Jump to content

ប្រជុំរឿងព្រេងខ្មែរ/ភាគទី៦/10

From Wikisource
111890ប្រជុំរឿងព្រេងខ្មែរ, ភាគទី៦រឿងភូមិស្ដីបិទមាស1895?


រឿង ភូមិស្ដីបិទមាស




នៅក្នុងឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានភូមិមួយ ឈ្មោះភូមិស្ដីបិទមាស តាំងនៅតាមមាត់ស្ទឹង, បានជាមាននាមថា ភូមិស្ដីបិទមាស ដោយមានរឿងព្រេងដំណាលថា ៖


កាលកន្លងជាយូរអង្វែងឆ្នាំមកហើយ មានមេធ្នស់មួយគ្រួ គឺប្ដីប្រពន្ធ និង កូនក្រមុំមួយ មានរូបស្រស់ឆើតឆាយ, សំចតនៅព្រែក ធ្វើនេសាទនៅក្បែរខ្ទមអ្នកតាដើមស្ដី ។ ការនេសាទ របស់មេធ្នោះនេះ ចេះតែចម្រើនរៀងរាល់ឆ្នាំ រហូតទាល់តែបានក្លាយទៅជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ដោយរបរនេសាទរបស់ខ្លួន ។


តំបន់នោះ ជាតំបន់មានមូសច្រើនជាអនេក, ថ្ងៃមួយ នៅពេលទៀបពេលយប់មេធ្នស់ បានជួបជុំនឹងគ្រួសារខ្លួនផង និង កូនឈ្នួលខ្លួនផង ក៏និយាយទៅកាន់កូនឈ្នួលជាពាក្យលេងថា : ក្នុងបណ្ដាអ្នកទាំងអស់គ្នា មានអ្នកណាអាចហ៊ានដេកហាលមូស ១ យប់ទេ ។ ពេលនោះ មានកូនឈ្នួលកំលោះម្នាក់ ប្រកបដោយរូបឆោម និង ប្រាជ្ញាឈ្លាសវៃ បានឆ្លើយទទួលខ្លួនថា : "ខ្ញុំហ៊ាន" បើខ្ញុំដេកហាលមូស ១ យប់បាន តើលោកដង្ខៅឲ្យអ្វីខ្ញុំ ។ មេធ្នស់ បែបអន់ចិត្ត ក៏និយាយតបទៅវិញថា : អាចោលម្សៀត ឯងចេះតែអួត គេនិយាយសួរឯណានោះក៏ឯងរ៉ាប់រងដែរ ។ កូនឈ្នួលកំលោះនោះក៏និយាយតបវិញថា : "បើខ្ញុំអួតនោះ សុំឲ្យដង្ខៅភ្នាល់ជាមួយខ្ញុំទៅ ហ៊ានដាក់អ្វីក៏ហ៊ានដែរ" ។ ដង្ខៅ រឹតតែខឹង និយាយថា "អញដាក់របស់ទ្រព្យដែលអញមានទាំងអស់ អញចុះចេញតែខ្លួនទេ ឲ្យតែឯងហ៊ានឲ្យអញចងឯង ទុកហាលមូសអស់ ១ យប់ទល់ភ្លឺ, ចុះបើឯងពុំហ៊ាន ឬ ទ្រាំមិនបានវិញ តើឯងសុខចិត្តនៅបម្រើអញអស់មួយជីវិតឬ ? កូនឈ្នួលឆ្លើយថា ខ្ញុំសុខចិត្តធ្វើ, តែបើដង្ខៅសុខចិត្ត ត្រូវឲ្យកូនក្រមុំដង្ខៅមកខ្ញុំទៀតផង កាលបើខ្ញុំឈ្នះ ។ ដង្ខៅ ថា អញសុខចិត្ត, មិនខ្លាចទេ, បើដូច្នេះ ត្រូវពពួកកម្មករទាំងអស់ ចាប់វាចងភ្លាមឲ្យជាប់នឹងដើមស្ដី ក្រោយខ្ទមអ្នកតានេះចុះ អញសុខចិត្តហើយ, អញចង់ឈ្នះអានេះម្ដង, កម្មករទាំងអស់គ្នាត្រូវធ្វើបន្ទាល់អញផង ។


កូនឈ្នួលនោះ ក៏សុខចិត្តឲ្យគេចងនឹងដើមស្ដី ។ ដល់គេទាំងអស់គ្នា ត្រឡប់មកលំនៅវិញ កូនឈ្នួលកំលោះនោះ ក៏បន់ស្រន់អ្នកតា ដែលនៅទីនោះថា "សូមឲ្យលោកតាជួយខ្ញុំផង ខ្ញុំបានជាជ្រុលភ្នាល់ជាមួយដង្ខៅធ្នស់ទៅហើយ សូមកុំឲ្យមានមូសខាំខ្ញុំឲ្យសោះ សូមឲ្យខ្ញុំបានរស់ជីវិត ហើយឲ្យបានកូនក្រមុំមេធ្នស់ និង មានទ្រព្យសម្បត្តិ, បើបានដូចប្រាថ្នាមែន ខ្ញុំសន្យាថា នឹងទិញមាសមកបិទដើមស្ដីនេះ តាំងពីគល់រហូតដល់ចុង ហើយធ្វើខ្ទមគ្រឿងឈើប្រក់ក្បឿងថ្វាយលោកអ្នកតាទៀតផង" ។


