Jump to content

ប្រជុំរឿងព្រេងខ្មែរ/ភាគទី៩/27

From Wikisource
111857ប្រជុំរឿងព្រេងខ្មែរ, ភាគទី៩ព្រេង​ទាក់ទង​នឹង​ទំនៀម​ពូន​ភ្នំ​ស្រូវ1895?


ព្រេង​ទាក់ទង​នឹង​ទំនៀម​ពូន​ភ្នំ​ស្រូវ



ពិធី​ពូន​ភ្នំ​ស្រូវ គេ​ច្រើន​ធ្វើ​នៅ​ខែ​មាឃ-ផល្គុន ឬ ដើម​ខែ​ចែត្រ គឺ​នៅ​ពេល​ផុត​រដូវ​ច្រូត​កាត់ ។ អ្នក​ស្រុក នាំ​គ្នា​ធ្វើ​ពិធី​នេះ​ឡើង ដើម្បី​ផ្គត់​ផ្គង់​គ្រឿង​បម្រុង​ចតុប្បច្ច័យ​សម្រាប់​ព្រះ​សង្ឃ គឺ​គេ​នាំ​គ្នា​ចំណាយ​ផល​ដែល​ធ្វើ​បាន​នោះ ម្នាក់​បន្តិច​ៗ ប្រមូល​គ្នា​យក​ទី​វេរ​ចំពោះ​ព្រះ​សង្ឃ ។

ពិធី​ពូន​ភ្នំ​ស្រូវ​នេះ គេ​ច្រើន​តែ​និយម​ធ្វើ​នៅ​ក្នុង​វត្ត ខាង​មុខ​ព្រះ​វិហារ ។ ពេល​ខ្លះ គេ​ធ្វើ ៣ ថ្ងៃ, ពេល​ខ្លះ​ធ្វើ ៧ ថ្ងៃ តាម​កាលៈទេសៈ និង​សទ្ធា​ជ្រះ​ថ្លា​របស់​អ្នក​ស្រុក ។ កាល​ណា​ចប់​ហើយ អាចារ្យ​ជា​អធិបតី ក្នុង​កិច្ចការ​វត្ត ក៏​ចាប់​ឲ្យ​ឧបាសក-សិកា​នាំ​គ្នា​ដឹក​ជញ្ជូន​ស្រូវ ដែល​ពូន​ជា​ភ្នំ​នោះ យក​ទៅ​ដាក់​ឃ្លាំង​វត្ត ។ បុណ្យ​ពូន​ភ្នំ​ស្រូវ​នេះ ចាប់​តាំង​ពី​ថ្ងៃ ១ រោច ខែ​ចែត្រ​ទៅ មិន​ដែល​ឃើញ​មាន​ធ្វើ​ទេ ។

មាន​សាស្ត្រា​ល្បែង "ស្លឹក​រឹត" មួយ និយាយ​អំពី​នាង​នក់ និង កឡុក​បណ្ឌិត្យ ដែល​ទាក់​ទង​នឹង​ពិធី​ពូន​ភ្នំ​ស្រូវ មាន​សេចក្ដី​សង្ខេប​ដូច​តទៅ ៖

កាល​ដែល​កន្លង​ទៅ​ហើយ មាន​បុរស​ម្នាក់​ឈ្មោះ​កឡុក​បណ្ឌិត និង​ស្ត្រី​ម្នាក់​ឈ្មោះ​នាង​នក់ នៅ​ក្នុង​ភូមិ​ជា​មួយ​គ្នា ។ កាល​នៅ​វ័យ​ក្មេង​នៅ​ឡើយ អ្នក​ទាំង​ពីរ​នាក់​នេះ តែង​លេង​ជា​មួយ​គ្នា​ជា​ធម្មតា ។ ថ្ងៃ​មួយ អ្នក​ទាំង​ពីរ​នាក់ ក៏​នឹក​ភ្នក​និយាយ​អំពី​អនាគត និង​បំណង​របស់​ខ្លួន ។

