំអាងតំរាតំរាប់ចាស់។
តំរាយបុរាណយូរអង្វែង មិនលែងច្រលំមានលើសខ្វះ
អ្នកប្រាជ្ញជំនុំឃើញខុសណាស់ ចោលខ្លះទុកខ្លះដោយពិស្តារ។
យ៉ាងធម៌«តិរោក»ពីបុរាណ មិនដឹងជាបានពីគ្រូណា
សូត្រលាយចំរុះខុសអក្ខរា មិនបានជាការប្រយោជន៍អ្វី។
អ្នកប្រាជ្ញឃើញខុសច្រើនអន្លើ រុះរើរៀបចំផ្សំបាលី
អ្នកខ្លៅហៅធម៌តិរោកថ្មី សម្តីបែបឡកចំអកខឹង។
សង្ខេបរឿងសូទ្រធម៌ត្រូវខុស កូនចៅប្រុសៗគួរខំប្រឹង
ប្របរកអ្នកប្រាជ្ញប្រិតឲ្យដឹង សំលឹងអក្ខរាឲ្យប្រាកដ។
ប្រការមួយទៀតចាស់ជាន់មុន ធ្វើបុណ្យអភិសេកបែកច្រើនបទ
ច្រើនបែបរាប់អានគ្មានកំណត់ សន្មតថាធ្វើតាមបុរាណ។
អាចារ្យមួយប៉ែកអភិសេកខ្ជិល បង្វិលពពិលរំពេចបាន
អាចារ្យមួយថាធ្វើតាមបាន លំអានគម្ពីរបឋមត្រាស់។
ទេសទសជាតកចប់អភិសេក ព្រឹកស្អែករៀបចំមធុបាយាស
មានមារលើកពលច្បាំងដេរដាស ធ្វើច្រាសត្រលប់ក្រោយជាមុន។
បើធ្វើឲ្យត្រូវតាមសាស្រ្តា នាងនាថសុជាតាគេមានគុណ
ថ្វាយមធុបាយាសព្រះមានបុណ្យ និមន្តទៅផ្សងបីដងត្រាស់។
ទេវតាផ្អើលចុះពេញផែនដី គ្រប់ទិសប្រាំបីមីរដេរដាស
កក្រើកញាប់ញ័រទាំងអាកាស អរណាស់ថ្វាយសព្ទសាធុការ។
ហេតុនេះអ្នកចេះចាំនិទាន ធ្វើរោងធ្វើរានថ្វាយទេវតា
អ្នកប្រាជ្ញចេះថ្មីស្រដីថា អាចារ្យនាំធ្វើខាតប្រយោជន៍។
អាកាសទេវតានៅស្ថានខ្ពស់ គេខ្ពើមជាមនុស្សក្លិនអសោច
ឧស្សាហ៍ដាក់នំឲ្យហិចហោច ចំណេញស្រមោចចោមរោមស៊ី
អាចារ្យមួយទៀតចេះរៀបចំ ប្រណម្យសំពះក្រុងពាលី
ព្រះអិសូរព្រះនារាយណ៍មានរិទ្ធី ពេញទីចោលត្រៃសរណគមន៍។
ចំណីចំណែកចែកដាក់ពែ ចំណេញបានឆ្កែវាស៊ីនំ
នាងហ៊ីងធរណីថាជាធំ សូមសុំទឹកដីសាងកុសល។
អាចារ្យជាន់ចាស់ដោះសង្ស័យ ថារតនត្រៃគេតំកល់
តំកើងលើកឡើងជាដើមផល ប្តឹងដល់ទេវតាជាសាក្សី។
សង្ខារិករលឹកគុណ ធ្វើបុណ្យអភិសេកព្រះពុទ្ធថ្មី
បូជាភ្ញីផ្កាស្លាបារី គ្រប់ទិសប្រាំបីសឹងឲ្យមាន។
អភិសេកព្រះពុទ្ធតាំងកសាង តំណាងព្រះពុទ្ធដ៏ទ្រង់ញាណ
រំលឹកទេវតាជាប្រធាន ប្រាថ្នានិពា្វនស្ថានផុតទុក្ខ ។
ថាបើទេវតាខ្ពើមចំណី ស្អប់ស្លាបារីមិនចង់ជក់
បិសាចភ្លើៗមិនលែងភ្លក់ អារុក្ខទេវតាមិនលែងសោយ។
