Jump to content

ប្រជុំរឿងព្រេងខ្មែរ/ភាគទី៥/19

From Wikisource

រឿង ក្រពើ​ឈ្មោះ​អាធន​


(នៅ​ស្រុក​សម្បូរ ខេត្ត​ក្រចេះ)




សម័យ​ទីក្រុង​តាំង​នៅ​ឧត្ដុង្គ នៅ​ស្រុក​សម្បូរ ខេត្ត​ក្រចេះ មាន​ចៅ​អធិការ​វត្ត​មួយ​អង្គ ជា​អ្នក​ប្រព្រឹត្ត​រៀន នូវ​វិជ្ជា​វេទមន្ត​អាគម ហើយ​ជា​អ្នក​ចេះ​ចិញ្ចឹម​ក្រពើ​ផង ។ ឯ​ចំណេះ​របស់​លោក​គ្រូ​ចៅ​អធិការ ដែល​ចេះ​ចិញ្ចឹម​ក្រពើ​នោះ ធ្វើ​ឲ្យ​លោក​មាន​ឈ្មោះ​ល្បី​ល្បាញ​ណាស់ ក៏​ប៉ុន្តែ​ចំណេះ​នោះ​បែរ​ជា​បណ្ដាល​ឲ្យ​មាន​សេចក្ដី​អន្តរាយ​ដល់​រូប​លោក​ទៅ​វិញ ។ លោក​គ្រូ​ចៅ​អធិការ​នោះ ចិញ្ចឹម​ក្រពើមួយ​ទុក​ដូច​ជា​កូន​សិស្ស​របស់​លោក ក្រពើ​នោះ​នៅ​ក្នុង​ទន្លេ​មេគង្គ ជា​ទន្លេ​ដែល​ប្រកប​ដោយ​ទឹក​ជ្រៅ​មាន​ត្រី​ច្រើន ។ លោក​ឲ្យ​ឈ្មោះ​ក្រពើ​នោះ​ថា "អាធន(២)" ។ ដោយ​លោក​ស្រឡាញ់​ក្រពើ​នោះ​ពេក លោក​ចូល​ចិត្ត​គង់​លើ​ថ្ម​នៅ​មាត់​ច្រាំង​ទន្លេ ស្រែក​ហៅ​អាធន​ឲ្យ​មក​លេង​សប្បាយ​ជា​មួយ​លោក ។ អាធន​បាន​ឮ​ពុទ្ធដីកា​របស់​លោក​គ្រូ​កាល​ណា ក៏​វា​ប្រញាប់​មក​ថ្វាយ​បង្គំ​លេង​កម្សាន្ត សប្បាយ​ជាមួយ​លោក​គ្រូ​វា​កាល​នោះ ហើយ​តាំង​កិរិយា​សុភាព​នឹង​ធឹង ចំពោះ​ភិក្ខុ​សង្ឃ​ទាំង​អស់ និង​អ្នក​ស្រុក​ទាំង​អំបាលម៉ាន ដែល​នៅ​ជិត​ខាង​វា ។

សម័យ​មួយ កាល​ព្រះ​មហាក្សត្រ​ទ្រង់​គង់​ក្រុង​ឧត្តុង្គ ទ្រង់​មាន​ព្រះ​រាជ​បុត្រី​មួយ​ព្រះ​អង្គ ទ្រង់​ប្រឈួន​ជា​ខ្លាំង ។ ដោយ​ព្រះ​អង្គ​ស្រឡាញ់​ព្រះរាជ​បុត្រី​យ៉ាង​ខ្លាំង​ឥត​ឧបមា ព្រះ​អង្គ​ទ្រង់​ខ្សឹកខ្សួល​តក់​ស្លុត​ជា​ពន្លឹក ហើយ​ទ្រង់​ឲ្យ​ជ្រើស​រើស​រក​ពេទ្យ​ហ្ម ដែល​ពូកែ​មាន​ឈ្មោះ​ល្បី​អស្ចារ្យ មក​ព្យាបាល​ព្រះ​រាជ​បុត្រី​ព្រះ​អង្គ ក៏​ប៉ុន្តែ​គ្មាន​គ្រូ​ឯ​ណា​មួយ អាច​រំលែក​ទុក្ខ​ព្រះ​រាជ​បុត្រី​បាន​ឡើយ ។ ហេតុ​នេះ បាន​ជា​ព្រះ​មហា​ក្សត្រ ទ្រង់​ឲ្យ​និមន្ត​ចៅ​អធិការ​វត្ត​សម្បូរ ដែល​មាន​ឈ្មោះ​ល្បី​ពូកែ​ជាង​គ្រូ​ពេទ្យ​ឯ​ទៀត មក​ព្យាបាល ។

