ប្រជុំរឿងព្រេងខ្មែរ/ភាគទី៥/1
រឿង ប្រាសាទអង្គរ
កាលពី គ.ស ៦០០ មានចៅមានពម្នាក់។ អាយុប្រមាណ ២៥ ឆ្នាំ ជាមនុស្សកម្សត់ទុគ៌តណាស់។ ម្ចាស់បំណុលបានតម្រូវឲ្យគាត់កាប់ឆ្ការព្រៃមួយកន្លែង នៅក្បែរមាត់ទន្លេ ដើម្បីដាំដំណាំ ។ នៅរដូវដែលបុប្ផជាតិទាំងឡាយត្រូវរីកផ្កា ចៅមានព តែងបេះផលដំណាំ ដែលគាត់បានដាំជារៀងរាល់ថ្ងៃ យកទៅជូនម្ចាស់គាត់ ។
ថ្ងៃមួយ, មាននាងទេពធីតា ៥ នាក់ ឋិតនៅឯប្រាសាទព្រះឥន្ទ្របានហោះមករត់ប្រលែងគ្នាលេងឋានក្រោម បានឃើញផ្កាក្នុងសួនច្បារតា លឹម សេង រីកស្គុសស្គាយព្រោងព្រាត ក៏បបួលគ្នាចូលទៅក្នុងសួននោះ ។ ទេពធីតាម្នាក់ឈ្មោះនាង ទិព្វសុតាចន្ទ ក៏បានបេះផ្ការបស់ចៅមានព ៦ ទង ព្រោះផ្កានោះមានក្លិនក្រអូបសាយល្អ ។ ចំណែកទេពធីតាឯទៀត បានដើរលេងពាសពេញក្នុងសួនច្បារនោះដែរ តែឥតបានកាច់ផ្កាលេងទេ ។
លុះត្រឡប់ទៅដល់ឋានទេវតាវិញ ទេពធីតាស្លូតត្រង់ក៏បានព្រះឥន្ទ្ររឿងនាងទិព្វសុតាច័ន្ទ លួចបេះផ្កាគេ ។ ព្រះឥន្ទ្រក៏ទ្រង់សួរទៅនាងដែលមានទោស ហើយផ្ដន្ទាទោសថា " ត្រូវឲ្យចុះមកឋានកណ្ដាលជាមួយមនុស្សលោក ចំនួន ៦ ឆ្នាំ នឹងត្រូវជាប្រពន្ធតា លឹម សេង នោះ " ។
នាង ទិព្វសុតាច័ន្ទ ខ្មាសគេណាស់ អស់សង្ឃឹមក្នុងចិត្ត ក៏ហោះចុះមកឋានក្រោមជួបនឹងតា លឹម សេង ហើយនាងនិយាយប្រាប់គាត់ថា " នាងលួចបេះផ្កាគាត់ ៦ ទង ឥឡូវព្រះឥន្ទ្រដាក់ទោស ឲ្យនាងចុះមកធ្វើជាប្រពន្ធគាត់ចំនួន ៦ ឆ្នាំ " ។
ចៅមានព ឆ្លើយថា "ខ្ញុំក្រណាស់ ខ្ញុំពុំអាចទទួលនាងធ្វើជាប្រពន្ធបានទេ ព្រោះចៅហ្វាយខ្ញុំចិត្តអាក្រក់ណាស់ គាត់ឲ្យបាយខ្ញុំទទួលទាន គ្រាន់តែឲ្យរស់តែមួយខ្លួន " ។
នាងទេពធីតាឆ្លើយថា " យ៉ាងម៉េចក៏ដោយ ចាំខ្ញុំជួយលោកតា ខ្ញុំនឹងបង្រៀនវិជ្ជាសិល្បៈ ដែលគ្មាននរណាចេះ ដល់លោកតា បើលោកតាមិនព្រមទទួលខ្ញុំធ្វើជាប្រពន្ធ តើធ្វើម្ដេចខ្ញុំនឹងបានទទួលទណ្ឌកម្មតាមការវិន័យនៃព្រះឥន្ទ្រ, សូមលោកតាអាណិតខ្ញុំផង " ។
ចៅមាព ក៏ព្រមទទួលនាង ទិព្វសុតាច័ន្ទ មកនៅជាមួយនឹងគាត់ ។ គាត់ពេញចិត្តនឹងទេពធីតានេះណាស់ ព្រោះជាស្ត្រីមានរូបសម្បត្តិល្អលើសស្ត្រីនានា មិនយូរប៉ុន្មានគាត់ក៏មានសេចក្ដីស្នេហាលើរូបនាង ។ នាង ទិព្វសុតាច័ន្ទ កាលបើបាននៅជាមួយតា លឹម សេង យូរមកនាងសង្កេតឃើញសេចក្ដីលំបាកវេទនារបស់តា នឹងចិត្តស្មោះត្រង់របស់គាត់ ក៏កើតមានចិត្តអាណិតតាជាខ្លាំង ទើបនាងសួរគាត់ថា " លោកតាបានខ្ចីលុយគេប៉ុន្មាន ? " ។
តាឆ្លើយថា " ៦ ណែន " ។
នាងប្រាប់តាថា "បើលោកតាខ្ចីគេតែ ៦ ណែន ដូច្នេះ លោកតានឹងត្រូវនៅបម្រើគេតែម្នាក់ឯងទេ ឥឡូវនេះសូមលោកតាទៅខ្ចីឲ្យបាន ៤ ណែនថែមទៀត ទើបចៅនឹងបាននៅជាមួយលោកតាផង លុយដែលនឹងទៅខ្ចីគេថែមទៀតនោះ យើងនឹងយកមកចាយវាយប្រើការឲ្យបានផលប្រយោជន៍ច្រើន " ។
ចៅមានព ក៏ទៅខ្ចីលុយពីម្ចាស់បំណុលខ្លួនបាន ៤ ណែន ទៀតយកមកឲ្យនាង ទិព្វសុតាច័ន្ទ ។ នាងក៏សុំឲ្យលោកតាយកប្រាក់ទាំង ៤ ណែន នោះទៅទិញសូត្រយកមកនាង ។ តាក៏ទិញបានសូត្រនៅជាសំបុកចំនួន ២០ នាឡិ ។ នាង ទិព្វសុតាច័ន្ទ ក៏រវៃសូត្រនោះ ហើយត្បាញជាសំពត់ផ្សេងៗ មានសំពត់បាក់ជារូបស្លឹកឈើ រូបសត្វ និងជារូបគំនូរផ្សេងៗ ទៀតជាច្រើនរាប់មិនអស់ ។ នាងត្បាញសំពត់ល្អៗណាស់ ដែលសម័យនោះគ្មាននរណាធ្វើបានដូចនាងឡើយ ។ កាលបើត្បាញបានសំពត់ច្រើនហើយ នាងក៏ប្រើប្ដីនាងឲ្យយកសំពត់ទាំងនោះទៅជូនចៅហ្វាយខ្លួន ។ អ្នកម្ចាស់បំណុលយកដៃស្ទាបសំពត់មើល មានសេចក្ដីស្ងើចក្នុងចិត្តក្រៃលែង ព្រោះគ្មាននរណាមួយអាចចេះត្បាញដូច្នេះបានឡើយ ។ អ្នកម្ចាស់បំណុលពោលសរសើរ ចៅមានព ជាច្រើន ហើយដោយអំណាចគាត់កើតសេចក្ដីសប្បាយពន់ពេក គាត់ក៏បានឲ្យលុយ ៥០ ណែនទៅតា ព្រមទាំងឈប់ទារយកវិញ នូវប្រាក់ដែលតាបានជំពាក់គាត់ពីមុនមកទាំងអំបាលម៉ានផង ។ មិនតែប៉ុណ្ណោះ អ្នកម្ចាស់បំណុលបានទាំងបញ្ជូនមនុស្សទៅរៀនវិជ្ជាត្បាញសូត្រពីនាង ទិព្វសុតាច័ន្ទ ផង ។ នាង ទិព្វសុតាច័ន្ទ ក៏បានទិញសំបុកសូត្រ (សំបុកដង្កូវនាង ) ជាច្រើនហាបយកមកបង្រៀនបម្រើចៅហ្វាយមានពឲ្យរវៃ ឲ្យត្បាញរាល់ថ្ងៃ ។