នំនែកចំណីឆ្អែតស្កប់ស្កល់ សេសសល់បានប្រេតគ្នាស៊ីក្រោយ
ស៊ីគ្រាន់រួចរស់ព្រោះគេឲ្យ បានដោយមគ្គផលកុសលដារ ។
លោកសូត្រតិរោកតែរាល់ព្រឹក យំកិញ្ចិច្រូចទឹកថែមយថា
បញ្ជូនអានិសង្សដល់ដូនតា ប្រាថ្នាដូចម្តេចក៏សឹងបាន។
ក្រែងដូនតាណាទៅជាប្រេត រឺមួយអណ្តែតជាតិរច្ឆាន
លើសខ្វះប៉ុណ្ណោះខុសប៉ុន្មាន រាប់អានទេវតាប្រាថ្នាសុខ។
ថាបើទេវតាមិនព្រមសោយ កុំឲ្យខុសចុះនរក
នរូកើតភាន់ផុតក្នុងភក់ វីវក់ក្នុងវាលវដ្តសង្សារ។
មិនដាច់សង្ស័យដូចអរហត្ត លោកកាត់កាមគុណនិងតណ្ហា
ត្រង់ភ្លឹងមិនងាកពឹងទេវតា ប្រាថ្នានិញ្វនគ្មានត្រលប់ ។
ឃើញឆ្លងមិនផុតភពទាំងបី ធម៌អាថិបាលីចេះមិនចប់
មិនចោលសីល៥កម្មបទ១០ រាវរៀបឲ្យសព្វកុំឲ្យសល់
សម្បត្តិសួគ៌សុខកើតពីទាន ឈោងយកនិញ្វនឈានមិនដល់
មិនដើរហួសសោតាមគ្គផល តម្កល់និញ្វនទុកដោយឡែក ។
នេះចប់ចំលើយអ្នកប្រាជ្ញចាស់ ប្រាជ្ញថ្មីចង់ឈ្នះប្រឹងប្រកែក
ប្រាកដនិញ្វនជាស្ថានឯក ចំណែកសោតាក្នុងតែបាន។
ជ្រះថ្លាធ្វើបុណ្យក៏ធ្វើចុះ ទានណាខាតខុសត្រូវឲ្យខាន
អារុក្ខអារក្ខកុំរាប់អាន ជាស្ថានទាបថោករកធ្វើអ្វី ។
សង្ខេបរឿងសូត្រធម៌ត្រូវខុស កូនចៅស្តាប់ចុះទាំងប្រុសស្រី
អ្នកប្រាជ្ញពួកចាស់និងពួកថ្មី គប្បីចូលចិត្តជឿពួកណា។
បើរឿងសូត្រធម៌អាថិបាលី គួរចូលប្រាជ្ញថ្មីខំសិក្សា
ប្រយោគប្រធានមានមាត្រា រាជការបានធីប្រឡងជាប់ ។
ប្រាជ្ញចាស់ជាន់មុនធ្វើបុណ្យទាន ធ្វើរានទេវតាដោយសារធ្លាប់
អ្នកឆោតល្ងង់ខ្លៅគ្នាខ្លាចងាប់ អាចារ្យបង្គប់គ្នាធ្វើទៅ ។
បើបែរជាខានមិនបានសុខ មិនបានធ្លាក់ចុះនរកជ្រៅ
បើធ្វើទេវតាមិនជ្រកនៅ ស្ថានគេសន្ធៅសន្ធឹងហោះ ។
ហេតុនេះគួរគិតគូររំពឹង ជញ្ជឹងកុំឲ្យសល់ចន្លោះ
ចាស់មុនមានគុណរាប់មិនអស់ មិនឲ្យចោលសោះក៏មិនបាន។
គួរគិតឲ្យសព្វគ្រប់អន្លើ គួរធ្វើរឺគួរបង្អង់ខាន
បើធ្វើមិនខាតបង់ប៉ុន្មាន បើខានក៏គ្មានទោសទាស់អ្វី។
ប៉ុន្តែមិនបាត់ពាក្យចាក់ដោត ដ្បិតមនុស្សច្រើនឆោតទាំងប្រុសស្រី
ពោលថាធ្វើបុណ្យតាមប្រាជ្ញថ្មី អាយុថយខ្លីជាងដូនតា ។
ពាក្យនេះសង្ខេបស្លេះមួយប៉ែក មានឈ្លោះប្រកែកច្រើនប្រការ
មិនចាំប្រាកដគម្ពីរណា ពោលថាទឹកដីនេះគ្មានគុណ ។