ការ​ធ្វើ​ដំណើរ​តាម​ទន្លេ​មេគង្គ​ដោយ​កប៉ាល់ ពី​ស្រុក​សម្បូរ​ទៅ​ឧត្តុង្គ ក្នុង​សម័យ​ឥឡូវ​នេះ តែ ២ ថ្ងៃ​ទេ តែ​ក្នុង​សម័យ​ទី​ក្រុង​តាំង​នៅ​ឧត្ដុង្គ​នោះ គេ​ធ្វើ​ដំណើរ​ដោយ​ទូក​ជា​យូរ​ថ្ងៃ ព្រោះ​ទន្លេ​នោះ មុន​ពេល​ទៅ​ដល់​ក្រចេះ មាន​ទឹក​ហូរ​ស្រួល​ល្អ​ទេ តែ​ពី​ក្រចេះ​ត្រូវ​ឆ្លង​ទឹក​ហូរ​កួច​ខ្លាំង​ៗ និង​មាន​ថ្ម​ស្រួច​ៗ ដុះ​នៅ​ក្នុង​ទឹក​ដោយ​អន្លើ​ៗ ។

លោក​គ្រូ​ចៅ​អធិការ​និមន្ត​មក​ព្យាបាល​ព្រះ​រាជ​បុត្រី​ៗ ក៏​បាន​ស្រាក​ស្បើយ​ជំងឺ ធូរ​គ្រាន់​បើ ប៉ុន្តែ​ព្រះ​មហាក្សត្រ​ទ្រង់​ពុំ​អនុញ្ញាត​ឲ្យ​គ្រូ​ចៅ​អធិការ​វិល​ទៅ​វិញ​ភ្លាម​ទេ ទ្រង់​ឲ្យ​លោក​នៅ​រង​ចាំ​ថែទាំ​ជំងឺ​ព្រះ​រាជ​បុត្រី ត្រា​តែ​ជា​ស្រឡះ​មែន​ទែន​សិន ។

និយាយ​ពី អាធន ដែល​នៅ​ស្រុក​សម្បូរ វា​ទន្ទឹម​មើល​ផ្លូវ​លោក​គ្រូ​របស់​វា ជា​យូរ​ខែ​ពុំ​ឃើញ​វិល​មក​វិញ​សោះ វា​កើត​មាន​សេចក្ដី​ស្រងូត​ស្រងាត់​រលឹក​ដល់​លោក​គ្រូ​វា​ជា​អនេក ។ ថ្ងៃ​មួយ វា​ព្រួយ​ខ្លាំង វា​ក៏​ហែល​ចេញ​ពី​ទីលំនៅ​វា ទៅ​តាម​ដង​ទន្លេ​មេគង្គ ឆ្ពោះ​ត្រង់​ទៅ​តាម​លោក​គ្រូ​វា​នៅ​ឧត្ដុង្គ ។ វា​ធ្វើ​ដំណើរ​ពី​ស្រុក​សម្បូរ ទៅ​​ដល់​ឆ្លូង​គ្មាន​ជួប​ប្រទះ​នឹង​សត្រូវ ឬ​គ្មាន​អន្តរាយ​អ្វី​ដល់​ខ្លួន​វា​សោះ ប៉ុន្តែ​លុះ​វា​ទៅ​ដល់​ដល់​ភ្នំ ១ ឈ្មោះ "ភ្នំ​សុពណ៌កាលី" វា​បាន​ជួប​នឹង​ក្រពើ​មួយ ជា​ក្រពើ​សាហាវ​ក្លាហាន​ឈ្លានពាន​ណាស់ ដោយ​ក្រពើ​នោះ​ក្រេវ​ក្រោធ​នឹង អាធន ដែល​ហែល​កាត់​ទី​លំនៅ​វា​ៗ ក៏​រក​រឿង​ដាល​វាល​ឈ្លោះ ប៉ុន្តែ​ដោយ អាធន មាន​កិច្ច​រួស​រាន់​ចង់​ជួប​នឹង​លោក​គ្រូ​វា​ៗ ក៏​ដោះ​ដៃ​រត់​អំពី​ក្រពើ​កំណាច​នេះ​ទៅ តែ​វា​តាំង​ចិត្ត​ថា " ចាំ​ថ្ងៃ​ក្រោយ សឹម​អញ​មក​រក​រឿង​នឹង​អា​តិរច្ឆាន​នេះ​វិញ " ។ អាធន ទៅ​ដល់​កំពង់​ហ្លួង​គ្មាន​នរណា​ឃើញ​វា​សោះ វា​ខំ​ប្រុង​ប្រៀប​លាក់​ខ្លួន​ពួន​អាត្មា មិន​ឲ្យ​អ្នក​ស្រុក​ឃើញ​វា​ឡើយ ពីព្រោះ​វា​យល់​ថា មុខ​តែ​គេ​ភ័យ​ផ្អើល​រត់​ចោល​ដី​ដៃ​ទន្លេ​សាប​អស់ ហើយ​វា​ព្រួយ​បារម្ភ​ក្រែង​រក​លោកគ្រូ​វា​ពុំ​ឃើញ ដោយ​លោក​គ្រូ​វា ហើយ​នឹង​វា​ខុស​ភេទ​គ្នា​ឆ្ងាយ​ណាស់ ទាំង​ការ​ចិញ្ចឹម​ជីវិត​ក៏​ខុស​គ្នា​ទៀត ប៉ុន្តែ​លុះ​វា​ជញ្ជឹង​គិត​ទៅ វា​តាំង​ចិត្ត​ថា " ត្រូវ​តែ​អញ​លាក់​ខ្លួន​ពួន​អាត្មា នៅ​ក្នុង​ទឹក​នេះ​សិន​ចុះ ដើម្បី​នឹង​ឆ្លៀត​ឈ្លប​មើល​លោក​គ្រូ ក្រែង​លោក​ចុះ​មក​កម្សាន្ត​នៅ​ក្បែរ​មាត់​ច្រាំង​តាម​ចំណាំ​របស់​លោក ដូច​កាល​មុន​ៗ មក " ។