កឡុក​បណ្ឌិត​និយាយ​ថា "នែ​នាង​នក់ ! អញ បើ​នឹង​យក​ប្រពន្ធ​ទាល់​តែ​ស្រី​នោះ ចេះ​គោរព​អញ តាម​ករណី​កិច្ច​ជា​ភរិយា ហើយ​បើ​កាល​ណា​អញ​ទៅ​ងូត​ទឹក​កំពង់, ស្រី​នោះ ត្រូវ​កាន់​សំពត់​ងូត​តាម​ទៅ​ឲ្យ​អញ​ដល់​កំពង់ ទើប​អញ​យក​ធ្វើ​ជា​ប្រពន្ធ" ។

នាង​នក់ ក៏​ឆ្លើយ​តប​ទៅ​វិញ​ថា "បង​អើយ ! ខ្ញុំ​ក៏​មាន​ចិត្ត​គិត​ដូច​បង​ដែរ, បើ​បុរស​ណា​កាន់​សំពត់​ងូត​ខ្ញុំ​ទៅ​ដល់​កំពង់​ទឹក ហើយ​បម្រើ​ខ្ញុំ​គ្រប់​បែប​យ៉ាង ទើប​ខ្ញុំ​យក​ធ្វើ​ជា​ប្ដី" ។

រំលង​ពី​នោះ​បន្តិច​មក កឡុក​បណ្ឌិត ក៏​ដល់​អាយុ​ចូល​បួស​ក្នុង​ព្រះ​ពុទ្ធ​សាសនា ។ លុះ​ចាក​សិក្ខា​បទ​មក​វិញ នាង​នក់​នោះ ក៏​មិន​ទាន់​មាន​ប្ដី, ម្ដាយ​ឪពុក​កឡុក​បណ្ឌិត ក៏​ទៅ​ស្ដី​ដណ្ដឹង​នាង​មក​ធ្វើ​ជា​ប្រពន្ធ​កូន​ខ្លួន ឲ្យ​បាន​នៅ​រួម​សុខ​ទុក្ខ​ជា​មួយ​គ្នា​តទៅ ។ កឡុក​បណ្ឌិត ស្រឡាញ់​ថ្នម​ប្រពន្ធ​ណាស់ មិន​ដែល​ឲ្យ​សៅហ្មង​អ្វី​ឡើយ ។ នាង​នក់ ក៏​បម្រើ​ប្ដី​តាម​ករណី​កិច្ច​របស់​ខ្លួន​ដែរ ។