មិនយូរប៉ុន្មាន ចៅមានព ក៏បានឡើងជាអ្នកមានម្នាក់មានអំណាច នឹងមានរាប់រកជាច្រើន ។
ប្រមាណជាមួយឆ្នាំក្រោយមក នាង ទិព្វសុតាច័ន្ទ បានបុត្រប្រុសម្នាក់ ។ ទារកនេះរពឹសពន់ពេក នៅពេលដែលវាចេះវារ វាចេះជីកដីធ្វើជាកំពែងការពារ ពេលចេះអង្គុយ វាគូរលេងលើដីធ្វើជារូបសត្វ រូបមនុស្ស គឺថាវាចូលចិត្តគូរដីលេង ឥតចេះខ្ជិល ឥតឈប់ឈរ វាជាក្មេងពុំចេះនៅស្ងៀមមួយស្របក់ណាសោះឡើយ ។ អាស្រ័យហេតុដូច្នេះ ទើបម្ដាយដាក់ឈ្មោះថា ព្រះពិស្ណុការ(១)។
លុះកុមារមានវ័យចំនួន ៥ ឆ្នាំ នាង ទិព្វសុតាច័ន្ទ ក៏ត្រូវផុតកំណត់ ៦ ឆ្នាំ ដែលព្រះឥន្ទ្របានផ្ដន្ទាទោសតម្រូវឲ្យនាងមកធ្វើជាប្រពន្ធមានព។ ដូច្នេះ ដើម្បីរំឭករឿងនោះដល់តា នាងក៏បេះផ្កាចំនួន ៦ទង យកទៅដាក់នៅលើខ្នើយដេក រួចក៏ហោះទៅកាន់ឋានព្រះឥន្ទ្រវិញ ។
លុះដល់ពេលបាយ តាលឹម សេង ដោយមានសេចក្ដីងឿងឆ្ងល់ នឹងមិនឃើញប្រពន្ធចេញមកបរិភោគបាយ ក៏ចូលទៅក្នុងបន្ទប់រកមើលឃើញផ្កា ៦ ទង ដាក់ចោលលើខ្នើយក៏យល់ន័យមួយរំពេច ។ តា លឹម សេង ក៏ទួញសោកស្ដាយរឭកប្រពន្ធក្មេង ដែលរត់ចោលបាត់ទៅនោះពន់ពេក ។ អ្នកជិតខាងបានដឹង គេជួយអាណិតគាត់គ្រប់ៗ គ្នា ។ ចំណែកព្រះវិស្ណុវិញ ក៏រត់រកម្ដាយគ្រប់ច្រកល្ហកទាំងអស់ ស្រែកបង្កូកហៅម្ដាយលាន់ឮរំពងហើយយំសោកបោកខ្លួនជាមួយឪពុក ។
គ្រានោះ នៅក្នុងព្រះរាជអាណាចក្រកម្ពុជា ព្រះបាទប្រទេសរាជទ្រង់សោយព្រះទិវង្គតទៅ ព្រះអង្គឥតមានព្រះរាជបុត្រាបុត្រី ១ អង្គណា ដើម្បីសោយរាជស្នងព្រះអង្គឡើយ ។ ព្រះញាតិវង្សព្រះថោងក៏ផុតរលត់ត្រឹមនេះ ។ គេសង្កេតឃើញមាននៅសល់តែ ក្រុងហ៊ូវ និងក្រាយហ៊ូវ ពីររូបប៉ុណ្ណោះទេ ដែលជាអ្នកជាប់ព្រះលោហិតក្សត្រ ។ កាលបើដូច្នេះ ព្រះរាជបល្ល័ង្កក៏ទំនេរ ។
ដំណាលពីបុរសកម្សត់ម្នាក់ ដែលប្រកបការចិញ្ចឹមជីវិតដោយកាប់ឧសលក់នៅក្នុងព្រៃ ។ ថ្ងៃមួយ នៅពេលដែលបុរសនោះកំពុងប្រកបកិច្ចការតាមធម្មតារបស់ខ្លួន ស្រាប់តែមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង បុរសបានរត់ទៅជ្រកនៅក្នុងខ្ទមអ្នកតាមួយ ។ និយាយពីឥន្ទ្រាធិរាជដែលជាស្ដេចនៃទេវតា នៅពេលនោះព្រះអង្គបាននិម្មិតធ្វើជាមាន់គកពីរ មួយសម្បុរស មួយសម្បុរខ្មៅ ។ មានខ្មៅមកទុំនៅសសរកន្លោងនៃខ្ទម មាន់សមកទុំលើដំបូលខ្ទម ។ មួយសន្ទុះមកមានសរងាវ ។ ឯមាន់ខ្មៅដែលចេះនិយាយភាសាមនុស្សក៏និយាយថា "នរណាហ៊ានមករងាវលើក្បាលអញដូច្នេះ ? តើអ្នកឯងមានឫទ្ធិអំណាចយ៉ាងណាទៅ ? " ។
មាន់សឆ្លើយ "យើងមានឫទ្ធិអំណាចខ្លាំងណាស់ ប្រសិនបើនរណាមួយបានស៊ីសាច់យើង អ្នកនោះនឹងបានជាស្ដេចផែនដី " ។
មាន់ខ្មៅក៏ឆ្លើយថា "បើមនុស្សប្រុសណាមួយបានស៊ីក្បាលយើង អ្នកឯងនឹងបានជាស្ដេចសង្ឃ បើមនុស្សស្រីណាបានស៊ីសាច់ភ្លៅយើង ស្រីនោះនឹងបានជាអគ្គមហេសីស្ដេច បើមនុស្សប្រុសណាបានស៊ីសាច់ទ្រូងយើង អ្នកនោះនឹងសោយរាជ្យ ដូច្នេះត្រូវអ្នកកុំមើលងាយយើងឲ្យសោះ " ។
តមក មាន់សក៏ហើរបាត់ទៅ ។ ឯមាន់ខ្មៅនៅទំនឹងសសរកន្លោងដដែល ។ បុរសកម្សត់ក៏លបៗ ចូលទៅចាប់មាន់ខ្មៅបាន ហើយសម្លាប់ភ្លាមយួរយកទៅផ្ទះខ្លួន ។ បុរសក៏និយាយការសម្ងាត់នេះប្រាប់ប្រពន្ធៗ មានសេចក្ដីរីករាយក្រៃលែង យកមាន់នោះទៅចម្អិនធ្វើម្ហូប រួចដួសដាក់ចាន ដាក់ថាស លើកយកមកបម្រុងនឹងបរិភោគ ។ ប៉ុន្តែនៅពេលនោះ បុរសប្ដីនិយាយទៅកាន់ប្រពន្ធថា "យើងជិតបានមកុដពាក់ហើយ ដូច្នេះត្រូវយើងយកម្ហូបវិសេសនេះទៅឯមាត់ស្ទឹង យើងនឹងមុជទឹកដុសខ្លួនឲ្យស្អាត យកសំលៀកបំពាក់ថ្មីៗ មកស្លៀកពាក់ឲ្យហ៊ឺហា រួចសឹមយើងចាប់បរិភោគម្ហូបមាន់នេះ " ។