មិន​យូរ​ប៉ុន្មាន លោក​គ្រូ​ចៅ​អធិការ ក៏​និមន្ត​ចុះ​ទៅ​មាត់​ច្រាំង​ទន្លេ​ទៅ​គង់​នៅ​លើ​ផែ​មួយ ។ ឯ អាធន កាល​បើ​លប​មើល​ឃើញ​គ្រូ​វា​ហើយ​​វា​ក៏​បណ្ដែត​ខ្លួន​វា​មក​លើ​ទឹក​ឲ្យ​គ្រូ​វា​ឃើញ ។ លោក​គ្រូ​ចៅ​អធិការ​ក្រឡេក​ឃើញ​វា​ហើយ ក៏​ភ្លាត់​មាត់​ស្រែក​ថា " យី អាធន ចៅ​តា​ទេ​តើ​នេះ " ។ អាធន មិន​បង្អង់​យូរ ក៏​យក​មាត់​វា​ទៅ​បំបាក់​ផែ​ដែល​លោក​គ្រូ​គង់ ហើយ​ត្រកង​លោក​គ្រូ​វា​ដាក់​លើ​ខ្នង​វា​នាំ​យក​ទៅ ដោយ​វា​នឹក​ថា " ទោះ​បើ​លោក​គ្រូ​អញ គ្មាន​ព្រះ​ទ័យ​ប្រាថ្នា​នឹង​វិល​ទៅ​ទី​លំនៅ​លោក​វិញ​ទេ ពេល​នេះ​ក៏​ត្រូវ​តែ​អញ​នាំ​លោក​ទៅ " ។

