ប្រជុំរឿងព្រេងខ្មែរ/ភាគទី៧/7
រឿង ក្អែកស្រុកបង្រៀនក្អែកព្រៃ
ក្នុងកាលអតីតកប្បខាំងកំបាំងស្ងាត់យូរអង្វែងណាស់ទៅហើយ មានក្អែកពីរគឺ: មួយក្អែកស្រុកសម្បុរស មួយទៀតក្អែកព្រៃសម្បុរខ្មៅ ។ ក្អែកស្រុកនេះវាចេះស៊ីចំណីអាហារគ្រប់យ៉ាង វារស់តែដោយសារលួចឆក់ចំណីអាហាររបស់អ្នកស្រុកស៊ីរាល់ថ្ងៃ ។ មនុស្សណាទុកចំណីអាហារមិនប្រយ័ត្ន វាលួចឆក់ពាំទៅស៊ីមួយរំពេច ។
ថ្ងៃមួយ ក្អែកស្រុកហើររកស៊ីតាមធម្មតា បានជួបនឹងក្អែកព្រៃ ហើយវាសួរថា “បងក្អែកព្រៃឯងរកស៊ីតាមរបៀបណាសព្វថ្ងៃ ? ” ។ ក្អែកព្រៃឆ្លើយថា “ ខ្ញុំសព្វថ្ងៃរកស៊ីតាមសម្មាអាជីវៈ មិនលួចឆក់របស់គេយកមកចិញ្ចឹមខ្លួនទេ បងក្អែកស្រុកឯងរកស៊ីតាមរបៀបណាដែរ?” ។ ក្អែកស្រុកឆ្លើយថា “ រកស៊ីតាមរបៀបបងឯងនោះ ស៊ីមិនទាន់មាត់ទេ រកស៊ីតាមរបៀបខ្ញុំទើបប្រសើរ ហើយងាយផង ” ។ ក្អែកព្រៃសួរថា “តើរកស៊ីរបៀបដូចម្ដេច? ” ។ ក្អែកស្រុកឆ្លើយថា “ នៅពេលព្រឹក មើលតែមនុស្សម្នា គេហាលត្រីទុកដោយធ្វេសប្រហែស ភ្លេចត្រចៀកឬគេដើរទៅណេះ ទៅនោះអស់ ខ្ញុំបោះពួយភ្លែតទៅឆក់យកមកភ្លាម ហើយហើរទៅស៊ីលើចុងឈើឯណោះធ្វើព្រងើយ”។ ក្អែកព្រៃថា “ អូ ! អីចឹង, ខ្ញុំមិនដែលរកស៊ីទេ របៀបហ្នឹង, បងឯងប្រយ័ត្ន ដូចពាក្យចាស់ថា “ លួចគេវាគ្រាន់, ប្រយ័ត្នគេទាន់វាក្រែលណា៎ ” ក្អែកស្រុកថា “ មើ ! បងក្អែកព្រៃឯងទៅលជាមួយខ្ញុំម្ដងមើ ! តើវាគ្រាន់ ឬ វាក្រែល ? ” ។ ថាហើយក៏នាំគ្នាហើរសំដៅទៅរកភូមិដែលមានមនុស្សនៅអាស្រ័យ ទៅដល់ពាក់កណ្ដាលផ្លូវ បានឃើញអ្នកដំណើរម្នាក់ដាក់រទេះដាំបាយ ហើយអាំងត្រីមួយដំបុតយ៉ាងឈ្ងុយ, គាត់ដាំបាយបណ្ដើរ អាំងត្រីបណ្ដើរ ចូរទៅកាប់ឧសក្នុងព្រៃ ក្បែរ ៗ នោះបណ្ដើរនៅក្បាលជួតដោយក្រមា ១ ផង ។ ក្អែកស្រុកប្រាប់ក្អែកព្រៃថា “បងឯងចាំធ្វើតាមបង្គាប់ខ្ញុំ, ខ្ញុំឆក់យកឈ្នួតក្បាលគាត់ កាលណាគាត់ដេញតាមខ្ញុំ បងក្អែកព្រៃឯង ចូរទៅឆក់យកត្រីអាំងរបស់គាត់នោះភ្លាមទៅ ! ” ។ ក្អែកទាំងពីរជំនុំគ្នារួចហើយ ក្អែកស្រុកបោះពួយសំដៅទៅឆក់យកឈ្នួតក្បាលតានោះបាន ហើយហើរយ៉ាងលឿន ។ តានោះក៏ខំរត់ដេញបង្អើលយកឈ្នួតក្បាលវិញ ។ ឯក្អែកព្រៃឃើញតាដេញដណ្ដើមយកឈ្នួតក្បាលពីក្អែកស្រុក ក៏ស្ទុះភ្លែតទៅយកត្រីអាំង ហើយហើរទៅទំលើចុងឈើធ្វើព្រងើយ ។ ក្អែកស្រុកឃើញក្អែកព្រៃឆក់ត្រីអាំងបានហើយ ក៏ទម្លាក់ឈ្នួតក្បាលឲ្យតានោះវិញ ។ តាបានឈ្នួតក្បាលក៏ត្រឡប់មកកន្លែងរទេះរបស់គាត់ រកមើលត្រីអាំងមិនឃើញ ងាករកចុះឡើងមិនឃើញសោះក៏ក្រឡេកទៅលើចុងឈើ ទើបឃើញក្អែកទាំងពីរកំពុងចែកត្រីអាំងគ្នាស៊ីយ៉ាងហ៊ឺហា, តាក្ដៅចិត្តណាស់ ប៉ុន្តែមិនដឹងធ្វើម្ដេចកើត ។
ចាប់ពីថ្ងៃនោះមក ក្អែកព្រៃក៏ចេះរកស៊ីលួចឆក់ដូចក្អែកស្រុករហូតមកដល់សព្វថ្ងៃនេះ ។