បុរសប្ដីប្រពន្ធក៏ជញ្ជូនម្ហូបអាហារទៅដាក់មាត់ទឹក មុជទឹកក្នុងស្ទឹងលេងយ៉ាងសប្បាយ លុះងើបពីទឹកឡើងបុរសប្ដីប្រពន្ធមើលថាសដាក់ម្ហូបពុំឃើញ ដោយរលកទឹកបានកួចយកថាសរសាត់ទៅតាមខ្សែទឹកបាត់ទៅ ។
នៅថ្ងៃនោះ, មានទម័កដំរីម្នាក់ឈ្មោះ ទា គាត់បាននាំដំរីគាត់ជាច្រើនទៅឲ្យចុះត្រាំទឹកស្ទឹងនោះ បានឃើញថាសនោះអណ្ដែតមករកគាត់ៗ លើកយកនោះទៅប្រគេនព្រះសង្ឃជាមេវត្តមួយអង្គ ។ លោកសង្ឃបានស្គាល់ច្បាស់នូវគុណភាពនៃសាច់នោះ ក៏ចាប់ក្បាលមាន់ឆាន់ទៅ រួចលោកប្រទានសាច់ទ្រូង ទៅឈ្មោះ ទា សាច់ភ្លៅទៅនាង វង ជាប្រពន្ធឈ្មោះ ទា ប៉ុន្តែលោកឥតមានពុទ្ធដីកាថាអ្វីឡើយ ។ ទា និង វង ក៏បបួលគ្នាត្រឡប់ទៅផ្ទះវិញ ។
និយាយពីបុរសប្ដីប្រពន្ធ គាត់បានខំដើររកថាសម្ហូបនោះគ្រប់កន្លែងទាំងអស់ ប៉ុន្តែពុំឃើញ គិតថាប្រាកដជានរណាមកលួចយករបស់គាត់ហើយ ក៏ប្រទេសផ្ដាសាជនពុំស្គាល់មុខនោះជាច្រើនរាប់ពុំអស់ ។
បន្ទាប់ពីនោះមកបីថ្ងៃ នៅក្នុងប្រទេសក៏មានការប្រជុំគណៈរដ្ឋមន្ត្រី, នៅក្នុងសម័យប្រជុំនោះ រដ្ឋមន្ត្រីទាំងឡាយបានប្ដូរយោបល់គ្នាថា "ព្រះរាជាណាចក្រយើង ពុំទាន់មានព្រះមហាក្សត្រគ្រងរាជ្យនៅឡើយទេ " ដូច្នេះត្រូវបញ្ចេញដំរីមកកូប ហើយបួងសួងដល់ទេវតា សូមឲ្យនាំដំរីចេញទៅលត់ជង្គង់ខ្លួនឯង ចំពោះមុខជនណាមួយដែលអាចអង្គុយលើរាជបល្ល័ង្កបាន ហើយសូមឲ្យដំរីលើកបុរសនោះដាក់លើក្បាលនាំមកទីនេះ ដើម្បីយើងនឹងរៀបធ្វើព្រះរាជពិធីអភិសេក ឲ្យបុរសនោះឡើងសោយរាជ្យក្នុងព្រះនគរ ។
លុះជំនុំហើយ គេយកដំរីមករៀបចំចងកូប នឹងគ្រឿងលំអឯទៀតជាច្រើន ហើយលែងឲ្យវាដើរទៅតាមចិត្តវា ។ ដំរីក៏ដើរសំដៅទៅរកហ្ម ទា និងនាង វង ហើយលុតជង្គង់នៅមុខជនទាំងពីរនាក់ រួចលើកជនទាំងពីរនោះដាក់លើក្បាល បញ្ជិះមកកាន់ព្រះបរមរាជវាំង ។ ខណៈនោះ ពួករដ្ឋមន្ត្រីក៏រៀបចំធ្វើព្រះរាជពិធីរាជាភិសេកភ្លាម តាមរាជប្រពៃណី ។ ហ្ម ទា ក៏បានទទួលព្រះបរមនាមថា ទេវង(១) អស្ចារ្យ ។
ឯក្រុងហ៊ូវ និង ក្រាយហ៊ូវ មានសេចក្ដីអាក់អន់ព្រះទ័យមិនព្រមចុះចូលព្រះមហាក្សត្រថ្មី ក៏បានរត់ទៅនៅឯស្រុកបាកាន ខេត្តពោធិ៍សាត់ ហើយទ្រង់បានសង់ប្រាសាទមួយនៅទីនោះ ។
ដំណាលពីព្រះឥន្ទ្រាធិរាជ ទ្រង់សង្កេតឃើញព្រះអគ្គមហេសីនៃព្រះមហាក្សត្រថ្មី ពុំទាន់មានព្រះរាជបុត្រានៅឡើយ ក៏ទ្រង់ព្រះចិន្ដាថា "យើងនឹងផ្ដល់ព្រះរាជបុត្រមួយអង្គដល់ព្រះនាងវង ព្រះរាជបុត្រនេះមានសញ្ជាតិជាជាព្រះឥន្ទ្រសុទ្ធ ដើម្បីឲ្យជាប់ជាព្រះញាតិវង្សសោយរាជ្យក្នុងប្រទេសខ្មែរជានិរន្តរតទៅ " ។
ថ្ងៃមួយ នៅពេលដែលព្រះមហាក្សត្រិយានីវង ទ្រង់យាងចេញពីមហាប្រាសាទ ព្រះឥន្ទ្រទ្រង់ហោះចេញមកឋិតនៅលើអាកាស ។ មនុស្សលោកមើលព្រះអង្គពុំឃើញទេ ឃើញតែពន្លឺមួយយ៉ាងធំខៀវសន្ធឹងកាត់អាកាស ។ អ្នកស្រុកស្រែកឆោឡោឡើងថា "ពន្លឺធ្លាក់! ពន្លឺធ្លាក់!" ។ ព្រះឥន្ទ្រ ក៏ទម្លាក់កម្រងផ្កាមកលើព្រះកាយព្រះនាង វង ហើយទ្រង់ត្រឡប់ទោឋានព្រះអង្គវិញបាត់ទៅ ។
ព្រះនាងអគ្គមហេសីវង ទ្រង់មានព្រះគភ៌ពីត្រឹមពេលនោះមក ហើយប្រសូតិបានព្រះរាជបុត្រមួយព្រះអង្គថ្វាយព្រះនាមថា " ព្រះកេតុមាលា " មានន័យថា ពន្លឺកម្រងផ្កា ។
សូមដំណាលពីព្រះវិស្ណុវិញ អ្នកខំរត់រកម្ដាយគ្រប់ច្រកល្ហកអស់ហើយ ប៉ុន្តែឥតបានដឹងថាម្ដាយនៅឯណាសោះ ។ កុមារក៏កើតទុក្ខរកទីបំផុតគ្មាន ទើបថ្ងៃមួយសួរឪពុកថា " ម្ដាយខ្ញុំជាអ្វី ? " ។
ឪពុកឆ្លើយថា "ម្ដាយកូនឯងជាទេពធីតា នាងត្រូវមកនៅក្នុងឋានមនុស្សយើងនេះ តែត្រឹម ៦ ឆ្នាំទេ ឥឡូវនាងត្រឡប់ទៅឋានទេវតាវិញហើយ ឋាននោះនៅឆ្ងាយណាស់ ឪពុកពុំដឹងជាម្ដាយកូនឯនៅត្រង់ណាទេ " ។