ឱ​ពុទ្ធោ​អើយ ! លោក​គ្រូ​ចៅ​អធិការ​នោះ លុះ​ទៅ​ដល់​ស្រុក​សម្បូរ​លោក​ក៏​បាត់​បង់​ជីវិត ។ ពេល​ដែល អាធន នាំ​លោក​គ្រូ​វា​ទៅ​ពុំ​ទាន់​ដល់​ភ្នំ​សុពណ៌កាលី វា​ខំ​ប្រុង​ប្រយ័ត្ន​ការពារ​លោក​គ្រូ​វា មិន​ឲ្យ​ជ្រមុជ​ក្នុង​ទឹក​សោះ វា​ហែល​នៅ​សើ​ៗ​លើ​ទឹក លុះ​ទៅ​ភ្នំ សុពណ៌កាឡី វា​ជួប​នឹង​បច្ចាមិត្ត​វា ដែល​រក​រឿង​ប្រយុទ្ធ​ជា​មួយ​វា​ពី​ថ្ងៃ​មុន​ដូច​ពណ៌នា​មក​ហើយ​នោះ ។ ដោយ​សេចក្ដី​គុំកួន​ប្រណាំង​ប្រជែង​នៅ​ដិត​ជាប់​នៅ​ក្នុង​ចិត្ត សត្វ​ពីរ​ពុំ​ចេះ​អស់​ពុំ​ចេះ​ហើយ ក៏​នាំ​ឲ្យ​កើត​ក្ដី​ជម្លោះ​ឡើង​ជា​ថ្មី​ម្ដង​ទៀត សត្វ​ទាំង​ពីរ​ក៏​តាំង​ប្រយុទ្ធ​គ្នា​ក្នុង​ខណៈ​នោះ​ភ្លាម ។ មុន​នឹង​ប្រយុទ្ធ​គ្នា អាធន គិត​ឃើញ​ថា "ប្រសិន​បើ​អញ​ខាំ​ក្រពើ​នេះ អញ​គេច​ចុះ​គេច​ឡើង​គ្រវី​គ្រវាត់​ក្នុង​ទឹក សម​ជា​លោក​គ្រូ​អញ​ធ្លាក់​ពី​លើ​ខ្នង​អញ​ចុះ​ទៅ​បាត​ទន្លេ​ហើយ បើ​ដូច្នេះ​អញ​គិត​យ៉ាង​ណា នឹង​រត់​ភៀស​ខ្លួន កុំ​ឈ្លោះ​នឹង​អា​កំណាច​នេះ​ឬ​ដូចម្ដេច ?" ជញ្ជឹង​គិត​ទៅ ទើប អាធន មាន​គំនិត​មួយ​ថា "ទេ​គិត​យ៉ាង​នេះ​ខុស​ទេ ធ្វើ​បែប​នេះ​ជា​ការ​នាំ​ឲ្យ​បរា​ជ័យ​ដល់​វត្ត​សម្បូរ​ពេក អញ​ត្រូវ​តែ​ប្រយុទ្ធ​ច្បាំង​នឹង​អា​ចង្រៃ​នេះ​ឲ្យ​វា​ដឹង​ខ្លួន​ថា តែ​កាល​ណា​អាណា​មួយ​ហ៊ាន​តតាំង​នឹង​ក្រពើ​លោក​គ្រូ​ចៅ​អធិការ​វត្ត​សម្បូរ​ហើយ អា​នោះ​ឯង​មុខ​ជា​អន្តរធាន​ខ្លួន​ពុំ​លែង​ឡើយ" ហើយ​វា​គិត​ឃើញ​ម្យ៉ាង​ទៀត​ថា" ដូច្នេះ​អញ​ត្រូវ​តែ​យក​លោក​គ្រូ​អញ​លាក់​ទុក​ក្នុង​ពោះ​អញ​សិន" ។ អាធន គិត​ដូច្នេះ​ហើយ ក៏​ហា​មាត់​លេប​លោក​គ្រូ​វា​លាក់​ទុក​ក្នុង​ពោះ​វា​បាត់​ទៅ ។ លុះ​លាក់​លោក​គ្រូ​រួច​ស្រេច​ហើយ ទើប​វា​យុទ្ធ​នឹង​បច្ចាមិត្ត​របស់​វា មិន​យូរ​ប៉ុន្មាន អាធន មាន​ជ័យ​ជម្នះ​ឈ្នះ​លើ​ក្រពើ​ជា​សត្រូវ ហើយ​អាធន ក៏​ធ្វើ​ដំណើរ​ទៅ​ទៀត​ទាល់​តែ​ដល់​ស្រុក​សម្បូរ ។ បណ្ដា​ភិក្ខុ​សង្ឃ​ក្នុង​វត្ត​នោះ វេលា​ដែល​ឃើញ អាធន ទៅ​ដល់​ក៏​នាំ​គ្នា​រត់​ម្នីម្នា​​មក​ទទួល អាធន​ៗ ក៏​វា​ឡើង​ទៅ​លើ​គោក​នៅ​ចំ​កណ្ដាល​ភិក្ខុ​សង្ឃ​ទាំង​ឡាយ ហើយ​ក៏​ខ្ជាក់​លោក​គ្រូ​វា​ចេញ​ពី​ក្នុង​ពោះ​វា​មក ។