អ្នកប្រាជ្ញនាំឲ្យអ្នកខ្លៅឆ្ងល់ សាយសុសសួរដល់ពួកអ្នកមុន
អ្នកមួយរេរារង់រែកពុន មិនទាន់ចូលស៊ុនស៊ប់ម្ខាងៗ។
អ្នកក្រោយបណ្តោយសូរអ្នកមុន ថាដីមានគុណប៉ុន្មានយ៉ាង
សំគាល់គោលអ្វីជាតីតតាង មានរាងឃើញក្នុងគម្ពីរណា។
រុកម្ខាងថាអាងនគរកាយ បរមត្ថអធិប្បាយក្នុងសាស្រ្តា
ធាតុទឹកតួ ន អង្គអក្ខរា ជាគុណមាតាពីរដណ្តប់។
ធាតុទឹករំលឹកពីសេម្ហំ វកំ យកនំ រហូតចប់
ធាតុដី កេសា មសំ សព្វ បញ្ចប់ បិត្តំ គុណបិតា ។
អ្នកចេះបិដកឆ្លើយបីដង ថានោះជាកងពួកកេសា
ហៅធម៌អាច់នោមក៏ល្អើមល្អា អ្នកណារំលឹកគ្មានប្រយោជន៍។
អ្នកមួយថាភាវនាកុំឈប់ ជាទីអសុភផ្លូវអសោច
អសារឥតការស្លាប់ជាខ្មោច គេដុតឆេះខ្លោចគ្មានខ្លឹមសារ។
គួរគិតកុំស្តាយកុំស្រណោះ រូបរាងទាំងអស់ជាអនិច្ចា
អនិច្ចំមិនទៀងល្អៀងសង្ខារ សង្ឃឹមរូបានេះមិនបាន។
សរសៃរសាច់ស្បែកសង្គេគគ្រប់ ជាសាកអសុភកម្មដ្ឋាន
របស់ខាងក្នុងទាំងប៉ុន្មាន មុខជាមិនខានរលាយបាត់ ។
ទឹកដីខាងក្រៅក៏មានគុណ ព្រោះដីកើតមុនទើបកើតសត្វ
កើតសព្វរូបកាយអធិប្បាយកាត់ លើកឡាត់លះឃ្លាឲ្យយ៉ាងខ្លី។
គម្ពីរត្រៃវេទដើមសាសនា ត្រៃយុតត្រៃតាគ្រប់ជាបី
ព្រះពុទ្ធចេញសាងអាងទឹកដី សន្សំបារមីក្នុងភទ្ទកប្ប។
ភទ្ទកប្បនេះមានព្រះពុទ្ធ៥ បានរៀនចេះចាំជាសណ្តាប់
សំដែងថាចុះនរកមួយកប្ប លោកប្រាប់ថាជេរព្រោះទឹកដី។
អ្នកម្ខាងថាអាងរៀនសាស្រ្តា ប្រែអស់គាថាបទបាលី
ព្រះពុទ្ធទតគ្រប់ភពទាំងបី ត្រង់គុណទឹកដីមិនឃើញមាន។
កេសាអក្ខរាទាំង៥គូ មិនគួរបើយកមកសន្និដ្ឋាន
យើងចេះដឹងដែរតែមិនហ៊ាន ដូចពោលបំពានហួសពុទ្ធដិកា។
ពាក្យនេះអ្នកខ្លៅកើតសង្ស័យ សព្វថ្ងៃនៅក្នុងឧេក្ខា
មិនទាន់ដាច់សេ្រចទៅខាងណា មិនឃើញពិស្តារស្តាប់មិនបាន ។
ម្យ៉ាងទៀតប្រាជ្ញថ្មីស្តីដៀលត្មះ ចង្ហាន់ថ្វាយព្រះថាឲ្យខាន
ដ្បិតព្រះមិនឆាន់នៅពេញចាន របស់ប៉ុន្មានបានអាចារ្យ។
របៀបរាប់បាតមានកន្ទោង ១ឈេង២ឈោងហៅបាយដារ
បាយដាក់ហ្នឹងតើឲ្យអ្នកណា អសារឥតការឥតប្រយោជន៍។
ព្រះពុទ្ធមិនឆាន់មិនចេះស្តី យើងអាងបាលីឧទ្ទិសដល់
តម្លើងចង្ហាន់លើកតំកល់ សេសសល់ប្រគេននេនសាមណេរ
សមណៈបួសរៀនមានសីលដប់ ប្រសប់ប្រសើរគ្រាន់បើដែរ