កុមារនៅស្ងៀម ប៉ុន្តែចេះតែនឹកមករកម្ដាយឥតមានភ្លេច ក៏សម្រេចចិត្តថានឹងចេញទៅរកម្ដាយឲ្យទាល់តែឃើញ ទោះបីឪពុកខំនិយាយឃាត់យ៉ាងណា ក៏កុមារពុំយល់ស្របតាជាដាច់ខាត ។ ព្រះពិស្ណុការកុមារបានធ្វើដំណើរចេញទៅ ដើរកាត់ព្រៃលេចវាល លេចវាលចូលព្រៃ ពេលឃ្លានបេះផ្លែរុក្ខជាតិនានាធ្វើជាអាហារ សំលៀកបំពាក់រហែករយ៉ីរយ៉ៃអស់ ។ ប៉ុន្តែដោយហេតុកុមារនេះ មានវាសនាល្អ ថ្ងៃមួយពួកទេពធីតា បានចុះមកលេងនៅលើភ្នំមួយ ហើយក្នុងបណ្ដាទេពធីតាទាំងនោះ មាននាង ទិព្វសុតាច័ន្ទ មួយផង ។ នាងកំពុងនាំគ្នាដើរកាច់ផ្កាតាមដងព្រៃចងជាបាច់ៗ ។
កាលព្រះពិស្ណុការបានឃើញស្ត្រីល្អៗ ដូច្នោះក៏នឹកថា " អស់ពេលជាច្រើនឆ្នាំណាស់មកហើយ ដែលអញដើរចេញពីទីភូមិមួយដែលមានមនុស្សលោកនៅ អញឥតដែលបានជួប នឹងមនុស្សណាម្នាក់ណាសោះសំលៀកបំពាក់អញក៏រហែកដាច់ដាច ហើយអញពុំអាចរកអ្វីមកផ្លាស់បានទេ ក្រៅពីយកស្លឹកឈើមកចងបិទបាំងខ្លួនដូច្នេះ មនុស្សស្រីទាំងឡាយដ៏ល្អៗ ក្រៃលែងនេះ មកពីឋានណា ? មិនមែនជាពួកទេពធីតាទេឬ ? " ។ គិតដូច្នេះហើយ ព្រះពិស្ណុការរត់ពួន ។ ស្ត្រីទាំងនោះបានដើរមកជិតដល់កុមារៗ ក៏លើកដៃបួងសួងឡើងថា " បើក្នុងស្ត្រីជាទេពធីតាទាំងអស់នេះ ឥតមានម្ដាយខ្ញុំនៅក្នុងនេះផងទេ សូមឲ្យហោះហើរទៅកាន់ឋានលំនៅគេវិញកុំបីមានសល់ឡើយ ប៉ុន្តែ បើមានម្ដាយខ្ញុំមកនៅក្នុងទីនេះផង ខ្ញុំសូមកុំឲ្យម្ដាយខ្ញុំហោះហើរទៅជាមួយគេរួច " ។
លុះបួងសួងដូច្នេះចប់ហើយ ព្រះពិស្ណុការក៏រត់ចេញសំដៅទៅទីកន្លែង ដែលនាងទេពធីតាទាំងនោះកំពុងលេង ។ នាងទេពធីតាទាំងឡាយ កាលបើឃើញកុមារមនុស្សលោកក៏ភ្ញាក់ផ្អើលហោះទៅឋានលើអស់ នៅសល់តែនាង ទិព្វសុតាច័ន្ទ ហោះទៅនឹងគេពុំរួច ។ ព្រះពិស្ណុការក៏រត់ទៅចាប់ឱបរឹតនាងយ៉ាងស្និទ្ធស្នាលជាទីបំផុត ។
នាងទិព្វសុតាច័ន្ទ ស្រែកយ៉ាងខ្លាំងៗថា "តើកម្មអ្វីតាមមកគ្របសង្កត់លើរូបខ្ញុំទៀតហើយ ខ្ញុំបានសោយទុក្ខសោយទោស បានរួចពីឋានមនុស្សលោកហើយ ម្ដេចឡើយក៏មានមនុស្សលោកមកចាប់រឹតរួតខ្ញុំជាថ្មីម្ដងទៀតដូច្នេះ ? " ។
ព្រះពិស្ណុការ ស្រែកឡើងថា " ម៉ែ! ម៉ែ! ខ្ញុំនេះត្រូវជាកូនម៉ែ " ។ កាលដែលម៉ែរត់ចេញពីផ្ទះបាត់ទៅ កូនយំទួញសោកខំដើររកគ្រប់ទីកន្លែងពុំឃើញសោះ លោកឪពុកបានចូលទៅរកម៉ែក្នុងបន្ទប់ ហើយឃើញតែផ្កាប្រាំមួយទងដាក់លើខ្នើយ គាត់ក៏យល់ភ្លាមថា "ម៉ែត្រឡប់ទៅឋានទេវតាវិញហើយ " គាត់កើតទុក្ខពន់ប្រមាណ រកអ្វីមកប្រៀបពុំបានទេ នៅក្នុងលោកយើងនេះ មិនតែប៉ុណ្ណោះ អ្នកជិតខាងក៏បានមកជួយយំសោកស្ដាយ ស្រណោះអាឡោះអាល័យម៉ែជាមួយនឹងយើងដែរ តាំងពីពេលនោះមក ខ្ញុំចេះតែនឹកមមៃមកម៉ែពុំមានភ្លេចសោះឡើយ លុះខ្ញុំធំដឹងក្ដីបន្តិចឡើង ខ្ញុំក៏សុំលាលោកឪពុកចេញដើរផ្សងព្រេងតាមរកម៉ែ ហើយកូនស្មានថា " កូនមុខជាស្លាប់ដោយអស់កម្លាំងបាក់ជ័របាយពុំខាន " តែឥឡូវនេះ ខ្ញុំបានមកជួនម៉ែហើយ,ខ្ញុំសូមអង្វរម៉ែឲ្យត្រឡប់ទៅវិញជាមួយនឹងកូន ! " ។
នាង ទិព្វសុតាច័ន្ទ ស្គាល់កុមារថាកូនរបស់ខ្លួនពិតដោយសារសំដីកុមារនិយាយ ។ ដូច្នេះនាងក៏យំទួញសោយសោកអាណិតកូនជាខ្លាំង ហើយវាចាទៅកូនថា
"ម៉ែឥតមានស្អប់ខ្ពើមឪពុកកូនឯងទេ ម៉ែតែងនឹកមកកូននឹងឪពុកឯងពុំមានភ្លេច ព្រមទាំងអ្នកភូមិផងរបងជាមួយឯងទៀត ដែលម្ដាយធ្លាប់នៅជាមួយគេ ប៉ុន្តែម៉ែជាតិជាទេពធីតា ពុំអាចនៅជាមួយមនុស្សលោកបានយូរទេ រាល់ថ្ងៃម៉ែតែងទៅបំពេញកិច្ចនៅចំពោះមុខព្រះភក្ត្រព្រះឥន្ទ្រាធិរាជ គឺសុំអង្វរឲ្យព្រះអង្គប្រទានពរដល់កូនឯងនិងឪពុកកូនឯងកុំបីខាន មិនតែប៉ុណ្ណោះ ម្ដាយបានទាំងទូលសុំព្រះឥន្ទ្រឲ្យព្រះអង្គមេត្តាផ្សាយនូវសុភមង្គល ដល់មនុស្សនៅឋាននេះទូទៅផង កូនប្រុសពន្លកម្ដាយ! ម្ដាយពុំអាចនៅជាមួយនឹងកូនបានទៀត តែម្ដាយយកកូនឯងទៅលេងប្រាសាទម្ដាយឯឋានលើមួយដង ម្ដាយនឹងនាំកូនឯងទៅមុជទឹកក្នុងអាងក្រអូបនៅក្នុងសួនព្រះឥន្ទ្រហើយទឹកនោះនឹងជម្រះកាយកូនឯង ឲ្យបាត់ធំក្លិនមនុស្សលោក បន្ទាប់ពីនោះមក ម្ដាយនឹងនាំកូនឯងចូលទៅក្នុងប្រាសាទ រួចនាំកូនឯងទៅថ្វាយបង្គំព្រះឥន្ទ្រ " ។