ឱ​ពុទ្ធោ​អើយ ! ពេល​នោះ​លោក​គ្រូ​បាត់​វិញ្ញាណ​ក្លាយ​ទៅ​ជា​ខ្មោច​សុទ្ធសាធ ។ ឃើញ​អាការ​វិនាស​ដូច្នេះ​ហើយ ភិក្ខុ​សង្ឃ​គ្រប់​អង្គ ស្រែក​ទ្រហោ​យំ​ទ្រហឹង​អឺងកង​ស្ដាយ​លោក​គ្រូ​ចៅ​អធិការ ហើយ​ក៏​បន្ទោស​ទៅ​អាធន​ថា "អា​ឯង​នេះ​អាក្រក់​ណាស់ ហ៊ាន​សម្រាប់​លោក​គ្រូ​ឥត​ពិចារណា" ។ អាធន នឹក​ថា "ឱ​អញ​អើយ ! អញ​ស្មាន​ថា​ពោះ​អញ អាច​លាក់​លោក​គ្រូ​អញ ឲ្យ​រួច​ពី​ក្ដី​អន្តរាយ​បាន ឥឡូវ​នេះ បែរ​ត្រឡប់​ទៅ​ជា​ផ្នូរ​សម្រាប់​កប់​លោក​គ្រូ​អញ​ទៅ​វិញ​សោះ ឱ​គំនិត​អ្វី​ក៏​ថយ​ថោក​ម្ល៉េះ !“ អាធន នឹក​ទៅ​ពេញ​ហៅ​ស្ដាយ​លោក​គ្រូ​វា​ណាស់ តែ​ពុំ​ដឹង​ធ្វើ​ម្ដេច​ឲ្យ​លោក​មាន​ជីវិត​ឡើង​វិញ ។ វេលា​គេ​រៀប​បូជា​សព​លោក​គ្រូ​ចៅ​អធិការ អាធន មាន​សេចក្ដី​អៀន​ខ្មាស​ខ្លាំង ហើយ​នឹក​ថា "អពមង្គល​ដែល​នាំ​ឲ្យ​លោក​គ្រូ​អញ​ដល់​សេចក្ដី​វិនាស​យ៉ាង​នេះ តើ​មក​ពី​ហេតុ​អ្វី ?" ។ ជញ្ជឹង​គិត​យូរ​ទៅ វា​សន្និដ្ឋាន​ថា "អញ​ប្រាកដ​ជា​ខុស​ពិត​មែន​ហើយ ព្រោះ​អញ​បាន​សម្លាប់​លោក​គ្រូ​ដោយ​ខ្លួន​អញ ប៉ុន្តែ​ហេតុ​អ្វី បាន​ជា​អញ​លេប​លោក​គ្រូ​ទៅ​ក្នុង​ពោះ​អញ ? នេះ​មក​អំពី​អញ​ការពារ​សត្រូវ​នៅ ភ្នំ​សុពណ៌កាឡី ក្នុង​ពេល​ដែល​ត្រឡប់​ពី​ឧត្ដុង្គ​វិញ" ។ ប៉ុន្តែ​យូរ​បន្តិច​ទៅ​ទៀត អាធន គិត​ឃើញ​ច្បាស់​ថា "សេចក្ដី​អន្តរាយ​ដែល​កើត​ឡើង​អម្បាល​នេះ បណ្ដាល​មក​តែ​អំពី​ព្រះរាជ​បុត្រី បើ​ប្រសិន​ជា​ស្ដេច​កុំ​ត្រាស់​បង្គាប់​ឲ្យ​គេ​និមន្ត លោក​គ្រូ​អញ​ឲ្យ​ទៅ​មើល​ជំងឺ​ព្រះរាជ​បុត្រី​ព្រះ​អង្គ ច្បាស់​ជា​លោក​គ្រូ​អញ​លោក​ពុំ​មាន​គ្រោះ​ថ្នាក់​ដល់​មរណៈ​ដូច្នេះ​ឡើយ ហេតុ​ដែល​បណ្ដាល​ឲ្យ​គ្រូ​អញ​ដល់​មរណៈ ដោយ​សារ​តែ​ព្រះ​រាជ​បុត្រី ដូច្នេះ ព្រះរាជ​បុត្រី​ត្រូវ​តែ​មាន​ទោស " ។ គិត​ហើយ អាធន ក៏​ចង​អា​ឃាត​គំនុំ​គុំកួន​ប្រុង​សង​សឹក​នឹង​ព្រះ​រាជ​បុត្រី ឲ្យ​ដល់​នូវ​សេចក្ដី​មរណៈ ហើយ​អាធន ក៏​វា​ពី​លើ​គោក​ចុះ​ទៅ​ក្នុង​ទឹក​ទន្លេ​មេគង្គ ។ ឱ! គួរ​ឲ្យ​ស្ដាយ​វត្ត​សម្បូរ​ណាស់ អស់​បាន​ឃើញ​អាធន ទៀត​ហើយ ។ មុន​នឹង​ហែល​ទៅ​ដល់​ឧត្ដុង្គ អាធន ហែល​សន្សឹម​ៗ ជា​យូរ​ថ្ងៃ នៅ​ក្នុង​ទន្លេ​មេគង្គ ។ ដល់​ឧត្ដុង្គ ទើប​វា​ឈប់​សម្រាក​កាយ បង្អង់​ចាំ​មើល​ឱកាស​ល្អ ដើម្បី​សង​សឹក​នឹង​ព្រះរាជ​បុត្រី ។

