ប្រជុំរឿងព្រេងខ្មែរ/ភាគទី៥/17
រឿង វត្តបញ្ញាជី
(នៅខេត្តកំពង់ធំ)
នៅក្នុងឃុំត្បូងក្រពើ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានភូមិមួយឈ្មោះថា ភូមិបញ្ញាជី ។ នៅចំកណ្ដាលភូមិនោះ មានវត្តមួយហៅថា វត្តបញ្ញាជី ។ បានជាហៅ វត្តបញ្ញាជី ព្រោះឈ្មោះនេះ កើតពីសាមណេរ ១ អង្គ ជាជីមានបញ្ញា នៅវត្តនោះ ដូចមានសេចក្ដីរៀបរាប់តទៅនេះ ៖
ក្នុងសម័យដែលប្រាក់សុទ្ធក្រក្រៃលែង គឺក្នុងសម័យដែលខ្មែរយើងប្រើកាសស្ពាន់ឬសំណនៅឡើយ កាលនោះមានពួកចាម (ខ្មែរឥស្លាម) មួយក្រុម ជាឈ្មួញគោនាំគ្នាចូលខេត្តកំពង់ធំ ដើម្បីទិញគោក្របី នាំយកទៅលក់ក្នុងដីកូសាំងស៊ីន ។ លុះធ្វើដំណើរមកដល់វត្តនោះ ដែលទើបនឹងផ្ដើមសាងថ្មី ពុំទាន់ដាក់នាមវត្តនៅឡើយ ពួកចាមក៏នាំគ្នាចូលទៅសំណាក់នៅវត្តនោះ ។
ពេលព្រលប់ៗ កូនសិស្សរបស់លោកគ្រូចៅអធិការ ក៏ដឹកគោឈ្មោលកម្រៀវ ១នឹម ដែលមានសម្បុរនិងរាងរៅល្អលើសគោឯទៀត មកចងក្រោមកុដិក្បែរសាលា ដែលពួកចាមសំណាក់ ។ ពេលនោះ ពួកចាមកំពុងដណ្ដាំបាយ ក្រឡេកឃើញគោលោកគ្រូមេវត្ត ក៏ស្រឡាញ់ហើយនឹកថា "បើទិញគោនេះពីលោកគ្រូមេវត្តនេះទៅ អញមុខជាបានប្រាក់ ១ ណែនជាស្រេច" ។ គិតមេឈ្មួញម្នាក់ ក៏ដើរទៅកាន់កុដិលោកគ្រូមេវត្ត ដើម្បីនិយាយទិញ លុះចូលទៅដល់ក៏អង្គុយបត់ជើងថ្វាយបង្គំលោក តាមទំនៀមខ្មែរ ហើយនិយាយសរសើរសាសនាខ្មែរថា " ព្រះសង្ឃគ្រប់វត្ត មានព្រះទ័យករុណាដល់អ្នកដំណើរណាស់មិនប្រកាន់ថា សាសន៍ណាជាសាសន៍ទេ ខ្ញុំព្រះករុណាបានជាជ្រុលទៅកើតសាសនាឥស្លាមទៅហើយ ប្រសិនកើតមកជាខ្មែរ ប្រហែលបួសមួយជីវិតមិនខាន " ។ លោកគ្រូមេវត្ត ពុំបានជ្រាបនូវពាក្យបញ្ជោរលើកជើងរបស់ឈ្មួញនោះក៏ឆ្លើយថា "ល្អមែន! សាសនាខ្មែរ" ហើយមានព្រះភក្ត្រញញឹម ហាក់ដូចជាសប្បាយក្នុងព្រះទ័យណាស់ ដោយសារបានឮសំដីរបស់ពួកឈ្មួញនោះ យូរៗលោកគ្រូឆ្លើយថា "ចម្រើនពរ ! ពិតមែនខ្មែរយើង " ។