នាង ទិព្វសុតាច័ន្ទ ក៏ហុចក្រមាទៅព្រះពិស្ណុផ្លាស់ រួចនាងលើកបុត្រឡើងហោះកាត់អាកាស ។ នាងយកបុត្រទៅឲ្យមុជទឹកក្រអូប នាំចូលក្នុងលំនៅនាង នាងយកសំលៀកបំពាក់ស្អាត ។ មកស្លៀកពាក់ឲ្យយកម្ហូបសួគ៌មកឲ្យបរិភោគ រួចនាំចូលទៅក្នុងប្រាសាទព្រះឥន្ទ្រ ។ ព្រះពិស្ណុការក៏កើតសេចក្ដីសប្បាយអស្ចារ្យណាស់ ប៉ុន្តែដល់កុមារចូលទៅក្នុងបន្ទប់ សម្រាប់ជួបនឹងព្រះឥន្ទ្រដោយអ្នកមានសេចក្ដីចាប់អារម្មណ៍ក្រៃពេក ចំពោះលំអនៃបន្ទប់នោះក៏ទៅជាញ័រដៃញ័រជើង (ចាញ់បុណ្យ) នៅទីនោះ ។ នៅពេលព្រះឥន្ទ្រាធិរាជយាងចេញមកតាមនោះ ទ្រង់ទតឃើញកុមារទ្រង់សួរទៅនាង ទិព្វសុតាច័ន្ទ ថា " តើមនុស្សនេះជាអ្វី បានជានាងនាំមកដល់ប្រាសាទយើង ? " ។
នាង ទិព្វសុតាច័ន្ទ ទូលថា " ជាបុត្រខ្ញុំម្ចាស់ កាលដែលខ្ញុំម្ចាស់ចុះទៅនៅឯឋានមនុស្សលោក រៀបការជាមួយនឹងលោកតា លឹម សេង " ។
ព្រះឥន្ទ្រមានបន្ទូលថា " នែកុមារដ៏ប្រសើរ ! ចូរឯងក្រោកឡើង " ។
ព្រះពិស្ណុការក៏បានដឹងស្មារតីឡើង លុតជង្គង់បន្ទន់ខ្លួននៅចំពោះព្រះភក្ត្រនៃស្ដេចទេវតា ។ ព្រះឥន្ទ្រក៏នាំកុមារចូលទៅក្នុងបន្ទប់ប្រាសាទព្រះអង្គ ហើយទ្រង់ត្រាស់សួរកុមារជាច្រើនបញ្ហា អំពីឋានមនុស្សលោកដែលកុមាររស់នៅ ។ ចម្លើយនៃព្រះពិស្ណុការ បានធ្វើព្រះអង្គសព្វព្រះទ័យពន់ពេក ។ នៅពេលនោះ នាង ទិព្វសុតាច័ន្ទ បានទូលព្រះឥន្ទ្របន្ថែមថា " បុត្រខ្ញុំម្ចាស់មានការប៉ិនប្រសប់ណាស់ គឺចេះកូរ ចេះឆ្លាក់ នាំឲ្យមនុស្សលោកមានសេចក្ដីកោតសរសើរស្ញប់ស្ញែងជាក្រៃលែង ប៉ុន្តែទាស់តែកូនខ្ញុំម្ចាស់ចេះចំណេះទាំងនេះ ដោយឥតបានរៀនពីគ្រូណាសោះ គឺវាចេះដោយសារគំនិតវាតែម្ដង " ។ ព្រះឥន្ទ្រឆ្លើយថា " មែនហើយ ! មនុស្សណា ដែលចេះវិជ្ជាឥតគ្រូលោកប្រដូចនឹងមនុស្សឆ្កួត បើដូច្នេះ ចូរឯងនាំកុមារនេះទៅជួបនឹងទេវបុត្ត ដែលជានាយរោងជាងឈើ គេនឹងបង្រៀនកុមារ ឲ្យចេះមុខវិជ្ជាប្លែកៗសិន រួចនឹងឲ្យកុមារត្រឡប់ទៅឋានមនុស្សវិញ ព្រោះកុមារមានសញ្ជាតិជាមនុស្សលោក ពុំអាចមកនៅក្នុងទីនេះរហូតទៅបានទេ " ។
ព្រះពិស្ណុការក៏ទៅនៅជាមួយទេវបុត្ត ដែលជាអ្នកបច្ចេកទេសខាងវិជ្ជាសិល្បៈនឹងខាងសំណង់ ។ យុវជនខំរៀនគូរ រៀនឆ្លាក់ រៀនលេងភ្លេង អំពីសំណាក់ទេវបុត្តជាគ្រូទាំងនោះ បានចេះចាំស្ទាត់សព្វគ្រប់ទាំងអស់ គឺចេះសង់នាវាអាចបើកបរលើគោកបាន ចេះឆ្លាក់ប្រាក់ ឆ្លាក់មាស ចេះស្លដែកគ្រប់យ៉ាង ចេះវិជ្ជាលាយទឹក ហើយទឹកនោះ បើកាលណាគេចាក់រាយលើដីឥដ្ឋ ដីនោះនឹងក្លាយជាថ្ម ។ សរុបសេចក្ដីទៅ គឺកុមារបានចេះចាំទាំងអស់ នូវមុខវិជ្ជាទាំងឡាយណា ដែលទេវបុត្តបានបង្រៀន ហើយទេវបុត្តបាននិយាយលើកទឹកចិត្តកុមារដូច្នេះទៀតផងថា កិច្ចការដែលអ្នកចេះធ្វើទាំងប៉ុន្មាននេះ អាចគង់ឋិតថេរនៅបាន អស់ពេលច្រើនពាន់ឆ្នាំ ឯចំណែកការងាររបស់ខ្ញុំវិញ មានមានជីវិតត្រឹមមួយរជ្ជកាលស្ដេចមួយព្រះអង្គៗ ប៉ុណ្ណោះទេ, ឧបមាថា បើព្រះមហាក្សត្រអង្គណាមួយ បានសោយរាជសម្បត្តិ ហើយទ្រង់សព្វព្រះរាជហឫទ័យ ឲ្យខ្ញុំសង់ប្រាសាទថ្វាយខ្ញុំអាចសង់បានមួយរំពេច ប៉ុន្តែនៅពេលព្រះមហាក្សត្រអង្គនោះទ្រង់សោយព្រះទិវង្គតទៅ ប្រាសាទក៏ត្រូវរលាយបាត់ក្នុងពេលនោះដែរ ដូច្នេះ ឃើញថា ឫទ្ធិអំណាចរបស់ឯង មានអានុភាពខ្លាំងលើសលប់លើឫទ្ធិអំណាចរបស់យើង " ។
ទេវបុត្តក៏នាំសេចក្ដីក្រាបទូលព្រះឥន្ទ្រាធិរាជ អំពីលទ្ធផលដ៏ប្រសើរក្រៃលែង ដែលកើតមានអំពីការអប់រំព្រះពិស្ណុការ ។ ព្រះឥន្ទ្រក៏ទ្រង់សព្វព្រះទ័យជាខ្លាំង ហើយទ្រង់ទទួលស្គាល់ថា " ព្រះពិស្ណុការនឹងក្លាយទៅជាអ្នកអប់រំ អ្នកបង្ហាត់បង្រៀនមនុស្សលោកទាំងអស់ ដែលកាន់ព្រះពុទ្ធសាសនា " ។