បញ្ចូនមគ្គផលដល់ឪម៉ែ បង្វែរឧទ្ទិសតាមប្រាថ្នា។
អ្នករេគំនិតគិតគៃកាញ់ ចូលបទកំណាញ់ក្រៅតំរា
ទុកស៊ីមាត់ឯងឲ្យឆ្ងាញ់ពិសា ខ្លាចបានអាចារ្យស៊ីខាតទុន។
អ្នកម្ខាងថាអាងដាក់ឲ្យប្រេត ដោយហេតុគ្នាឃ្លានគ្នាហិនហោច
គ្នាស៊ីខ្ទុះឈាមក្លិនអសោច បិចបោចចែកទានគ្នាស៊ីផង។
ប្រេតត្រូវជាញាតិធម៌តិរោក គ្នាបានងើបមកព្រោះគេផ្សង
បានស៊ីដោយសារដារម្តងៗ បានដូចបំណងបំណាច់នឹក។
ចង្ហាន់ថ្វាយព្រះត្រូវបូជា អាចារ្យវន្ទាសូត្ររំលឹក
ព្រះពុទ្ធមានគុណមុនលោកភិក្ខុ៍ បាយទឹកជាទានមានមគ្គផល។
ម្យ៉ាងទៀតប្រាជ្ញថ្មីស្រដីផ្តាច់ ថាពូនភ្នំខ្សាច់មិនបានបុណ្យ
ជីកដីលៀនភ្នែករែកត្រុន ដឹងបានជាគុណប្រយោជន៍អ្វី ។
នាំគ្នាអុជធូបហែទក្សិណ អាចារ្យនោះឆ្អិនខាងបាលី
ហើយមានចេះធម៌បំបួសដី មិនដឹងជាដីឆ្លើយថាម្តេច។
អ្នកមួយថាពូនភ្នំខ្សាច់ស្អាង តំណាងចេតិយព្រះសរពេជ្ញ
ព្រះសាររីរឹកធាតុយើងមិនភ្លេច ដ្បិតបុណ្យយើងតិចទៅមិនដល់។
បើធ្វើដោយវាលកណ្តាលថ្ងៃ គង់ជាប់និស្ស័យបានកុសល
បើដើមពោធិ៍ពិតរឹតបានផល តំកល់ដើមពោធិ៍យកជាម្លប់។
ពូនភ្នំតំកើងពោធិព្រឹក្ស រលឹកដល់អង្គព្រះចមភព
ច្រក្តារ៤ផ្ទាំងបង្ខាំងផ្ទប់ កុំឲ្យកំពប់ហៀរហូរដី ។
បើចេះរំលឹកបានបុណ្យណាស់ ជឿចុះប្រាជ្ញចាស់កុំជឿថ្មី
ប្រាជ្ញចាស់ក៏ចេះប្រែបាលី បរលោកលោកិយក៏ចាស់ដឹង ។
ចាស់ម្យ៉ាងចាស់ពិតគំនិតពាល ចាក់ដោតរោលរាលនាំក្មេងខឹង
ចាស់ម្យ៉ាងផឹកស្រាក្លាស្រវឹង ចាស់ហ្នឹងហៅក្មេងក៏សឹងបាន។
ចាស់ជាន់ពីមុនច្រើនខ្លាចច្បាប់ ធ្វើតាមតំរាប់ចាស់បុរាណ
បុរីនគរធ្លាប់រាប់អាន តែខានខ្លាចខុសក្បួនតំរា។
ច្រើនជឿតំរាប់ក្បួនលោកិយ មានកូនប្រុសស្រីត្រូវរៀបការ
សំលាប់ជ្រូកមាន់ស៊ីហ៊ឺហា ផឹកស្រាលៀនភ្នែកជជែកឈ្លោះ
បណ្តោយឲ្យយកគ្នាទទេ មេបាធ្វើគេក្រែងមិនរស់
នាំកូនសែនខ្មោចអសោចឈ្មោះ ពីព្រោះមានប្តីមិនរៀបការ។
រៀបកិច្ចមង្គលមានច្រើនយ៉ាង ពួកចាស់ច្រើនអាងក្បួនតំរា
បើតាមតំរាយព្រះសូត្រថា មេបានាំកូនចុះនរក ។
បុត្តទារស្ស សង្គហោ ហីនោ គាមោ ធម៌អ្នកស្រុក
សង្រ្គោះកូនផុងទៅក្នុងភក់ ហ្នឹងហៅអាពុកពន្លិចកូន។