ថ្ងៃ​មួយ ប្ដី​ប្រពន្ធ​នាំ​គ្នា​ទៅ​ងូត​ទឹក ។ នាង​នក់​នឹក​ឃើញ​ពាក្យ​ដែល​ខ្លួន​បាន​និយាយ​លេង​នឹង​គ្នា​កាល​ពី​ក្មេង លុះ​ងូត​រួច ក៏​ឡើង​ត្រឡប់​ទៅ​ផ្ទះ​មិន​ប្ដី ធ្វើ​ជា​ភ្លេច​ក្រមា ។ កឡុក​បណ្ឌិត ឃើញ​ប្រពន្ធ​ភ្លេច​ក្រមា​ងូត​ទឹក ខំ​ស្រែក​ប្រាប់ ។ នាង​នក់​ប្រាប់​ទៅ​វិញ​ថា "បង​កាន់​យក​មក​ឲ្យ​ខ្ញុំ​ផង !” ។ កឡុក​បណ្ឌិត ក៏​កាន់​យក​ក្រមា​ងូត​ទឹក​របស់​ប្រពន្ធ​ទៅ​ផ្ទះ ។ ទៅ​ដល់​ផ្ទះ​ហើយ នាង​នក​រៀប​បាយ​ទឹក​ជូន​ប្ដី​បរិភោគ​រួច​ស្រេច, ពេល​ចូល​ដំណេក សំណេះ​សំណាល​ពី​នេះ​ពី​នោះ នាង​នក ក៏​និយាយ​ចំអន់​ប្ដី​លេង​ថា "នែ​បង ! បង​ភ្លេច​ហើយ​ឬ​នៅ ? កាល​យើង​នៅ​ពី​ក្មេង​ទាំង​អស់​គ្នា ខ្ញុំ​បាន​និយាយ​នឹង​បង​ថា "បើ​ខ្ញុំ​យក​ប្ដី ទាល់​តែ​ប្ដី​នោះ​បម្រើ ហើយ​កាន់​ក្រមា​ងូត​ទឹក​ឲ្យ​ខ្ញុំ ទើប​ខ្ញុំ​យក​ជា​ប្ដី ឥឡូវ​នេះ ខ្ញុំ​បាន​ប្ដី​កាន់​ក្រមា​ងូត​ទឹក​ឲ្យ​មែន សម​តាម​បំណង​របស់​ខ្ញុំ​ហើយ" ។ កឡុក​បណ្ឌិត ស្ដាប់​ប្រពន្ធ​និយាយ​ដូច្នោះ នឹក​ឃើញ​រឿង​ដើម ក៏​កើត​សេចក្ដី​ខ្មាស​អៀន​នឹង​ពាក្យ​ប្រពន្ធ នឹក​ក្នុង​ចិត្ត​ថា "មិន​គួរ​ចាញ់​ប្រៀប​មនុស្ស​ស្រី​សោះ" ។ ហើយ​ក៏​ឈប់​និយាយ​លេង​តទៅ​ទៀត ។ ប្រពន្ធ​មិន​ដឹង​ជា​ប្ដី​អន់​ចិត្ត​នឹង​សម្ដី​ខ្លួន ក៏​និទ្រា​លក់​ទៅ ។ កឡុក​បណ្ឌិត ក៏​លប​លួច​យក​សំពៅ​មួយ ធ្វើ​ដំណើរ​រត់​ចេញ​ទាំង​យប់ ។ លុះ​ព្រឹក​ឡើង ទៅ​ដល់​នគរ​មួយ ដែល​មាន​ស្ដេច​សោយ​រាជ្យ​មាន​នាម​ថា "ស្ដេច​បំផ្លាញ​ឈ្មួញ" ។ លុះ​ដឹង​ថា​មាន​សំពៅ​មួយ​មក​ចត​នៅ​តំបន់​ខ្លួន ស្ដេច​នោះ​ត្រេក​អរ​ណាស់ ទើប​ប្រើ​សេនា​រៀប​ភោជនាហារ ជប់លៀង​កឡុក​បណ្ឌិត​ជា​នាយ​សំពៅ ដោយ​ចាត់​ឲ្យ​មាន​មនុស្ស​បម្រើ​ពុំ​មាន​ខ្ចោះ ។ ទ្រង់​សំណេះ​សំណាល​រាក់​ទាក់​នឹង​នាយ​សំពៅ ហើយ​ឃាត់​ឲ្យ​នាយ​សំពៅ​នៅ​កម្សាន្ត​បាន​ពីរ-បី​ថ្ងៃ​សិន ។ នៅ​ពេល​ដែល​កឡុក​បណ្ឌិត​កំពុង​តែ​បរិភោគ​អាហារ ស្ដេច​បំផ្លាញ​ឈ្មួញ​នោះ ក៏​ចាត់​បម្រើ​ឲ្យ​យក​អណ្ដើក​មាស​មួយ​ទៅ​លាក់​ក្នុង​សំពៅ ។