ក្នុង​រឿង​នេះ គេ​មិន​បាន​រ៉ាយរ៉ាប់​អំពី​កំណត់​ប៉ុន្មាន​ឆ្នាំ​ឬ​ខែ ដែល​ក្រពើ​បង្អង់​ចាំ​មាន​ឱកាស​ល្អ​នឹង​សង​សឹក​ឡើយ គេ​គ្រាន់​តែ​និយាយ​ថា " មាន​ថ្ងៃ​មួយ វេលា​ដែល​ព្រះរាជ​បុត្រី​នោះ បាន​ជា​សះ​ស្បើយ​ល្ហើយ​ស្រួល​ព្រះ​អង្គ​ហើយ ព្រះ​នាង​ចុះ​មក​ក្រសាល​ទឹក​ទន្លេ​ជាមួយ​នឹង​បរិពារ​របស់​ព្រះ​នាង ។ វេលា​ដែល​ព្រះ​នាង​កំពុង​កញ្ជ្រោង​បោក​បាច​លេង​សប្បាយ សើច​ក្អាកក្អាយ​ជា​មួយ​នឹង​ព្រះ​រាជ​បរិពារ​នៅ​ក្នុង​ទឹក​​ស្រាប់​តែ​ក្រពើ​ឈ្មោះ អាធន មក​ត្របាក់​យក​ព្រះ​នាង​ទៅ​បាត់​ទៅ ។

និយាយ​ពី​ព្រះ​មហា​ក្សត្រ កាល​បើ​ទ្រង់​ជ្រាប​ហេតុ​ថា ក្រពើ​បាន​ត្របាក់​លេប​ព្រះរាជ​បុត្រី​ហើយ ក៏​ទ្រង់​ព្រះ​កន្សែង​ខ្សឹកខ្សួល​អួល​អាក់​ជា​ខ្លាំង​ពន់ពេក ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​រៀប​ចំ​ទូក​ទៅ​តាម​ប្រហារ​ជីវិត​ក្រពើ​នោះ ។