បើធ្វើមង្គលឲ្យរួចបាប រួចពៀរដរាបអស់តាដូន
មង្គលយ៉ាងល្អបរិសុទ្ធសូន្យ ប្រមូលបងប្អូនស៊ីម្លូស្លា។
ជ្រូកមាន់កុំបាច់សំលាប់ តៃសាកមានស្រាប់ទិញពីផ្សារ
ផ្សំកូនប្រុសស្រីតាមមេបា អាចារ្យប្រមូលអស់ចាស់ទុំ។
ប្រុសស្រីអង្គុយកាន់ពពិល បង្វិលប្រាំបួនដណ្តប់ជុំ
ធ្វើកិច្ចមង្គលក្នុងជំនុំ ផ្សំផ្គុំកូនប្រុសនិងកូនស្រី ។
ចាស់ៗធ្វើច្រើនធ្វើក្នុងឆោត ចង់ឲ្យគេកោតនាលោកីយ
យើងធ្វើយាងតិចត្រលេចខ្លី បានប្តីប្រពន្ធដូចៗគ្នា ។
ហៅកូនសង្រ្គោះម្តាយឪពុក រួចទោសរួចទុក្ខអស់មីងមា
អាពុកសង្រ្គោះគ្មានវេរា អាវាហ៍វិវាហមង្គល។
មិនគួរបង្គាប់ឲ្យកោរជុក ហេតុម្តាយអាពុកនាំរវល់
អាចារ្យតែងក្បួនឲ្យអំពល់ ពន្យល់អ្នកល្ងង់ឲ្យបង់ទ្រព្យ។
អ្នកខ្ជិលគេជឿសីលមាំមួន ពាក្យក្បួនតំរាគេមិនរាប់
គេថាមិនរស់ពីព្រោះធ្លាប់ មិនងាប់ពីព្រោះមិនធ្វើធ្មេញ ។
យ៉ាងដូចចិនយួននៅដាក់ផ្សារ ស្រុកស្រែចំការក្រុងភ្នំពេញ
កើតឡើងដុះសក់មិនកោរវិញ រវល់ដូរទិញអង្គុយលក់ ។
ប៉ុន្តែជាតិចិនល្មោភស៊ីសាច់ តមដាច់មិនដែលស៊ីប្រហ៊ក់
ខែ្មរៗប្រហែលខ្វះម្ទេសជ្រក់ ទូលស្រូវកន្ទក់ទៅដូរចិន ។
ហេតុតែជាខែ្មរសម្បុរខ្មៅ គំនិតគិតឆៅមិនសូវឆ្អិន
រកស៊ីមិនឆ្អែតជឿចែសិន អាចឹកវាកិនទារទាល់បាន ។
១កើតអស្សុជសំលាប់មាន់ ចំអិនគ្រប់គ្រាន់ដួសដាក់ចាន
រៀបសែនព្រះភូមិតាមបុរាណ ថាខានខុសក្បួនប្រពៃណី ។
ហ្នឹងហៅចាស់ឆោតនាំក្មេងព្រើល ហែកមាត់មាន់មើលចង្កាពីរ
អាដែងព្រះភូមិមានឈ្មោលញី ថាសែនរកស៊ីបានផលស្រូវ។
មានជូនដូនតាទៅស្រុកប្រេត បណ្តែតសំបានច្រានសំពៅ
សំពះអារក្ខជូរខាងឪ ខាងម៉ែក៏ត្រូវមិនសូវខុស។
ថ្វាយចេកថ្វាយស្រាជារង្វាន់ ខ្មោចចូលជិះជាន់រូបស្រីប្រុស
កូនចៅអើយជឿពុទ្ធដិកាចុះ រូបស្លាប់ពីព្រោះតែផលកម្ម។
រូបសុខដោយសារតែផលបុណ្យ កាលជាតិពីមុនខ្ជាប់សីល៥
ជាតិនេះអាយុអង្វែងឆ្នាំ កូនចៅអ្នកចាំជឿឲ្យជាក់។
ឲ្យពិចារណាចិត្តឯង ស្តាប់ធម៌ម្តងៗគួរឲ្យភ្ញាក់
កុំផ្ញើរូបកាយនឹងអារក្ខ ក្រែងធ្លាក់ទៅក្នុងចតុរាបាយ។
បើចង់អាយុវែងយឺនយូរ គោរពគុណគ្រូអាពុកម្តាយ
បើចង់រកស៊ីសុខសប្បាយ ផ្ញើកាយនឹងគុណរតនត្រៃ។