ពួកឈ្មួញទាំងនោះយល់ថា លោកគ្រូចាប់ព្រះទ័យនឹងសំដីខ្លួនហើយ ក៏និយាយថា " ពេលក្រោយ បើខ្ញុំព្រះករុណាចូលមកទិញគោក្របីមួយលើកទៀត នឹងទិញល័ក្ដសម្រាប់ជ្រលក់ចីវរប្រគេនមិនខាន" ។ លោកគ្រូថា " អាត្មាអរណាស់ ព្រោះនៅស្រុកស្រែពុំសូវសម្បូរល័ក្ដទេ " ។ ពួកចាមផ្ដើមនិយាយទៀតថា "សុំទោសលោកគ្រូ ! គោលោកគ្រូដែលចងក្រោមកុដិ សូមទុកដាក់ឲ្យខ្ញុំព្រះករុណាមក ! ទុកធ្វើអ្វី ? លោកគ្រូរកពីកូនសិស្សទៀតគង់តែបាន ជាវយកបច្ច័យសម្រាប់កសាងវត្តទៅ ខ្ញុំព្រះករុណាប្រគេន ១០ បាទ " ។ លោកគ្រូគិតថា " គោរកទៀតបាន ហើយគោនេះកូនសិស្សគេប្រគេនទទេផង ឥឡូវពួកឈ្មួញគេឲ្យថ្លៃដល់ ១០ បាទ គួរលក់ណាស់ហើយ ព្រោះគ្មាននរណាឲ្យថ្លៃលើសនេះទៀតទេ" ។ គិតស្រេច លោកគ្រូមានពុទ្ធដីកាថា " ចម្រើនពរ ! មិនអីទេ អាត្មាទុកដាក់ឲ្យដង្ខៅបាន" ។ ចាមត្រេកអរណាស់ ដកប្រាក់ ២រៀល កក់ ។ ឯលោកគ្រូក៏មានចិត្តត្រេកអរណាស់ដែរ ដោយគិតថា " មុខជាបានប្រាក់នេះមកកសាងវត្តហើយ " ។ ចាមនិយាយនឹងលោកគ្រូមេវត្តថា "សុំសន្យា ៧ ថ្ងៃទៀត ខ្ញុំព្រះករុណានឹងវិលមកយកគោ ហើយនឹងប្រគេនបច្ច័យគ្រប់ចំនួន ព្រោះត្រូវការធ្វើដំណើរតទៅទៀត " ។
ក្រោយថ្ងៃដែលពួកចាមចេញផុតពីវត្តមួយថ្ងៃ ជួនជាថ្ងៃសីល ពួកឧបាសកឧបាសិកាជើងវត្ត មកជួបជុំគ្នាក្នុងទីវត្តនោះ លោកគ្រូមានពុទ្ធដីកាថា "អាត្មាជាវគោឲ្យពួកចាមទៅហើយ តម្លៃ ១០ បាទ វាបញ្ចាំ ២ បាទ នៅខ្វះ ៨ បាទ ៧ ថ្ងៃទៀតនឹងមកយកគោ ព្រមទាំងប្រគល់ប្រាក់ឲ្យគ្រប់ចំនួន អាត្មាជាវនេះបានថ្លៃណាស់ ព្រោះត្រូវការយកប្រាក់កសាងវត្តផង " ។ ពួកឧបាសកឧបាសិកា បន្ទោសលោកគ្រូថា " លោកគ្រូម្ចាស់ គិតខុសហើយ គោនេះល្អណាស់មិនគួរលក់តម្លៃប៉ុណ្ណឹងសោះ បើលក់បែបនេះ តើលោកគ្រូរកពីណាបានទៀត ? " ។
ពេលនោះ លោកគ្រូចៅអធិការមិនវាចាមួយម៉ាត់សោះនឹកថា "អញគិតខុសមែន ក៏មួម៉ៅក្នុងចិត្តថា អញធ្លាប់តែស្ដីឲ្យគេ ពេលនេះ គេដៀលគំនិតអញវិញបាន " ។
លុះដល់ពួកឧបាសកឧបាសិកាត្រឡប់ទៅផ្ទះវិញ លោកគ្រូមេវត្ត ចូលទៅក្នុងបន្ទប់ចាក់សោជិតមិនចេញក្រៅសោះ ។ ព្រះសង្ឃក្នុងវត្តមានសេចក្ដីព្រួយបារម្ភគ្រប់ព្រះអង្គ ។ ពេលនោះ សាមណេរមួយអង្គមានបញ្ញាវៃ ជាសិស្សសំណប់របស់លោកគ្រូធំ បានទូលព្រះសង្ឃថា "ខ្ញុំព្រះករុណាមានឧបាយមួយ អាចនឹងពុទ្ធដីកាលោកគ្រូកុំឲ្យខ្ញាល់បាន " ។ ព្រះសង្ឃឯទៀត ក៏ព្រមឲ្យសាមណេរនោះធ្វើឧបាយកុំឲ្យលោកគ្រូខ្ញាល់ ។ តមក សាមណេរនោះ ចូលទៅគោះទ្វារទូលលោកគ្រូថា " សូមព្រះតេជះព្រះគុណនិមន្តមកឆាន់ចុះ បើខ្លាចពួកចាមមកយកគោ ខ្ញុំព្រះករុណាមានឧបាយកុំឲ្យវាយកបាន តែសូមព្រះព្រះតេជព្រះគុណនិមន្តទៅកាន់ទីឆ្ងាយ យកទាំងគោទៅជាមួយផង ទុកឲ្យពួកចាមមកតទល់នឹងខ្ញុំព្រះករុណាចុះ " ។