ពីរ​បី​ថ្ងៃ​ក្រោយ​មក កឡុក​បណ្ឌិត ក៏​ឡើង​ទៅ​ក្រាប​បង្គំ​លា​ស្ដេច​ចេញ​ដំណើរ​ទៅ​ទៀត ។ ស្ដេច​នោះ ស្រាប់​តែ​ចោទ​ប្រកាន់​កឡុក​បណ្ឌិត​ថា "នែ​មាណព ! យើង​រាប់​អាន​ស្រឡាញ់​ឯង ឃាត់​ឯង​ឲ្យ​នៅ​កម្សាន្ត​បាន​ពីរ​បី​ថ្ងៃ មិន​គួរ​ឯង​មាន​គំនិត​អាក្រក់ មក​លួច​ទ្រព្យ​សម្បត្តិ​ដែល​ជា​កេរ​មត៌ក​យើង​ទៅ​សោះ !” ។ ឯង​ចេញ​ទៅ​មិន​ទាន់​បាន​ទេ ចាំ​យើង​រើ​រក​មើល​ទ្រព្យ​យើង​សិន !” ។ កឡុក​បណ្ឌិត មិន​ដឹង​កល​ស្ដេច​បំផ្លាញ​ឈ្មួញ ក៏​ទូល​តប​ថា "សូម​ចាត់​បម្រើ​ឲ្យ​រើ​មើល​ចុះ បើ​ឃើញ​ទ្រព្យ​អ្វី​ជា​របស់​ព្រះ​អង្គ​ពិត​ប្រាកដ ខ្ញុំ​ព្រះ​អង្គ សូម​នៅ​ជា​រាជ​បម្រើ ហើយ​ប្រគល់​ទាំង​សំពៅ និង​ឥវ៉ាន់ ដែល​ផ្ទុក​ក្នុង​នោះ​ទាំង​ប៉ុន្មាន ថ្វាយ​ព្រះ​អង្គ​ទៀត ។

ស្ដេច​បំផ្លាញ​ឈ្មួញ ក៏​ចាត់​បម្រើ​ឲ្យ​រើ​ភ្លាម លុះ​ឃើញ​អណ្ដើក​មាស​ហើយ ក៏​រឹប​អូស​យក​សំពៅ ព្រម​របស់​ទ្រព្យ រួច​ដាក់​កឡុក​បណ្ឌិត​ជា​បម្រើ តាម​កិច្ច​សន្យា ។