ដើម្បី​ឲ្យ​ច្បាស់​នូវ​រឿង​នេះ យើង​គប្បី​សន្និដ្ឋាន​ថា "នៅ​ក្នុង​សម័យ​នោះ ប្រទេស​កម្ពុជា​លិច​ទឹក​ពាក់​កណ្ដាល កន្លែង​មួយ​ធំ​ដែល​ឥឡូវ​នេះ ជា​ខេត្ត​កំពង់​ចាម​និង​ក្រចេះ លិច​ទឹក​រហាច​រហឹម​ទាំង​អស់" ។ ហេតុ​ដូច្នេះ​បាន​ជា​មាន​សត្វ​ទឹក​ច្រើន​មហិមា ។ ដើម្បី​នឹង​ទៅ​ប្រហារ​ជីវិត អាធន នោះ គេ​ត្រូវ​រៀប​សំពៅ​រៀប​ទូក​ក្ដារ​ច្រវា​ចែវ​ច្រើន ។ នៅ​ទី​បំផុត ព្រះ​រាជា​ទ្រង់​ព្រះ​បញ្ជា​ឲ្យ​ហោរា​គន់​គូរ​មើល​ឲ្យ​ដឹង​ថា​ក្រពើ​នោះ​នៅ​ទីណា ហើយ​ឲ្យ​រក​ឧបាយ​កល​តាម​ចាប់​ក្រពើ​នោះ​ឲ្យ​ទាល់​តែ​បាន ។ ហោរា​បាន​ឲ្យ​ធ្វើ​កន្ទោង​ស្លឹក​ចេក ១ បញ្ចុះ​យន្ត​មន្តអាគម​គាថា ក្នុង​កន្ទោង​នោះ ហើយ​បណ្ដែត​ទៅ​លើ​ទឹក ។ កន្ទោង​នោះ​ក៏​អណ្ដែត​ទៅ​តាម​ដាន អាធន ។ មុន​ដំបូង កន្ទោង​អណ្ដែត​ចេញ ពី​ឧត្ដុង្គ​តម្រង់​ទៅ​ស្រុក​សម្បូរ ហើយ​ទៅ​សំចត​ក្នុង​ព្រែក​មួយ ។ ខណៈ​ដែល​កន្ទោង​សំចត​ត្រង់​ណា គេ​ដឹង​ថា កន្លែង​នោះ​ហើយ​ដែល​អាធន វា​លាក់​ខ្លួន​ពួន​អាត្មា​វា ។

លុះ​ព្រះ​មហា​ក្សត្រ ទ្រង់​បាន​ជ្រាប​ទី​លំនៅ របស់ អាធន ហើយ​ទ្រង់​ក៏​ចាត់​ឲ្យ​រៀប​ព្រួល​នៅ​ក្នុង​ទឹក ដើម្បី​នឹង​ឃាំង​ព័ទ្ធ អាធន កុំ​ឲ្យ​វា​ហែល​រួច​ទៅ​ក្នុង​ទន្លេ ។ ប៉ុន្តែ​ចាត់​ការ​ពុំ​រហ័ស​ទាន់​ពេលវេលា អាធន​ ក៏​ហែល​រត់​បាត់​ពី​កន្លែង​នោះ​ទៅ ។ ព្រែក​ដែល​បាន​ពោល​មក​នេះ មាន​ឈ្មោះ​ថា "ព្រែក​ចារ​ធ្នល់ " ដែល​មាន​នៅ​លុះ​ដល់​សព្វ​ថ្ងៃ​នេះ ។ ក្រោយ​ពេល​ដែល​វា​បាន​ហែល​បត់​ចុះ​បត់​ឡើង​គ្រប់​ៗ​កន្លែង វា​ទៅ​ដល់​ស្រុក​ខោន ហើយ​វា​សំចត​នៅ​ទី​នោះ​ ២–៣ ថ្ងៃ​ទើប​វា​ហែល​ចុះ​មក​វិញ ។ ឯ​កន្ទោង​ក៏​ចេះ​តែ​អណ្ដែត​តាម​វា​ជា​ដរាប មាន​ទាំង​នាវា ២–៣ តាម​កន្ទោង​នោះ​ផង ។ នៅ​ទី​បំផុត កន្ទោង​នោះ ចុះ​មក​ដល់​ស្រុក​ឆ្លូង អណ្ដែត​ចូល​ទៅ​ក្នុង​ព្រែក​ឆ្លូង ។

ព្រែក​ឆ្លូង​សម័យ​នោះ ក្នុង​ពោះ​ព្រែក​មាន​ច្រើន​តែ​ភក់​ល្បាប់ មាត់​ព្រែក​មាន​ច្រើន​តែ​គុម្ពោត​ព្រៃ​ឈើ អ្នក​ស្រុក​សង់​ផ្ទះ​តូច​ៗ តាម​ជួរ​មាត់​ព្រែក​នោះ ក្នុង​ចន្លោះ​ជលជាត និង​គុម្ពោត​ព្រៃ​ឈើ​ទាំង​នោះ ។ កាល​ដែល​អាធន វា​បាន​ទៅ​ដល់​គុម្ពោត​ព្រៃ​ទាំង​នោះ វា​សង្ឃឹម​ថា​វា​មុខ​ជា​នឹង​រួច​អំពី​គ្រោះ​ថ្នាក់​ធំ​ហើយ​ៗ វា​សំចត​នៅ​ទី​នោះ ។ គុម្ពោត​ព្រៃ​ទាំង​នោះ អាច​បង្ខាំង​មិន​ឲ្យ​ទូក​ក្ដារ​នានា​ចូល​បាន ប៉ុន្តែ​កន្លែង​នោះ​ហើយ​ដែល អាធន បាន​សេចក្ដី​អន្តរាយ​ជា​ទម្ងន់​រហូត​ដល់​ស្លាប់ ។