លោកគ្រូជ្រាបថា "គំនិតនេះត្រូវ " ក៏បើកទ្វារនិមន្តចេញទៅកាន់វត្តឯទៀត យកគោទៅទុកកន្លែងផ្សេង ។
គ្រប់ ៧ ថ្ងៃ ពួកចាមវិលមកដល់ ចូលទៅរកលោកគ្រូ ។ សាមណេរនោះ និយាយប្រាប់ចាមថា " លោកគ្រូមានការនិមន្តន៍ទៅវត្តដទៃទៅហើយ ថៅកែមានការអ្វី ? " ។ ចាមថា " ខ្ញុំព្រះករុណាមកយកគោ ដែលលោកគ្រូលក់ឲ្យពីថ្ងៃមុន " ។ សាមណេរនោះប្រាប់ថា " យកចុះ ! តែសូមប្រគល់ប្រាក់ឲ្យតែគ្រប់ចំនួនមក " ។ ចាមរាប់ប្រាក់ ៨ រៀល ប្រគេនសាមណេរៗ ថា " ទេ ! កាលលោកគ្រូនិយាយថា ១០ បាទនោះ គឺវាល់សាច់ប្រាក់ឲ្យពេញ ១០ បាត្រដែលលោកសង្ឃដាក់ចង្ហាន់ មិនមែន ១០ បាទ ជាប្រាក់ ១០រៀល នោះទេ លុះតែថៅកែវាល់ប្រាក់ពេញ ១០ បាត្រលោកសង្ឃ ប្រគេនលោកទើបលោកទទួលយក " ។ ចាមប្រកែកថា " មិនមែនទេ ! ខ្ញុំព្រះករុណានិយាយនឹងលោកគ្រូថា ១០ បាទ គឺ ១០ រៀល បានទាំងកក់ ២រៀលហើយ នៅខ្វះ ៨រៀលទៀត " ។ សាមណេរថា យកសាច់ប្រាក់មកវាល់នឹងបាទលោកបិណ្ឌទើបបាន ពុំមែន ១ បាទ គិត ១ រៀលទេ ប្រាក់ត្រឹម ១០ រៀលធ្វើម្ដេចនឹងយកទៅកសាងវត្តបាន ? បើថៅកែពុំព្រមវាល់ប្រាក់នឹងបាទឲ្យលោកទេ អាត្មាក៏ពុំព្រមឲ្យគោដែរ ឯប្រាក់ ២ រៀលដែលកក់នេះ អាត្មាសុខចិត្តចេញជំនួសលោកគ្រូ, ហ្នែ ! យកទៅចុះ ប្រាក់ ២ រៀល " ។
ពួកចាមទាល់គំនិតឥតមានអ្វីជជែកតទៅទៀត ក៏នាំគ្នាចុះពីលើកុដិធ្វើដំណើរទៅ ។
កាលបើចាមចេញផុតពីវត្តហើយ សាមណេរនោះ ក៏ទៅនិមន្តលោកគ្រូមកវិញ ទូលតាមដំណើរ ។
ឯលោកគ្រូក៏និមន្តមកកាន់វត្តវិញ មានសេចក្ដីកោតសរសើរដល់ប្រាជ្ញាសាមណេរនោះជាច្រើន ឈប់ហៅសាមណេរនោះថា " លោកនេន " ទៅជាហៅថា " ជីមានបញ្ញា " វិញ ។ ឯអ្នកស្រុកជិតឆ្ងាយ ហៅយារៗ ក្លាយមកថា " វត្តបញ្ញាជី " ជាប់រហូតមកដល់សព្វថ្ងៃនេះ ព្រោះទំនៀមខ្មែរថា បុរសណាបានបួសជាបព្វជិត អ្នកស្រុកពុំហ៊ានហៅ អា-មឹងឡើយ បើបួសជាសាមណេរ គេហៅថា " លោកនេន " ជាភិក្ខុថា " លោកភិក្ខុ " បើសឹកពីនេន ឬ ភិក្ខុ ហៅថា " បណ្ឌិត " ដែលក្លាយមកជា " អន្ទិត " នោះឯង ហើយជាពិសេសទៀត គឺសឹកពីនេនគេហៅថា "ជី " ពីភិក្ខុ គេហៅថា " អ្នក " ។