ថ្លែង​ពី​នាង​នក ព្រឹក​ឡើង រក​ប្ដី​មិន​ឃើញ ក៏​ឆា​ឡោ ចាត់​បម្រើ​ឲ្យ​ដើរ​រក ។ លុះ​ដឹង​ថា​បាត់​សំពៅ​មួយ ទើប​នាង​យល់​ជាក់​ថា ប្ដី​ច្បាស់​ជា​រត់​ចោល​នាង​ហើយ ព្រោះ​តែ​ពាក្យ​សំដី​ដែល​នាង​និយាយ​ចំអន់​លេង​ពី​ល្ងាច​នោះ ។ នាង​នក់ ក៏​រៀប​ចំ​ឥវ៉ាន់​ដាក់​សំពៅ ធ្វើ​ដំណើរ​ចេញ​ទៅ​តាម​ប្ដី ដោយ​រក​ទាំង​សារិកា​ដែល​នាង​ចិញ្ចឹម​ទៅ​ផង ។ លុះ​ទៅ​ដល់​នគរ​ស្ដេច​បំផ្លាញ​ឈ្មួញ នាង​ក្រឡេក​ទៅ​ឃើញ​ស្គាល់​ជា​សំពៅ​ប្ដី​នាង ទើប​នាង​ខំ​គន់​រក​មើល​ប្ដី តែ​មិន​ឃើញ​សោះ ព្រោះ​គេ​ចាត់​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ទី​ដទៃ​ឆ្ងាយ ។ នាង​ក៏​សំចត​នៅ​ទី​នោះ​សិន ចាំ​ស៊ើប​ការណ៍​មើល ។ ឯ​ស្ដេច​ទុច្ចរិត កាល​ឃើញ​សំពៅ​ពោរ​ពេញ​ទៅ​ដោយ​ទំនិញ​ផ្សេង​ៗ មក​ដល់​ទៀត នឹក​អរ ក៏​ធ្វើ​ល្បិច​ដូច​មុន ។ លុះ​ដល់​នាង និង​បរិវារ​ចេញ​ទៅ​ទទួល​ការ​ជប់​លៀង​របស់​ស្ដេច ពួក​រាជ​បម្រើ ក៏​យក​អណ្ដើក​មាស​ទៅ​លាក់​ដូច​មុន​ទៀត ។ ប៉ុន្តែ សារិកា​ដែល​ទំ​នៅ​លើ​ដង​ក្ដោង​ខ្ពស់ បាន​ឃើញ​ការ​ពុំ​គួរ​ទាំង​អស់ ។ លុះ​ម្ចាស់​វិល​មក​វិញ វា​ក៏​ប្រាប់​តាម​ដំណើរ​ដែល​ឃើញ ។ នាង ក៏​ចាត់​បម្រើ​ឲ្យ​យក​អណ្ដើក​ទៅ​ចង​ពន្លិច​ក្នុង​ទឹក​ភ្លាម ។ នៅ​យូរ​ថ្ងៃ​គន់​មើល​ប្ដី​មិន​ឃើញ នាង​ក៏​ឡើង​ទៅ​លា​ស្ដេច ដើម្បី​ចេញ​ដំណើរ​ទៅ​ទៀត ។ ស្ដេច​បំផ្លាញ​ឈ្មួញ ក៏​តាង​ចោទ​នាង​ដូច​លើក​មុន​ទៀត ។ នាង​នក់​សន្យា​នឹង​ស្ដេច​ថា បើ​កាល​ណា​រក​ទៅ​ឃើញ​ឥវ៉ាន់​របស់​ស្ដេច​នៅ​ក្នុង​សំពៅ​នាង នាង​សុខ​ចិត្ត​ថ្វាយ​ជីវិត និង​សំពៅ ព្រម​ទាំង​របស់​ដែល​ផ្ទុក​ក្នុង​សំពៅ ។ ជា​ភ័ព្វ​ល្អ​ដល់​នាង ស្ដេច​នោះ​ក៏​ធ្លោយ​ព្រះ​ឱស្ឋ​ប្ដេជ្ញា​នឹង​នាង​ថា បើ​កាល​ណា​រក​ទៅ​មិន​ឃើញ​របស់​ទ្រព្យ​អ្វី​នៅ​ក្នុង​សំពៅ​នាង​ទេ ស្ដេច​សុខ​ចិត្ត​ផ្ទេរ​រាជ​សម្បត្តិ និង​ខ្ញុំ​កំដរ​ទាំង​អស់​ឲ្យ​នាង ។ និយាយ​ខខិត​នឹង​គ្នា​រួច​ហើយ ស្ដេច​ក៏​ចាត់​បម្រើ​ឲ្យ​ចុះ ក្នុង​សំពៅ​ភ្លាម តែ​ពុំ​ឃើញ​អណ្ដើក​មាស​នោះ​សោះ ទើប​សុខ​ចិត្ត​ផ្ទេរ​រាជ្យ​តាម​ពាក្យ​ប្ដេជ្ញា ។ នាង​នក់​មិន​ព្រម​ទទួល​រាជ្យ​នោះ​ទេ នាង​សុំ​យក​តែ​សំពៅ ៥ ដែល​ផ្ទុក​ដោយ​ទំនិញ​ពេញ និង​សុំ​រើស​អ្នក​បម្រើ​ម្នាក់ ។ ខណៈ​នោះ ស្ដេច​ក៏​សុខ​ចិត្ត​ធ្វើ​តាម ហើយ​ក៏​ទ្រង់​បង្គាប់​ឲ្យ​ប្រជុំ​ខ្ញុំ​កំដរ ដែល​ចាត់​ទៅ​ទាំង​ជិត​ឆ្ងាយ ឲ្យ​ចូល​មក​ដើម្បី​នាង​រើស ។ ពេល​នោះ នាង​ក៏​បាន​ឃើញ​ប្ដី​ស្លៀក​ពាក់​អាវ​កណ្ដោច​កណ្ដាច​ស្ទើរ​តែ​មើល​មិន​ស្គាល់ ទើប​នាង​ទូល​ស្ដេច​ថា "សុំ​យក​មនុស្ស​បម្រើ​ម្នាក់ គឺ កឡុក​បណ្ឌិត នេះ​ឯង", ហើយ​ទើប​ចាត់​ឲ្យ​ជញ្ជូន​ឥវ៉ាន់​ដាក់​ពេញ​សំពៅ​ទាំង ៥ ។ នាយ​កឡុក​បណ្ឌិត លុះ​ឃើញ​ប្រពន្ធ​មក​តាម​ជួយ​ខ្លួន​ឲ្យ​រួច​អំពី​ទុក្ខ​ទោស ត្រេក​អរ​ពន់​ពេក ក៏​សុំ​ឲ្យ​នៅ​លេង​ទី​នោះ​មួយ​យប់​ទៀត ។