បន្ទាប់មក ព្រះឥន្ទ្រក៏មានព្រះឱង្ការថា "ជាងសំណង់ទាំងអស់ ដែលជាតិជាមនុស្សលោក មុននឹងកសាងអ្វីៗ ត្រូវតែរៀបដង្វាយព្រះពិស្ណុការសិន ឯប្រដាប់ដង្វាយមានដូចតទៅនេះ គឺស្រា ១ ដប ប្រាក់ ១ បាត (១ រៀល) ដើមចេក ៤ កង់ មានដោតម្លូនិងស្លាលើនោះផង, សំពត់ស ៤ ហត្ថ អង្ករ ១ ផ្តិល និងទៀន ១ បើជនណាមួយចាប់ធ្វើកិច្ចការអ្វីៗ មិនបានរៀបដង្វាយនេះ ថ្វាយព្រះពិស្ណុការទេ អ្នកនោះឯង នឹងបើកភ្នែកពុំរួចឡើយ ទោះបីបើករួចមើលឃើញពន្លឺថ្ងៃ ក៏នៅមានពពឹកភ្នែកគ្របភ្នែក ( ភ្នែកអៀស៊ី ) ដែរ ។
កាលព្រះឥន្ទ្រមានព្រះបន្ទូលមកដល់ត្រង់នេះ ព្រះអង្គនឹកឃើញដល់កេតុមាលា ហើយព្រះអង្គក៏ទ្រង់ហោះចុះមកប្រទេសកម្ពុជា ។ ពេលនោះជារាត្រីកាល មនុស្សទាំងឡាយមានសេចក្ដីភ្ញាក់ផ្អើលជាខ្លាំង ដោយឃើញពន្លឺភ្លឺត្រចះត្រចង់នៅលើមេឃ ហើយគេដណ្ដឹងសួរគ្នាថា "តើនរណាធ្វើអ្វី បានជាពន្លឺសន្ធោលើមេឃដូច្នេះ ?" ។ ព្រះឥន្ទ្រក៏បានចុះមកដល់ក្នុងប្រាសាទស្ដេច ។
ពួកអ្នកយាមក៏ទៅទូលព្រះបាទទេវង់អស្ចារ្យថា " មានសត្វពុំដែលស្គាល់ ចុះមកពីឋានទេវតា មានភាពដូចមនុស្ស ប៉ុន្តែមានពណ៌ខៀវ មានពន្លឺចាំងដូចភ្លើង បានចូលមកក្នុងប្រាសាទ " ។
ព្រះបាទទេវង់អស្ចារ្យយាងប្រញាប់ តម្រង់ទៅប្រាសាទព្រះអង្គ ហើយទ្រង់បានស្គាល់ថាជាព្រះឥន្ទ្រ ព្រះរាជាទ្រង់ឱនលុតជង្គង់ថ្វាយបង្គំព្រះឥន្ទ្រៗ សួរថា " តើព្រះមានស្គាល់ព្រះរាជបុត្រខ្ញុំឬទេ ? " ។
ព្រះបាទទេវង់អស្ចារ្យទូលថា " ទូលព្រះបង្គំពុំដែលស្គាល់ទេ " ។
ព្រះឥន្ទ្រសួរថា "កាលដែលព្រះកេតុមាលា ទ្រង់ព្រះសម្ភព តើមានអាភេទដូចម្ដេច? " ។
ព្រះបាទទេវង់អស្ចារ្យទូលថា " ឃើញពន្លឺខៀវលាតសន្ធឹងនៅលើមេឃ រួចស្រាប់តែមានកម្រងផ្កា ធ្លាក់មកលើអគ្គមហេសីទូលព្រះបង្គំ ហើយតមក អគ្គមហេសីទូលព្រះបង្គំមានផ្ទៃពោះ ឥឡូវប្រសូតិបុត្រមក សន្មតនាមថា កេតុមាលា ឥឡូវមានវ័យចម្រើនធំហើយ " ។
ព្រះឥន្ទ្រមានព្រះបន្ទូលថា " ហ្នឹងហើយ ! គឺកូនខ្ញុំ វាចុះមកចាប់បដិសន្ធិ " ។
ឮដូច្នោះ ព្រះបាទទេវង់អស្ចារ្យ ក៏ទ្រង់ត្រាស់ឲ្យហៅព្រះកេតុមាលាឲ្យចូលមក ។ ព្រះឥន្ទ្រក៏ចាប់លើកព្រះរាជកុមារ ឲ្យអង្គុយលើព្រះឧរូ ( ភ្លៅ ) រួចទ្រង់មានព្រះបន្ទូលថា " ពីដើមខ្ញុំឈ្មោះថាមឃមាណព ខ្ញុំបានស្ថាបនាផ្លូវថ្នល់ ស្ថាបនាទំនប់ទឹក សង់សាលា សង់ស្ពាន ខ្ញុំបានធ្វើបុណ្យដាក់ទានដល់អ្នកក្រីក្រលំបាក ដោយផលនេះ ខ្ញុំបានកើតទៅជាព្រះឥន្ទ្រ ដូចខ្ញុំមានចិត្តនឹកដល់ប្រទេសកម្ពុជាណាស់ ព្រោះប្រទេសទើបនឹងកើតឡើងថ្មីៗ ហើយតាំងពីពេលនោះ មកទល់ឥឡូវនេះ គ្មានមនុស្សខ្លាំងពូកែណាម្នាក់មកនៅក្នុងប្រទេសនេះសោះ ដូច្នេះយើងជួយធ្វើឯងឲ្យបានសប្បាយ ហើយឲ្យមានអាយុវែងផង ត្បិតមនុស្សលោកសម័យនេះ អាយុខ្លីណាស់ កម្រមាននរណាអាយុបានមួយរយឡើយ យើងនឹងនាំយកឯងចុះមុជទឹកក្នុងអាងមួយ ដើម្បីឲ្យបានអាយុវែង " ។
ព្រះឥន្ទ្រក៏លើកព្រះកេតុមាលា ហោះទៅកាន់ឋានទេវតា ។ នៅក្នុងសួនច្បារនៃព្រះឥន្ទ្រ មានអាទឹកមួយ ព្រះឥន្ទ្រក៏យកព្រះកេតុមាលា ទៅឲ្យមុជទឹកអាងនោះមួយថ្ងៃ ៧ ដង លុះត្រាតែគ្រប់ ៧ ថ្ងៃ ។ បន្ទាប់មក ព្រះឥន្ទ្រនាំព្រះកេតុមាលា ចូលទៅក្នុងប្រាសាទព្រះអង្គ រួចព្រះឥន្ទ្រអញ្ជើញទេវតាជាព្រាហ្មណ៍ ៧ នាក់ ឲ្យមកសូត្រសែកមន្តគាថានឹងប្រោះព្រំទឹកមន្តទៅលើព្រះកេតុមាលា ដើម្បីឲ្យបានអាយុជាងរយឆ្នាំ ។
កាលបើពិធីនេះ បានចប់សព្វគ្រប់ហើយ ព្រះឥន្ទ្រទ្រង់បង្គាប់ឲ្យគេទឹមព្រះរាជរថបញ្ជិះព្រះកេតុមាលា បរហោះព័ទ្ធជុំវិញប្រសាទព្រះអង្គ ដើម្បីឲ្យព្រះកេតុមាលា អាចមើលឃើញលំអប្រាសាទសព្វគ្រប់ទាំងអស់ ។
កាលបើព្រះកេតុមាលា ទៅមើលក្រោលគោសួគ៌ទៀត ។
ព្រះឥន្ទ្រក៏សួរព្រះកេតុមាលា ថា " អ្នកពេញចិត្តនឹងវត្ថុអ្វីៗ ដែលបានឃើញឬទេ ? " ។