និយាយ​អំពី​បណ្ដា​ជន​ដែល​ដេញ​តាម អាធន កាល​បើ​ដឹង​ថា វា​សំណាក់​អាស្រ័យ​នៅ​ទី​នោះ​ហើយ គេ​ក៏​នាំ​គ្នា​ទៅ​បញ្ជាន់​មេមត់ ដែល​ជា​រូប​សំណឹង​អ្នក​តា​ចាស់​ស្រុក​នៅ​ទី​នោះ ដណ្ដឹង​សួរ​បន់​ស្រន់​ឲ្យ​ជួយ​ចាប់ អាធន់ យក​មក​ប្រហារ​ជីវិត​ឲ្យ​បាន បើ​បាន​ដូច​សេចក្ដី​ប្រាថ្នា គេ​នឹង​ថ្វាយ​ស្បែក​ក្រពើ​ដល់​មេមត់​នោះ ។ ពេល​នោះ អាធន សំចត​នៅ​កន្លែង​មួយ ដែល​ហៅ​ថា​តាម​សព្វ​ថ្ងៃ​នេះ​ថា " រូង " ។ ឯ​ពួក​អ្នក​ដេញ​តាម អា​ធន លុះ​បាន​ឱកាស​ល្អ​ក៏​មុជ​ក្នុង​ទឹក​ចាប់​ចង​ស្រាក់​ខ្លួន​វា ។ ទី​ដែល​ធ្វើ​ការ​ទាំង​នោះ នៅ​មាន​ឃើញ​ស្នាម​ដំណែល​រហូត​ដល់​សព្វ​ថ្ងៃ ។ ដោយ អាធន មាន​ទម្ងន់​ច្រើន​ហាប​ពេក ទើប​គេ​យក​ខ្សែ​ចង​ដង​ថ្លឹង​យឹត​យោង​ថ្ពក់​យក​ខ្លួន​វា​ឡើង​មក​សម្លាប់ ។

លុះ​សម្លាប់ អាធន បាន​ស្រេច​ហើយ គេ​យក​ស្បែក​ទៅ​ថ្វាយ​មេមត់​ដែល​បាន​បន់​ពីមុន​មក ។ កន្លែង​ដែល​គេ​ទុក​ដុំ​សាច់​ក្រពើ​នោះ ជាប់​ឈ្មោះ​ថា "នាង​ក្រពើ" ត​មក ប៉ុន្តែ​ដោយ​ដី​នៅ​កន្លែង​នោះ​មាន​រាង​ដូច​ជា​ខ្នង​សត្វ​លា (?) គេ​ត្រឡប់​ជា​ហៅ​ថា " ខ្នង​ក្រពើ "វិញ ដែល​ជា​កន្លែង​ធ្វើ​ចម្ការ​កៅស៊ូ​នៅ​មេមត់​សព្វ​ថ្ងៃ ។ ឆៀង​ខាង​កើត​បន្តិច​មក​ខាង​ស្នួល​មាន​កន្លែង​មួយ​ឈ្មោះ​ថា " វាល​ហាល​ងៀត " ព្រះ​ជា​កន្លែង ដែលគេ​ពន្លះ​សាច់ អាធន ប្រឡាក់​អំបិល​ហាល​ថ្ងៃ ។

ចំណែក​ព្រះ​សព​ព្រះ​រាជ​បុត្រី ដែល​រក​ឃើញ​នៅ​ក្នុង​ពោះ អាធន នោះ ព្រះ​រាជា​ទ្រង់​ចាត់​ការ​បូជា​ព្រះ​ភ្លើង​នៅ​ស្រុក​សម្បូរ ហើយ​ទ្រង់​បញ្ចុះ​ព្រះ​ធាតុ​ក្នុង​ព្រះ​ចេតិយ​មួយ នៅ​ក្នុង​វត្ត​សម្បូរ​នោះ​ឯង ។