ចំណែកមេធ្នស់ នឹកថា ៖ អាកូនឈ្នួល ដែលវាហ៊ានឲ្យចងវាហាលមូសនេះ មុខជានឹងស្លាប់ដោយមូសខាំ ដោយសោះឈាមមិនខាន ។ តែបើវាទ្រាំមិនបាន វាហៅឲ្យស្រាយពាក់កណ្ដាលអាធ្រាត្រនោះ វាមុខជានៅធ្វើខ្ញុំបម្រើអញអស់មួយជីវិតមិនខាន ។


នៅពេលយប់នោះ អ្នកតាដើមស្ដី លេងបៀចាញ់អ្នកតាឯទៀត យកមូសទៅសងគេអស់, មូសដែលធ្លាប់តែមាន ដូចជាគេបាចអង្កាម ក្លាយទៅជាស្ងាត់ឈឹង ឥតសេសសល់បន្តិចបន្តួចឡើយ ហើយឈ្នួលនេះទៀត ក៏គ្មានមូសខាំបន្តិចសោះដែរ ដោយហេតុតែវាមាននិស្ស័យ ត្រូវជាគូព្រេងជាមួយកូនក្រមុំមេធ្នស់ ហើយត្រូវវាឡើងធ្វើជាអ្នកមានផង ។


លុះភ្លឺឡើង ដង្ខៅធ្នស់ និង កូនឈ្នួលឯទៀតនឹកថា "អាកូនឈ្នួលដែលចងនៅដើមស្ដីនោះ វាស្លាប់ស្រេចទៅហើយ" ក៏បបួលគ្នាដើរទៅមើល ស្រាប់តែឃើញអានោះ សើចដាក់ដង្ខៅ និង កូនឈ្នួលឯទៀតទៅវិញ ។ ពេលនោះ អ្នកឃើញទាំងប៉ុន្មានក៏កោតស្ញប់ស្ញែង ខ្លាចអំណាចកូនឈ្នួលនោះគ្រប់គ្នា ។ ដង្ខៅ នឹកអស់សង្ឃឹម និយាយនឹងកូនឈ្នួលឯទៀតថា : កិច្ចសន្យាដែលអញបាននិយាយគ្នាពីល្ងាចនោះ ឥឡូវនេះ ទុកជាកូនឈ្នួលនេះឈ្នះអញហើយ ត្រូវអញលើកទ្រព្យសម្បត្តិ និង កូនក្រមុំអញផ្សំផ្គុំឲ្យវា" ។


ក្នុងថ្ងៃដដែលនោះ មេធ្នស់ ឲ្យកាប់ជ្រូក មាន់ ទា ធ្វើម្ហូបអាហាររៀបការកូនឈ្នួល និង កូនក្រមុំរបស់ខ្លួន រួចប្រគល់ទ្រព្យសម្បត្តិ និង មុខរបរដង្ខៅធ្នស់ ឲ្យកូនប្រុស-ស្រីកាន់កាប់តទៅ ។ ដង្ខៅនោះ ក៏នាំប្រពន្ធចុះចេញទៅនៅលំនៅដើមវិញ ។


ដង្ខៅធ្នស់ថ្មី (ប្ដីប្រពន្ធ) និយាយគ្នាថា : "យើងត្រូវឲ្យគេទិញមាសសន្លឹកមកបិទដើមស្ដី ហើយធ្វើខ្ទមឲ្យអ្នកតា តាមដែលបងបានបន់ស្រន់បួងសួង" ។ លុះធ្វើស្រេចហើយ អ្នកតាទីនោះ ក៏មានឫទ្ធានុភាពពូកែ ហើយមិនត្រឹមតែមេធ្នស់ប៉ុណ្ណោះទេ ដែលគោរព ទោះបីអ្នកស្រុក ឬអ្នកដំណើរនានាតាមដងស្ទឹង ក៏គោរពអ្នកតានោះ យកជាទីពឹងពំនាក់ដែរ ។ អ្នកតានោះក៏មានឈ្មោះថា "អ្នកតាដើមស្ដីបិទមាស" តាំងពីត្រឹមនោះមក ។ តែសម័យឥឡូវនេះ ដើមស្ដីនោះ ងាប់បាត់ទៅហើយ, ឯខ្ទម ដែលមេធ្នស់ធ្វើនោះ ក៏ពុកបាក់បែកបាត់ទៅហើយដែរ, នៅសល់តែកន្លែងដើមស្ដី និង ខ្ទមអ្នកតាប្រក់ស្បូវប៉ុណ្ណោះ ។ ព្រោះហេតុដូចរៀបរាប់នេះ បានជាភូមិនៅតាមមាត់ស្ទឹង ក្បែរខ្ទមអ្នកតាទាំងអស់ បានជាប់ឈ្មោះថា : "ភូមិដើមស្ដីបិទមាស" ហៅក្លាយមកត្រឹមតែ "ភូមិស្ដីបិទមាស, ជាប់រហូតមកដល់សព្វថ្ងៃនេះឯង ។