ព្រះកេតុមាលា ទូលថា " ខ្ញុំមានសេចក្ដីស្ញប់ស្ញែងណាស់ " ។
ព្រះឥន្ទ្រមានបន្ទូលថា " ដូច្នេះខ្ញុំប្រគល់អាណាចក្រកម្ពុជានេះឲ្យឯង ហេតុនេះ បើឯងពេញចិត្តនឹងប្រាសាទណាមួយ ដែលឯងបានឃើញ ហើយចង់សង់ប្រាសាទណាមួយនៅប្រទេសកម្ពុជាឲ្យល្អដូច្នេះចូរឯងគ្រាន់តែនឹកក្នុងចិត្តឡើង យើងនឹងបញ្ជូនស្ថាបនិកម្នាក់ ឲ្យទៅសង់ឲ្យឯង នៅក្នុងប្រទេសឯងមួយរំពេច" ។ នៅពេលនោះព្រះកេតុមាលា ទើបតែនឹងមានព្រះជន្ម ១២ ឆ្នាំ ។ ដូច្នេះ ព្រះកុមារមានសេចក្ដីតក់ស្លុតខ្លាចព្រះឥន្ទ្រពន់ប្រមាណ ទ្រង់គិតឃើញថា "នៅក្នុងប្រទេសអញ អញពុំត្រូវឲ្យល្អជាងប្រាសាទព្រះឥន្ទ្រទេ បើសិនជាអញធ្វើឲ្យល្អជាង ឬប្រហែលព្រះអង្គនោះ ព្រះអង្គមុខជាអាក់អន់ព្រះទ័យពុំខាន " ។
ទ្រង់គិតដូច្នេះហើយ ព្រះកេតុមាលាទ្រង់ឆ្លើយថា "ទូលព្រះបង្គំចង់ឲ្យសង់ប្រាសាទមួយ ដែលមានលំអប្រហែលក្រោលគោព្រះអង្គ " ។
ព្រះឥន្ទ្រក៏ទ្រង់ព្រះសម្រួលថា "ក្រោលនេះជារបស់ល្អចំពោះភ្នែកចៅឯងហើយឬ?" ហើយទ្រង់មានបន្ទូលទៅព្រះពិស្ណុការថា "ចៅជាជាតិមនុស្សលោក ពុំអាចឋិតនៅឋានលើនេះបានរហូតទេយើងបញ្ជូនចៅឯងទៅប្រទេសកម្ពុជា ហើយត្រូវឯងសង់ប្រាសាទឲ្យព្រះរាជបុត្រយើងមួយខ្នង ឲ្យមានសោភ័ណភាពល្អជាងក្រោលគោយើង កាលបើចៅឯងសង់រួចស្រេចហើយ យើងចុះទៅធ្វើជាអធិបតីក្នុងពិធីរៀបចំអភិសេកព្រះរាជបុត្រយើង ឲ្យឡើងសោយរាជ្យ"
កាលបើព្រះពិស្ណុការ បានពិនិត្យមើលក្រោលគោព្រះឥន្ទ្របានសព្វគ្រប់ហើយ ព្រះឥន្ទ្រទ្រង់ព្រះរាជបញ្ជាឲ្យគេរៀបចំទឹមព្រះរាជរថព្រះអង្គបញ្ជិះព្រះកេតុមាលា និងព្រះពិស្ណុការ ចុះមកកាន់ផែនដីត្រង់ប្រទេសកម្ពុជា ។
ព្រះពិស្ណុការក៏ចាប់សង់ប្រាសាទភ្លាម នៅ ព. ស. ៦២០ ។ លោកបង្គាប់ឲ្យជីកស្នាមភ្លោះ យកអាចម៍ដីចាក់គរលើគ្នាយ៉ាងខ្ពស់ រួចទើបពិស្ណុការយករូបចម្លាក់ផ្សេងៗ ទោផ្ដិតលើដីនោះគ្រប់ទិសទាំងអស់ ។
ដំណាលពីកូនមេភូមិម្នាក់ឈ្មោះ សុវណ្ណ ។ អ្នកកំលោះនោះបានចូលធ្វើជាកម្មករព្រះពិស្ណុការ ។ លុះសុវណ្ណបានយល់ការថ្នឹកល្មមធ្វើការខ្លួនឯងកើត ព្រះពិស្ណុការក៏ជិះទូកទៅកាន់សមុទ្រដើម្បីរកសំបកខ្យងមកដុតធ្វើជាកំបោរ ដើម្បីបូកប្រាសាទ ។ លុះត្រឡប់មកវិញ មកដល់សំរោងសែន ស្រុកកំពង់លែង ទូកក៏ត្រូវលិចទឹក ។ ព្រះពិស្ណុការក៏បានស្ដារយានជំនិះនោះឡើង ប៉ុន្តែឥតកើបយកសំបកខ្យងទេ ។ អាស្រ័យហេតុនេះហើយបានជាសព្វថ្ងៃ គេឃើញមានសំបកខ្យងជាច្រើនគំនរ កប់នៅក្នុងភូមិសំរោងសែន ។ ចាប់តាំងពីច្រើនឆ្នាំណាស់មកហើយ, អ្នកស្រុកក្នុងភូមិនោះ តែងបបួលគ្នារើសសំបកខ្យងនោះមកដុតធ្វើជាកំបោរ ប៉ុន្តែសំបកខ្យងនៅតែមានចំនួនជាច្រើនក្រៃលែងរហូតមកដល់សព្វថ្ងៃនេះ ។
ថ្ងៃក្រោយមកទៀត ព្រះពិស្ណុការក៏ធ្វើដំណើរទៅកាន់សមុទ្រដើម្បីរើសសំបកខ្យងទៀត ។ ប៉ុន្តែម្ដងនេះ មានទូកសំពៅច្រើនណាស់ ហើយក៏បានសំបកខ្យងមកជាច្រើនក្រៃលែង ។ បន្ទាប់មកទៀត ព្រះពិស្ណុការក៏ចេញសំពៅបី ដើម្បីទៅរកគ្រាប់ល្ង ប៉ុន្តែលុះត្រឡប់មក មានយល់ព្យុះបោកបក់សំពៅត្រង់កោះកំញាន ខាងលិចដូនទ្រី ។ ព្រះពិស្ណុការចាក់គ្រាប់ល្ងក្នុងសំពៅនោះចោលទាំងអស់ រួចក៏ធ្វើគ្រាប់ល្ងនោះឲ្យរឹងក្លាយទៅជាកោះមួយ ហេតុនោះហើយបានជាសព្វថ្ងៃនេះ គេសង្កេតឃើញក្នុងកោះកំញាន មានពណ៌ខ្មៅដូចគ្រាប់ល្ង គ្មានដីអ្វីទៀតនៅជាមួយឡើយ ។
ចំណែកឯគ្រាប់ល្ងនៅក្នុងសំពៅពីរទៀត ព្រះពិស្ណុការក៏យកទៅលាយបូកពីលើប្រាសាទដី ដែលលោកបានសង់នោះ ។ ដីនោះក៏បានក្លាយទៅជាថ្មមួយរំពេច ។ កាលសង់ប្រាសាទ ព្រះពិស្ណុការឥតចាំបាច់ចងរន្ទា ដាំសសរមួយម្ដងៗ ដូចយើងទេ គឺលោកយកដីមកសង់ជាប្រាសាទ ៥ ជាន់ តែម្ដង ទើបយកទឹកថ្នាំលាយទៅលាបពីលើតួប្រាសាទដីទាំងមូល ។ ប្រាសាទនោះក៏ក្លាយទៅជាថ្ម ។