និយាយ​ពី​ស្ដេច​ទុច្ចរិត លុះ​ធ្វើ​ការ​មិន​បាន​សម្រេច​ដូច​បំណង កើត​ក្ដៅ​ក្រហាយ មិន​អស់​ចិត្ត ក៏​ហៅ​បរិវារ​ដែល​យក​អណ្ដើក​មាស​ទៅ​លាក់​មក​សួរ​បញ្ជាក់ ។ បរិវារ​បង្គំ​ទូល​ថា កាល​ដែល​ខ្ញុំ​ព្រះ​អង្គ​យក​ទៅ​លាក់ គ្មាន​ឃើញ​អ្នក​ណា​ទេ ឃើញ​តែ​សត្វ​សារិកា​មួយ​ទំ​លើ​ដង​ក្ដោង ។ ឮ​តែ​ប៉ុណ្ណោះ ស្ដេច​ពាល​ក៏​យល់​ការណ៍ ទើប​បង្គាប់​ឲ្យ​ទៅ​បញ្ឆោត​ចាប់​សារិកា​នោះ​មក​សម្លាប់​ចោល ។ ពួក​បរិវារ ក៏​ទៅ​ចាប់​បាន​សារិកា​យក​មក​ថ្វាយ​ស្ដេច ៗ បញ្ជា​ឲ្យ​ដក​រោម​ម្ដង​មួយ​ៗ រួច​សឹម​ឲ្យ​វា​សម្លាប់ ។ បរិវារ​អ្នក​សម្លាប់​សារិកា​នោះ ប្រុង​នឹង​ប្រឡាក់​អាំង​ស៊ី តែ​ភ្លេច​យក​អំបិល​មក ក៏​ទុក​សារិកា​នោះ​នៅ​កន្លែង​មួយ ហើយ​រត់​ទៅ​យក​អំបិល​មក សារិកា​នោះ​មិន​ទាន់​ស្លាប់​ទេ គ្រាន់​តែ​សន្លប់ លុះ​ភ្ញាក់​ស្មារតី​ដឹង​ខ្លួន​ឡើង ក៏​ខំ​លោត​ចូល​ទៅ​ពួន​ក្នុង​រន្ធ​គល់​ឈើ​មួយ​នៅ​ក្បែរ​នោះ ។ បរិវារ​ដែល​រត់​ទៅ​យក​អំបិល លុះ​ត្រឡប់​មក​វិញ រក​សារិកា​មិន​ឃើញ​ក៏​ហី​ទៅ ។

រី​ឯ​កឡុក​បណ្ឌិត និង​នាង​នក់ លុះ​រៀប​ចំ​ដំណើរ​ចេញ​ទៅ រក​សារិកា​មិន​ឃើញ ក៏​ប្រើ​បម្រើ​ឲ្យ​ដើរ​រក តែ​មិន​ឃើញ​ទៀត ទើប​ចាត់​ការ​ចេញ​សំពៅ​ទៅ ។