នមស្ការបង្គំពេលល្ងាចព្រឹក ភាវនារំលឹករាល់យប់ថ្ងៃ
កុំថាធម៌ណាថោកណាថ្លៃ សង្ស័យត្រូវសួររាជបណ្ឌិត។
កុំឲ្យមន្ទិលធម៌ថ្មីចាស់ មួយធម៌ក្រដាសមួយធម៌ស្លឹករិត
រាជការជំនុំរួមគំនិត រិះគិតតំកើងព្រះសាសនា។
តំកល់សីលប្រាំសីលប្រាំបី ឲ្យមនុស្សប្រុសស្រីរួមរក្សា
ផ្ទាត់ផ្ទៀងខ្លាចល្អៀងព្រះពុទ្ធដីកា ពិនិត្យអក្ខរាយកត្រឹមត្រូវ។
ជំនុំបោះពុម្ពដាក់ក្រដាស ជាការរហ័សធ្វើសៀវភៅ
ឲ្យមានសូត្ររៀនច្រើនតទៅ ទុកនៅជាកេរ្តិ៍អង្វែងឆ្ងាយ។
សព្វថ្ងៃអ្នកខ្លៅស្អប់អ្នកប្រាជ្ញ ពោលខ្លាំងគិតខ្លាចលឺសុសសាយ
ថាធម៌សៀវភៅធម៌ក្លែងក្លាយ អធិប្បាយខ្សឹបៗតែគ្នាឯង។
ឲ្យស្ងៀមពីថ្ងៃនេះតទៅ ឯធម៌សៀវភៅផែនដីតែង
មិនមានអ្នកប្រាជ្ញណាហ៊ានក្លែង ខ្លាចក្រែងរាជការចាប់ដាក់គុក។
គម្ពីរស្លឹករឹតជាគំរូ តំកល់ក្នុងទូចាក់សោទុក
គម្ពីរសៀវភៅប្រើគ្រប់មុខ ទំនុកបំរុងក្នុងសាសនា។
ចាស់ៗជាន់មុនមានគំនិត គម្ពីរស្លឹករឹតជួលគេចារ
ពុំនោះជាវគេដោយជ្រះថ្លា ច្រើនមានប្រាជ្ញាតិចអ្នកចេះ។
សង្ខេបបទបែបរឿងប្រដៅ ទូន្មានអ្នកខ្លៅឈប់ទុកស្លេះ
សុំកើតអ្នកប្រាជ្ញមានតំរិះ កុំតិះដៀលត្មះចាស់ជាន់មុន។
កុំថាចាស់ល្ងិតល្ងង់ល្ងីល្ងើ ក្រែងពារទៅលើអ្នកមានគុណ
កុំពោលថាចាស់ថយថោកធុន ក្រែងស៊ុនទៅលើគ្រូអាត្មា។
ដ្បិតសិស្សនិងគ្រូមិនអ្នកក្រៅ ជាក្មួយជាចៅជាជីតា
ជាសាច់ខាងមាតារឺបិតា ជាកម្មវាចាខ្លះជាបង។
ខ្លះត្រូវជាធំខ្លះត្រូវជាមា ជាគ្រូឧជ្ឈាយ៍បំបួសផង
ប្រដៅសព្វថ្ងៃវាយម្តងៗ ព្រោះលោកបំណងចង់ឲ្យចេះ
ដល់ខ្លួនរៀនចាំជាក់បាលី ឡើងពាក្យសំដីអាងតំរិះ
តំរូវខាងណោះខុសខាងណេះ ដៀលតិះថាគ្រូខ្លួនឯងល្ងង់។
លោកគ្រូមិនដឹងប្រឹងតែអរ ខំផ្ញើអង្ករបាវការុង
ស្ករក្អមស្ករស្រាក់លាក់មិនគង់ ចង់ផ្ញើពូជពង្សល្បីកេរ្តិ៍ឈ្មោះ។
ខ្លួនចេះបន្តិចកំប៉ិចឡើង ចចើងចចេសជជែកឈ្លោះ
ចេះកប់ពពកយកកំពស់ បន្តុះបន្ទន់គុណទាបទៅ។
បើចិត្តចង់ធំកុំចចើង គួរលើកតំកើងគុណទុកនៅ
ទោសនោះធ្លាក់ចុះនរកជ្រៅ ម្នៅៗឲ្យបាបពីព្រោះមាត់។
ព្រោះមាននិទានពុទ្ធឃោសា អាងចេះសាស្រ្តាគម្ពីរស្ទាត់
ថាចេះលើសគ្រូៗបំភ្លាត់ បំប្លេងកំចាត់ឲ្យទណ្ឌកម្ម។
