ប្រជុំរឿងព្រេងខ្មែរ/ភាគទី៩/31
ព្រេងទាក់ទងនឹងពិធីបណ្ដែតព្រះទីប សំពះព្រះខែ និងអកអំបុក
ជាទំនៀមរៀងមក អ្នកស្រុកក្នុងប្រទេសកម្ពុជាទាំងមូល តែងធ្វើពិធីបណ្ដែតប្រទីប នៅវេលារាត្រីថ្ងៃបវារណាចេញវស្សា (បុរិបវស្សា) គឺនៅថ្ងៃពេញបូណ៌មីខែអស្សុជ រាល់ឆ្នាំ ប៉ុន្តែ នៅរាជធានីភ្នំពេញ ព្រះរាជាតែងប្រារព្ធធ្វើពិធីនេះ រួមជាមួយនឹងពិធីអុំទូក សំពះព្រះខែ និងអកអំបុក1 ដែលរាប់បញ្ចូលក្នុងពិធីទ្វាទសមាសមួយសម្រាប់រដ្ឋ ។ គឺធ្វើនៅថ្ងៃ ១៤-១៥ កើត និង ១ រោច ខែកត្តិក រាល់ឆ្នាំ ដូចដែលយើងបានដឹងមកស្រាប់2 ។ ពិធីបុណ្យប្រពៃណីទាំងឡាយ ដែលគេប្រារព្ធធ្វើនៅក្នុងស្រុកនីមួយៗ សុទ្ធសឹងមានហេតុផលទាក់ទងនឹងរឿងដំណាល ។ ព្រោះពិធីបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នេះ ក៏មានរឿងតំណាលពីបុរាណកាលមកដែរ ដូចតទៅ ៖
រឿងបណ្ដែតប្រទីប
[edit]ក្នុងកាលពីព្រេងនាយ នាខាងដើមនៃភទ្ទកប្បយើងនេះ មានសត្វក្អែកសញីឈ្មោល បានកាច់សំបុកពងនៅនឹងឈើមួយដើម ដែលដុះនៅឆ្នេរសមុទ្រ ហើយបានបញ្ចេញពងតាមធម្មតាជាតិជាសត្វនោះចំនួន ៥ ។ ថ្ងៃមួយ ជាទេសកាលបណ្ដាលឲ្យមានភ្លៀងព្យុះបោកបក់ កួចយកសំបុកបក្សី ព្រមទាំងពង ឲ្យធ្លាក់ចុះទៅក្នុងទឹកកំពុងហូរ ។
លុះពេលល្ងាច ក្អែកញីឈ្មោលហើរត្រឡប់មកពីររកចំណីអាហារវិញ ស្រាប់តែបាត់សំបុកព្រមទាំងពង ហើយឃើញស្នាមបាក់រប៉ាត់រប៉ាយ អាចឲ្យយល់បានថា "ពិតជាការអន្តរាយបណ្ដាលអំពីខ្យល់ព្យុះ" ។ ប៉ុន្តែក្អែកសញីឈ្មោលនោះ នៅមិនអស់ចិត្ត ចេះតែសញ្ជប់សញ្ជឹងគិតក្រែងដូច្នេះដូច្នោះ ក៏វិយោគបោកប្រាណព្រោះស្ដាយស្រណោះពង ទាល់តែស្លាប់ទាំងគូទៅ ហើយទៅកើតជាព្រះឥន្ទ្រាធិរាជ នៅនាត្រៃត្រិង្សសួគ៌ទេវលោក ។
និយាយអំពីពងក្អែកទាំង ៥ ដែលធ្លាក់ទៅក្នុងទឹក ហើយត្រូវខ្សែទឹកហូរនាំយកទៅនោះ ក៏ទៅធ្លាក់នៅក្នុងកណ្ដាប់ដៃនៃសត្វមាន់ ស្ដេចនាគ អណ្ដើក គោ និង ខ្លា ដែលបានរើសយកមួយៗ ម្នាក់យកទៅបីបាច់ថែរក្សា នៅទីអាស្រ័យរៀងៗ ខ្លួន ។ ពងនោះ លុះដល់កំណើតពេលនឹងញាស់ហើយ ស្រាប់តែកើតកូនចេញមក សុទ្ធតែជាមនុស្សប្រុសទាំង ៥ ។ ឯសត្វជាអាណាព្យាបាល ឃើញសេចក្ដីអស្ចារ្យពេក ក៏ខំថែរក្សាចិញ្ចឹមដោយយកចិត្តទុកដាក់ជាទីបំផុត ។