ចំណែក​ឯ​សត្វ​សារិកា ដែល​ពួន​នៅ​ក្នុង​រូង​ឈើ​នោះ លុះ​យប់​ស្ងាត់ ឃើញ​ស្ដេច​កណ្ដុរ​ស​មួយ​ចេញ​ដើរ​រក​អាហារ ក៏​សាក​សួរ​គ្នា ហើយ​សុំ​ឲ្យ​កណ្ដុរ​ស​ជួយ​កាយ​រូង​មួយ សម្រាប់​នៅ​បណ្ដោះ​អាសន្ន ទម្រាំ​ដុះ​រោម​ពេញ នឹង​បាន​សង​គុណ​ឲ្យ​គាប់​ចិត្ត ។ ស្ដេច​កណ្ដុរ​ស ក៏​ព្រម ។ មួយ​ខែ​កន្លង​មក សារិកា ក៏​ដុះ​រោម​ពេញ​ដូច​ដើម ហើយ​គិត​រក​មធ្យោបាយ​សង​គុណ​គេ​វិញ,​ទើប​និយាយ​ទៅ​កាន់​ស្ដេច​កណ្ដុរ​ស​ថា " សូម​លោក​ជួយ​កាយ​រូង​មួយ​ទៅ​ដល់​វត្ត ហើយ​ធ្វើ​រន្ធ​បង្ហុយ​ចេញ​តាម​ព្រះ​ឱស្ឋ​ព្រះ​ជីវ៍​ធំ​ក្នុង​ព្រះ​វិហារ ឲ្យ​មាន​ប្រឡោះ​ល្មម​បញ្ចេញ​សំឡេង​បាន ។ ស្ដេច​កណ្ដុរ​ស ក៏​ទទួល​ធ្វើ​តាម ។ លុះ​ធ្វើ​ស្រេច​ហើយ សារិកា ក៏​ចូល​ទៅ​នៅ​សម្ងំ​ចាំ លុះ​ឃើញ​សាមណេរ​មួយ​អង្គ​ចូល​ទៅ​ទន្ទេញ​ធម៌​នៅ​ក្នុង​ព្រះ​វិហារ​នោះ វា​ក៏​បញ្ចេញ​សំឡេង​ក្លែង​ធ្វើ​ជា​ព្រះ​ចេះ​និយាយ​ថា

“នែ ! សាមណេរ ! នៅ​ទន្ទេញ​ធម៌​ដល់​ណា​ទៀត ! ម្ដេច​មិន​ទៅ​ប្រាប់​អាចារ្យ​ឲ្យ​ប្រមូល​គ្នា​មក​ធ្វើ​បុណ្យ​ភ្នំ​ស្រូវ ទាន់​អញ​តថាគត​នៅ" ។

សាមណេរ​ឮ​ដូច្នោះ ភ័យ​ណាស់ រត់​ទៅ​ពិត​លោក​គ្រូ​ចៅ​អធិការ ៗ​មក​មើល លុះ​ឮ​ពាក្យ​ដដែល​មែន ក៏​ចេញ​ទៅ​ទូង​ស្គរ ហៅ​អ្នក​ស្រុក​ឲ្យ​ប្រជុំ​គ្នា​ធ្វើ​បុណ្យ​ភ្នំ​ស្រូវ​កំណត់ ៧ ថ្ងៃ ។ អ្នក​ស្រុក នាំ​គ្នា​រែក​ស្រូវ​នំ​នែក​ផ្លែ​ឈើ​ផ្សេង​ៗ ទៅ​ចាក់​គរ​ធារ​ក្នុង​ព្រះ​វិហារ ហើយ​ធ្វើ​ពិធី​បុណ្យ​តាម​លំនាំ​សាសនា យ៉ាង​អ៊ឹកធឹក ។ សត្វ​សារិកា បាន​ឱកាស​ហើយ ក៏​ទៅ​ប្រាប់​ស្ដេច​កណ្ដុរ​ស​ថា "ចូរ​លោក​នាំ​គ្នា​ទៅ​ជញ្ជូន​គ្រឿង​សម្រាប់​បរិភោគ​នោះ មក​ទុក​ដាក់​បម្រុង​ជា​ស្បៀង​ចុះ, ខ្ញុំ​សុំ​លា​លោក​ទៅ​រក​ម្ចាស់​ខ្ញុំ​ហើយ !” ។

ក្រោយ​ពី​នោះ​មក តែ​ដល់​ថ្ងៃ​ខួប​នោះ អ្នក​ស្រុក ក៏​ចេះ​តែ​នាំ​គ្នា​ធ្វើ​បុណ្យ​ភ្នំ​ស្រូវ ជាប់​ជា​ទំនៀម​រហូត​មក ។