ប្រដូចនិទានតែប៉ុណ្ណេះ អស់លោកក៏ចេះបានរៀនចាំ
ផ្តួចផ្តើមមួយឃ្លាជាពាក្យផ្តាំ ដូចមានចំណាំចំណោទជួន។
ទំនុកបុរាណមានប្រាជ្ញា ចេះចែងបញ្ហាសាស្រ្តាក្បួន
ទុកឲ្យអ្នកក្រោយដោះសំនួន បើគិតឲ្យមួនគួរមានភ័យ។
ចំណោទថាសត្វបរោខោ អង្គុយមែកឈើស៊ីផ្លែជ្រៃ
បុរសខុសជ្រុលគ្មានលក់ព្នៃ បង់គោក្របីទាំងមេកូន។
បុរសម្នាក់ទៀតឡើងដើមឈើ បេះផ្លែខាងលើចែកបងប្អូន
ស៊ីឆ្អែតបន្តិចភ្លេចគល់សូន្យ បុរសម្នាក់បានកូនភ្លេចគុណម្តាយ។
ចំណោទទីបីចំណែកនេះ គួររិះឲ្យជិតកុំគិតឆ្ងាយ
កុំឆ្ងល់និងពាក្យពោលអធិប្បាយ ប្រឹងគិតដោះស្រាយប្រាជ្ញាស្រាប់។
និយាយដើមគ្រូដោយកំបាំង មានខ្សឹបមានខ្លាំងពោលបង្អាប់
បង្អើលឲ្យអ្នកដទៃស្តាប់ បង្អន់ដូចកាប់គាស់ឫគល់។
ស៊ីផ្លែឆ្ងាញ់ផ្អែមតាមទុំខ្ចី ឫលិចក្នុងដីមើលមិនយល់
មិនយកដីចាក់កប់គុណទល់ អំពល់ឲ្យបាបអំពីមាត់។
ពីមុនកាលកើតមានរូបកាយ អ្នកម្តាយចិញ្ចឹមបានធំធាត់
នាំយកទៅទុកឲ្យនៅវត្ត រៀនចេះចាំស្ទាត់បំភ្លាត់គុណ។
ភ្លេចគោក្របីទាំងមេកូន សាបសូន្យកុសលដែលមានមុន
សាងក្រោយសាងឲ្យតែខាតទុន ពីព្រោះបាបស៊ុនស៊យពីចិត្ត។
ពិចារណាគួរតែកោតខ្លាច ខ្លួនបានជាប្រាជ្ញព្រោះគ្រូប្រិត
ប្រឹងប្រៀនប្រដៅច្បាប់ក្រមក្រិត្យ អាណិតដល់គុណធ្ងន់អនេក។
អនាគតកាលទៅមុខ ចូរចាំចងទុកដល់ស្អែកៗ
កុំស្អប់ចាស់ថ្មីស្តីដោយឡែក មើលចែកចាត់ចិត្តថ្លឹងឲ្យស្មើ។
ធ្វើបុណ្យដោយស្មោះកុំរើស្ម័គ្រ បាលីបីថ្នាក់ចាំហើយតើ
មនោសេដ្ឋំចិត្តប្រសើរ ប្រសប់គ្រាន់បើធ្វើបុណ្យបាន។
ប្រាជ្ញថ្មីធ្វើតិចធ្វើតាមចុះ កុំថាគេខុសហើយឈប់ខាន
ប្រាជ្ញចាស់ច្រើនធ្វើតាមបុរាណ ច្រើនលើសប៉ុន្មានបានដោយបទ។
កុំធ្វើដោយរាប់អានស្រលាញ់ ទុកជាកំណាញ់ហួសកំណត់
កំណើតមគ្គផលជឿប្រាកដ សន្មតថាបានច្រើនប្រការ។
កុំធ្វើប្រកាន់ដោយយល់មុខ ហៅបុគ្គលិកទានគ្មានផលា
តាំងចិត្តចុះផ្លូវឧេក្ខា រក្សារូបសុខដល់សួគ៌នាយ
សួគ៌នេះបើចង់ឲ្យឆាប់ដល់ សាងមគ្គសាងផលកុំរាយមាយ
ឃើញគេខុសចិត្តកុំមើលងាយ កុំពោលនិយាយកាន់ម្ខាងៗ។
អ្នកប្រាជ្ញចេះថ្មីត្រូវដោយឡែក ចំណែកប្រាជ្ញចាស់ត្រូវដោយយ៉ាង
កាន់យកទាំងពីរជាទីអាង សន្សំខំសាងនឹងបានសុខ។