លុះទារកទាំង ៥ នោះ មានវ័យវឌ្ឍនាការធំឡើង ក៏មានចិត្តគិតឃើញរៀងខ្លួនថា "ខ្លួនអញជាមនុស្សសោះ ចុះហេតុអ្វីបានជាមាតាបិតាសុទ្ធតែជាជាតិតិរច្ឆានដូច្នេះ ! ។ គិតសព្វគ្រប់ហើយ ទើបរកមធ្យោបាយរៀងៗ ខ្លួន លាបិតាមាតាចិញ្ចឹមទីទៃៗ របស់ខ្លួន ដើម្បីដើរស្វែងរករៀនសិល្បវិជ្ជា សន្សំកុសលកសាងពុទ្ធភូមិ រៀងៗ ខ្លួន ។ សត្វជាអាណាព្យាបាលទាំង ៥ មានបណ្ដាំតែមួយដូចគ្នាថា "បើកូនចេញទៅធ្វើការកសាងពុទ្ធភូមិ បានសម្រេចនៅថ្ងៃណា វេលាណា យើងសូមផ្ញើឈ្មោះរបស់យើង ឲ្យនៅជាប់នឹងឈ្មោះអ្នកផង !” ។
ព្រោះហេតុនោះឯង បានជាក្នុងភទ្ទកប្បយើងនេះ មានព្រះពុទ្ធ ៥ ព្រះអង្គ ទ្រង់ព្រះនាមថា "កកុសន្ធោ (មាន់), កោនាគបនោ (នាគ), កស្សបោ (អណ្ដើក), គោកមោ (គោ), សិរីអារ្យមេត្តេយ្យោ (ខ្លា) ដែលបានត្រាស់តាមលំដាប់បងប្អូន និងបារមី ហើយយកនាមសត្វទាំង ៥ ដែលជាអ្នកចិញ្ចឹម មកប្រកបភ្ជាប់នឹងព្រះនាមព្រះអង្គ តាមបណ្ដាំក្នុងរឿងតំណាលដូចពោលហើយនេះ ។
មាណពទាំង ៥ កាលចេញចាកឋានមាតាបិតាចិញ្ចឹមរៀងខ្លួនមក ក៏បានមកជួបគ្នាទាំង ៥ នាក់ នៅកន្លែងមួយ លុះសាកសួរគ្នាទៅ ឃើញថាមានគំនិតព្រមទាំងហេតុភេទដូចគ្នា ក៏សុំគ្នាធ្វើជាបងប្អូនរួមរស់ជាមួយគ្នារហូតទៅ ។
ថ្ងៃមួយ នៅវេលាដែលមាណពទាំង ៥ កំពុងតែជជែកគ្នារកមាតាបិតាដើមនោះ ព្រះឥន្ទព្រមទាំងអគ្គមហេសីដែលជាមាតាបិតាដើម ក៏និម្មិតខ្លួនជាក្អែកសញីឈ្មោល ហើរមកទំលើមែកឈើជិតនោះ ហើយសាសព្ទប្រាប់មាណពទាំង ៥ ឲ្យបានជឿប្រាកដថា "ខ្លួននេះឯងហើយ ជាមាតាបិតាដើម" ។ មាណពទាំង ៥ ក៏លុតជង្គង់ថ្វាយបង្គំចំពោះបុព្វបុរសទាំងពីរ ថ្លែងសេចក្ដីស្ដាយចំពោះការមិនបានទៅនៅបម្រើឪពុកម្ដាយនោះ ព្រោះក្អែកសទាំងគូ មិនអនុញ្ញាតឲ្យទៅនៅជាមួយទេ គ្រាន់តែផ្ដាំថា "បើកូនរាល់គ្នា រលឹកអាល័យយើងណាស់ ហើយចង់បូជាអ្វីដល់យើងទាំងពីរនាក់, ចូរកូនគូសខ្វែងជើងក្អែកនៅគ្រប់វត្ថុដែលជាសំណែននោះ ហើយឧទ្ទិសឲ្យយើងទៅ, អំពើនេះ មុខជានឹងបានផ្សាយផលដល់យើងមិនខានឡើយ" ថាតែប៉ុណ្ណេះ ក៏អន្តរធានបាត់ទៅ ។
មាណពទាំង ៥ បានចាំបណ្ដាំហើយ ក៏នាំគ្នាទៅរករៀនសិល្បវិជ្ជា បួសជាតាបស ចម្រើនព្រ័តក្នុងព្រៃ, ខាងក្រោយមក ក៏នាំគ្នាធ្វើបុណ្យសុន្ទរ៍ទានរំលឹកគុណ តាមបណ្ដាំនោះ ជាដរាប ព្រមទាំងគូសខ្វែងជើងក្អែកនៅលើវត្ថុជាសំណែន, សែនរួចបណ្ដែតតាមខ្សែទឹកហូរទៅ ដើម្បីបូជាក្អែកសញីឈ្មោល រហូតជាប់ជាទំនៀមមកដល់សព្វថ្ងៃនេះ ។
ប៉ុន្តែ តាមមតិអ្នកស្រុកខ្លះសំអាងថា "គេធ្វើពិធីបណ្ដែតប្រទីបនេះ ដើម្បីឧទ្ទិសបូជាដល់ស្នាមព្រះពុទ្ធបាទ និង ព្រះចង្កូមកែវ ដែលប្រតិស្ថាននៅនាពិភពនាគ3 ។