អាស្រ័យហេតុនេះហើយ បានជាយើងឃើញត្រង់វង់កោងនៃដំបូលប្រាសាទឥតមានរនូត ឬសសរទ្រពីក្រោមទេ ។
លុះការស្ថាបនាបានរួចស្រេចកាលណា ព្រះពិស្ណុការក៏លាបថ្នាំលើរូបចម្លាក់ទាំងនោះ, តម្រូវទៅតាមពណ៌ផ្សេងៗ ធ្វើឲ្យប្រាសាទមានលំអយ៉ាងត្រចះត្រចង់ គឺល្អដូចជាក្រោលគោព្រះឥន្ទ្រ ។
ព្រះកេតុមាលាពេញចិត្តនឹងប្រាសាទនោះណាស់ បានពោលសរសើរព្រះពិស្ណុការជាច្រើន ហើយបានសុំឲ្យព្រះពិស្ណុការសង់ប្រាសាទឯទៀតជាច្រើនតាម ដោយមានរូបចម្លាក់យ៉ាងឆើតឆាយ ។
ព្រះឥន្ទ្រាធិរាជដោយមានពួកទេវតាជាច្រើនតាមដង្ហែផង បានយាងចុះមកឋានក្រោម ប្រសិទ្ធិពរអភិសេកព្រះរាជបុត្រព្រះអង្គ ហើយព្រះអង្គថ្វាយព្រះនាមថា អរិដ្នពលពាហនោ (ព្រះកេតុមាលា ) រួចទ្រង់ប្រទេសខ្មែរយើងថា កម្ពុជា ដូចសព្វថ្ងៃនេះ ។
ពេលក្រោយមក ព្រះកេតុមាលាទ្រង់បានសង្កេតឃើញកំពូលប្រាសាទមួយពុំសូវត្រង់ ទ្រង់ក៏មានព្រះបន្ទូលប្រាប់ព្រះពិស្ណុការឲ្យឡើងតម្រង់កំពូលនោះ ។ ព្រះពិស្ណុការបានឆ្លើយថា " សូមព្រះអង្គទ្រង់ប្រើតែស្ត្រីម្នាក់ឲ្យយកផ្លែឃ្លោកទុំទៅវាយកំពូលនោះៗ នឹងងើបត្រង់ឡើងវិញហើយ " ។
ទ្រង់ព្រះសណ្ដាប់ដូច្នេះ ព្រះកេតុមាលា ក៏ទ្រង់ព្រះពិរោធជាខ្លាំង ព្រះអង្គទ្រង់បានបញ្ចេញនូវសូរខ្លាំងៗ ថា "ម៉េចក៏និយាយដូច្នេះ កំពូលប្រាសាទធ្វើសុទ្ធតែអំពីថ្ម ម្ដេចក៏ឯងប្រាប់ថាឲ្យស្ត្រីយកផ្លែឃ្លោកទុំទៅវាយតម្រង់ ? " ។
ចំណែកឯព្រះពិស្ណុការ ក៏ខឹងនឹងព្រះរាជាដែរ តែដោយគោរពព្រះចេស្ដា លោកក៏ប្រើស្ត្រីម្នាក់ ឲ្យយកផ្លែឃ្លោកទុំទៅគោះកំពូលប្រាសាទ កំពូលប្រាសាទនោះបានត្រង់ឡើងវិញ ។
ក្រោយពីនោះបន្តិចមកទៀត ព្រះកេតុមាលាទ្រង់បានប្រគល់ដែកទម្ងន់ ៣ហាបដើម្បីព្រះពិស្ណុការធ្វើព្រះខ័នមួយ ជានិមិត្តរូបនៃតេជានុភាពព្រះអង្គថ្វាយព្រះអង្គ ។ ព្រះពិស្ណុការបានយកដែកទៅស្លរំលាយនៅសល់ល្មមតែធ្វើព្រះខ័នតូចមួយ មានមុខស្ដើងជាងស្លឹកស្រូវទៅទៀតហើយមុតក្រៃលែង គឺថាបើគេយកព្រះខ័ននេះទៅកាប់ខ្លួនមនុស្សណាម្នាក់ជាពីរកំណាត់ គេពុំអាចមើលដឹងថា ខ្លួនមនុស្សដាច់ឡើយ គេស្មានថាកាប់ឥតត្រូវខ្លួន ហើយមនុស្សនៅនិយាយបានដូចដើម លុះតែគេដៃទៅច្រាន ទើបឃើញខ្លួនមនុស្សនោះដាច់ធ្លាក់ជាពីរកំណាត់ភ្លាម ម្យ៉ាងទៀត បើគេយកពាងមួយធ្វើអំពីដីមានដាក់ទឹកពេញ ហើយគេអាចកាត់ពាងនោះ ឲ្យដាច់ជាពីរកំណាត់មិនឲ្យទឹកក្នុងពាងនោះហូរចេញបាន លុះតែគេយកដៃច្រានពាងនោះទើបពាងបែកដាច់ជាពីរ ហើយទឹកក៏កំពប់ចេញ ។
ព្រះពិស្ណុការបានយកព្រះខ័នដែលទើបនឹងធ្វើហើយនោះ ទៅលត់ទឹកយ៉ាងត្រឹមត្រូវ រួចយកទៅថ្វាយព្រះកេតុមាលា ។ ព្រះកេតុមាលាកាលបើទ្រង់ទតឃើញទំហំព្រះខ័នភ្លាម ក៏ទ្រង់ព្រះពិរោធខ្លាំងក្រៃលែង, ព្រមទាំងទ្រង់បានបន្ទោសព្រះពិស្ណុការ យ៉ាងគំរោះគំរើយនៅចំពោះមុខនាម៉ឺនសព្វមុខមន្ត្រីទាំងអស់ថា " អ្នកឯងលួចដែកយើងយកទៅប្រើជាប្រយោជន៍ផ្ទាល់ខ្លួន បានជាដែក ៣ ហាប ធ្វើព្រះខ័នឲ្យយើងបានតែមួយតូចប៉ុណ្ណោះ " ។ ព្រះពិស្ណុការក៏ច្រឡោតតូងតាងដែរហើយឆ្លើយថា "ខ្ញុំលែងនៅប្រទេសកម្ពុជាទៀតហើយ ខ្ញុំនឹងត្រឡប់ទៅនៅឯប្រទេសចិនឯណោះវិញ " ។
ថាហើយ ព្រះពិស្ណុការក៏ក្រោកដើរចេញ ដោយអូសមុខព្រះខ័នលើក្ដារ ។ លុះព្រះពិស្ណុការដើរចេញទៅ គេក៏សង្កេតឃើញក្ដារដាច់ជាពីរ ដោយអំណាចមុខព្រះខ័នដែលព្រះពិស្ណុការបានអូសពីលើ ។ ព្រះកេតុមាលាទ្រង់ទតឃើញដូច្នោះ ក៏ត្រាស់បង្គាប់ឲ្យគេរត់តាមស្រែកហៅព្រះពិស្ណុការ ទារយកព្រះខ័នមកថ្វាយព្រះអង្គវិញ ។ ប៉ុន្តែព្រះពិស្ណុការប្រកែកពុំព្រមឲ្យ ហើយគ្រវែងចោលទៅកណ្ដាលទន្លេសាប រួចក៏ចុះសំពៅបើកក្ដោងសំដៅទៅស្រុកចិន ដែលជាស្រុកកំណើតរបស់គាត់ទៅ ។
នេះហើយជារឿងព្រះពិស្ណុការ ដែលមនុស្សភាគតិចណាស់បានដឹង ហើយដោយសារតែមានរឿងព្រេងនេះ បានជាអ្នកស្រុកគេជឿគេយល់ថា ប្រាសាទអង្គរជាស្នាដៃទេវតាសាង ។