ពីថ្ងៃនេះទៅនៅឲ្យនឹង ស្ងៀមមាត់ឲ្យឈឹងខ្លាចនរក
ពីព្រោះឈ្លោះគ្នារៀងរាល់ស្រុក បឹងថ្លុកត្រពាំងរាំងប្រេះដី។
មិនឈ្លោះពីរឿងកេររឿងកោះ រឺទ្រព្យរបស់គោក្របី
នេះឈ្លោះពីធម៌ចាស់ធម៌ថ្មី ក្តៅចិត្តកើតក្តីរកចាញ់ឈ្នះ។
បើក្តីពីស្រែពីចំការ ចៅក្រមសាលាងាយជំរះ
នេះក្តីពីធម៌ថ្មីធម៌ចាស់ នោះក្រែងតែព្រះទើបកាត់បាន។
ចៅក្រមសព្វថ្ងៃឧាសក ចេះខ្ទេចបិដកព្រះកម្មដ្ឋាន
កាត់ក្តីត្រូវច្បាប់អំបាលម៉ាន អ្នកក្តីមិនខានប្តឹងឧទ្ទរណ។
អាដែងមនុស្សម្នះរឹងចចេស បានតែនិរទេសក្រៅនគរ
តែទុកវានៅវានាំវរ ជំហរតែរឹងទទឹងច្បាប់។
សង្ខេបបែបបទរឿងប្រដៅ អ្នកល្ងិតល្ងង់ខ្លៅគួរតែស្តាប់
អ្នកចេះសូត្រធម៌មិនស្តាប់ស័ព្ទ គួរត្រាប់អ្នកប្រាជ្ញចេះបាលី
ធ្វើបុណ្យធ្វើទានកុំចោលចាស់ ចោលចេញទុកខ្លះក្បួនលោកិយ
សូត្ររៀនតាមបែបអ្នកប្រាជ្ញថ្មី កុំបីភ្លេចគុណចាស់បុរាណ
ធម៌អាថិច្រលំកុំច្រលោត ពាក្យពោលចាក់ដោតឲ្យឈប់ខាន
រួមចិត្តសះសាបានសុខសាន្ត នឹងឲ្យរុងរឿងរីកសាសនា។
កុំឲ្យរៀវរោយរឹតរងកម្ម រាំងរឹងរាល់ឆ្នាំ៥វស្សា
វស្សន្តរដូវត្រូវមនុស្សថា រំជួលទេវតាក្តៅក្រហាយ
មនុស្សភូតកុហកឆក់ឆរបោក ឆ្នាំនេះស្រូវថោករាស្រ្តអត់បាយ
ក្រលុយក្រកាក់ខ្វះប្រាក់ចាយ មហាជនទាំងឡាយកើតវេទនា
ភិរម្យខ្ញុំបាទដើមឈ្មោះអ៊ូ ពូជពង្សអំបូរខែ្មរអ្នកជា
អាពុកឈ្មោះ អ៊ុក មានសក្តិងារ ចៅពញាធម្មធារាមេស្រុក
ក្នុងខេត្តភ្នំពេញ ឃុំកំបូល ពូជពង្សត្រកូលម្ចាស់អង្គប៉ុក
ជីតាខាងម្តាយឈ្មោះពញាម៉ុក គាត់ធ្វើមេស្រុកឃុំស្ពានថ្ម
អ្នកម្តាយអាពុកបងប្អូនជិត ជីទួតមួយពិតពូជចិត្តល្អ
ដូនតាផ្សំផ្គុំជាតំណ បង្កកើតមកជាខ្ញុំបាទ
ពូជខាងអាពុកមានប្រាជ្ញា ច្រើនចេះសាស្រ្តាចាំក្បួនខ្នាត
ត្រកូលខាងម្តាយប្រាជ្ញាឆ្លាត រូបរាងច្រើនស្អាតគ្មានគស្អប់ ។
ខ្ញុំលឺមនុស្សឈ្លោះពីធម៌អាថិ គិតក្រែងសាសនាប្រែត្រលប់
ខ្ញុំចាប់អធិប្បាយពុំសាយសព្វ សន្មតថាចប់ម្ល៉េះឯងហោង។


Public domain
This work is in the public domain in countries where the copyright term is the author's life plus 70 years or less. See Copyright.