រួមសេចក្ដីទៅ ឃើញថា ទោះបីអាចារ្យដែលពោលថា "ការធ្វើពិធីនេះ ដើម្បីឧទ្ទិសបូជា ដល់ស្នាមព្រះពុទ្ធបាទក្ដី ដល់ព្រះចង្កូមកែវក្ដី ដល់ក្អែកសញីឈ្មោលក្ដី បូជាដល់ព្រះចូឡាមណីចេតិយក្ដី" ក៏សុទ្ធសឹងតែមានហេតុផលល្អចំពោះពុទ្ធសាសនា ដូចគ្នា គឺមានសេចក្ដីស្របគ្នាច្រើន មិនមានជាទំនាស់ប៉ុន្មានទេ ។ ឯគម្ពីររតនសង្គ្រោះក្ដី សាស្ត្រាក្អែកសក្ដី, គម្ពីរពុទ្ធវង្សក្ដី ពុំមានបង្គាប់ថា "ឲ្យធ្វើបុណ្យយ៉ាងនេះ ឬយ៉ាងនោះ" ឡើយ ប៉ុន្តែ អាស្រ័យរឿងរ៉ាវទាំងនេះ បុរាណាចារ្យ ចេះតែផ្សំថែមធ្វើមក រហូតទាល់តែជាប់ជាទំនៀមទម្លាប់ដល់សព្វថ្ងៃ ។
រឿងសំពះព្រះខែ - អកអំបុក4
[edit]មានដំណាលថា ក្នុងកាលពីព្រេងនាយ កាលព្រះពុទ្ធបរមគ្រូនៃយើងទាំងឡាយត្រាច់រង្គាត់អន្ទោលជាតិ ក្នុងវាលវដ្ដសង្សារ នៅឡើយនោះ, ក្នុងជាតិមួយ ព្រះអង្គទ្រង់យោនយកកំណើតជាសត្វទន្សាយ ។ នៅរាល់ថ្ងៃពេញបូណ៌មី ទន្សាយពោធិសត្វ តែងសមាទានរក្សាឧបោសថសីល ដោយឧទ្ទិសជីវិតព្រះអង្គជាទានបរមត្ថបារមី ដើម្បីបំពេញជាព្រះពោធិសម្ភារ ឲ្យបានត្រាស់ដឹងជាព្រះពុទ្ធ ។ នៅថ្ងៃពេញបូណ៌មីមួយ ព្រះឥន្ទទ្រង់ជ្រាប ក៏កាឡាខ្លួនជាព្រាហ្មណ៍ចាស់ មកសុំសាច់ព្រះអង្គជាអាហារ ។ ព្រះពោធិសត្វ សុខចិត្តបូជាជីវិត ដើម្បីឲ្យសាច់ដល់ព្រាហ្មណ៍ចាស់ ប៉ុន្តែព្រាហ្មណ៍ចាស់ទូលព្រះអង្គថា "ខ្លួនគាត់ កាន់សីលមកយូរហើយ មិនអាចនឹងសម្លាប់សត្វបានទេ", ទើបទន្សាយពោធិសត្វបង្គាប់ឲ្យព្រាហ្មណ៍បង្កាត់ភ្លើងឡើង រួចក៏លោតចូលសម្លាប់ខ្លួន ដើម្បីឲ្យបានសាច់ដល់ព្រាហ្មណ៍បរិភោគ ។ ប៉ុន្តែមុននឹងលោតចូលទៅក្នុងភ្នក់ភ្លើងនោះ ព្រះអង្គទ្រង់អធិដ្ឋានថា សុំឲ្យព្រះឆាយាលក្ខណ៍នៃព្រះអង្គ ទៅប្រតិស្ឋានផ្ដិតជាប់នៅនឹងមណ្ឌលព្រះចន្ទ រហូតលុះទីបំផុតកប្ប ដោយអានុភាពនៃទានបរមត្ថបារមីនោះ ។
អាស្រ័យរឿងនេះ ទើបបានជារូបភាពទន្សាយ មានប្រាកដនឹងមណ្ឌលព្រះចន្ទ ដូចដែលយើងមើលឃើញសព្វថ្ងៃនេះ ។
លុះចំណេរមកខាងក្រោយ បណ្ដាជននាំគ្នារំលឹកកំណើតទន្សាយពោធិសត្វនេះ ទើបធ្វើពិធីបុណ្យ ដែលហៅថា "អកអំបុក -សំពះព្រះខែ" គឺសំពះព្រះឆាយាលក្ខណ៍ព្រះពោធិសត្វនោះឯង ដោយនាំគ្នាជ្រើសរើសចំណីណាជាទីគាប់ចិត្ត តម្រូវនឹងអធ្យាស្រ័យនៃសត្វទន្សាយ មាន "ចេក អំបុក ដំឡូង ដូង ត្រាវ" ជាដើម យកមកឧទ្ទិសថ្វាយផង ជាហូរហែ ជាប់ជាទំនៀមទម្លាប់មក រហូតដល់សព្វថ្ងៃ ។
អ្នកស្រុក បានជាប្រារព្ធធ្វើពិធីសំពះព្រះខែ - អកអំបុក នៅថ្ងៃពេញបូណ៌មីខែកត្តិកនេះ ព្រោះជាពេលដំណាច់វស្សានកាលផង ជាពេលសម្បូរដោយ ចេក អំបុក អំពៅ ត្រាវ ដំឡូងផង ។