Jump to content

ប្រជុំរឿងព្រេងខ្មែរ/ភាគទី៤/8

From Wikisource

៨- រឿង​ដើមកំណើត​រន្ទះ


កាល​ពី​ព្រេងនាយ មាន​បិសាច​មួយ ឈ្មោះ​រាមាសូរ និង​នាង​អារក្ខ​ទេវី​មួយ ឈ្មោះ​មេខលា ។ អ្នក​ទាំង​ពីរ​បាន​នៅ​បម្រើ​មហាឫសី​ដ៏​មាន​ឫទ្ធិ​ម្នាក់ ដើម្បី​នឹង​រៀន​វិជ្ជា​មន្ត​អាគមគាថា ។ បិសាច​នឹង​នាង​អារក្ខទេវី​បាន​ខំ​រៀន​ប្រណាំង​ប្រជែង​គ្នា ដើម្បី​បំពេញ​ចិត្ត​គ្រូ​រៀង​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​ប្រកប​ដោយ​បញ្ញា​វៃ ក្រៃលែង​ដូច​គ្នា ។ តាបស​ក៏​ស្រឡាញ់​អ្នក​ទាំង​ពីរ​នោះ​ស្មើ​គ្នា ។ កាល​បើ​តាបស​បាន​បង្រៀន​សិស្ស​លោក​ចប់​គ្រប់​មុខ​វិជ្ជា​ហើយ លោក​ក៏​ចង់​ល្បង​វិជ្ជា​សិស្ស​មើល​ថា តើ​នរណា​ប៉ិន​ប្រសប់​ជាង​គ្នា ។ ទើប​លោក​និយាយ​ទៅ​កាន់​សិស្ស​ថា "បើ​អ្នកណា​មួយ​យក​កែវ​មួយ​មាន​ទឹក សន្សើម​ពេញ​មក​ឱ្យ​ខ្ញុំ​បាន នោះ​ខ្ញុំ​នឹង​ធ្វើ​ទឹក​នោះ​ឱ្យ​ក្លាយ​ទៅ​ជា​កែវ​មនោហរា ហើយ​ដោយ​គុណភាព​នៃ​រតនវត្ថុ​នោះ អ្នក​ម្ចាស់​កែវ​អាច​ប្រាថ្នា​ធ្វើអ្វី​ឬ​ចង់​បាន​អ្វី ចេះ​តែ​បាន​សម្រេច​ទាំងអស់ " ។ រាមាសូរ​ក៏​យក​កែវ​មួយ​ទៅ​ត្រង់​ទឹក​សន្សើម​ដែល​ទើរ​នៅ​ស្លឹក​ឈើ​និង​ស្មៅ​ផ្សេង ៗ វា​បាន​ខំ​ព្យាយាម​ធ្វើ​ដូច្នេះ​ជា​ច្រើន​ព្រឹក ប៉ុន្តែ​ឥត​បាន​លទ្ធផល​ល្អ​សោះ ។ ចំណែក​ឯ​នាង​មេខលា ដែល​ជា​ស្រី​ចេះ​គិត​វែង​ឆ្ងាយ​ក៏​រើស​យក​បណ្ដូល​ឈើ​មួយ​យ៉ាង​ទន់​ស្តោក ៗ ហើយ​យក​ទៅ​ដាក់​ផ្តិល​លើ​ទឹក​សន្សើម​ដែល​ដក់​នៅ​លើ​ស្លឹក​ឈើ នឹង​នៅ​លើ​ស្មៅ ទាល់​តែ​ដុំ​ឈើ​នោះ​ជក់​ទឹក​នៅ​ពេញ​ទាំងអស់ ។ បន្ទាប់​មក​នាង​អារក្ខទេវី បាន​យក​ដុំ​ឈើ​នោះ​ទៅ​ច្របាច់​ទឹក​ដាក់​ទៅ​ក្នុង​កែវ ។ អាស្រ័យ​ដោយ​ហេតុ​ដូច្នេះ នាង​រក​ទឹក​សន្សើម​ដាក់​កែវ​បាន​ពេញ ហើយ​ក៏​យក​កែវ​នោះ​ទៅ​ជូន​មហា​តាបស ។ ហេតុ​ដូច្នេះ​បាន​ជា​នាង​អារក្ខទេវី​ត្រូវ​តាបស​សំគាល់​ថា ប៉ិន​ប្រសប់​ជាង​បិសាច ។

តាបស​ជប់​ទឹក​សន្សើម​នោះ​កើត​ទៅ​ជា​កែវ ហើយ​ប្រគល់​ទៅ​ឱ្យ​នាង​មេខលា ដោយ​ប្រាប់​ថា " កែវ​នេះ​មាន​គុណភាព​ខ្លាំង​ពូកែ​ណាស់ បើ​អ្នក​មាន​បំណង​អ្វី​មួយ គ្រាន់​តែ​លើក​កែវ​នេះ​គ្រវី​ឡើង​នោះ​មួយ​រំពេច សេចក្ដី​ប្រាថ្នា​របស់​អ្នក​នឹង​បាន​សម្រេច​ភ្លាម មួយ​ទៀត​ដោយ​គុណភាព​នៃ​កែវ​នេះ អ្នក​អាច​ហោះ​កាត់​អាកាស​ពពក ជ្រក​អាចម៍​ជន្លេន ទៅ​កាន់​កន្លែង​ណា​ក៏​បាន​ទាំងអស់ " ។

នាង​អារក្ខទេវី​ក៏​ទទួល​យក​កែវ​នោះ​មក លើក​គ្រវី​ឡើង​លើ ស្រាប់​តែ​ហោះ​វឹង​ទៅ​លើ​មេឃ​តម្រង់​ទៅ​មហា​សាគរ ។

ចំណែក​ឯ​អាមាសូរ អាស្រ័យ​ដោយ​ការ​ព្យាយាម​ដ៏​យូរ ក៏​រក​ទឹក​សន្សើម​ដាក់​បាន​ពេញ​កែវ ហើយ​យក​ទៅ​ថ្វាយ​មហាឫសី ៗ ពោល​ថា "ចៅ​ឯង យក​របស់​នេះ មក​យឺត​យូរ​ពេក​ហួស​ពេល​តា​ត្រូវ​ការ ឥឡូវ​តា​បាន​ឱ្យ​រតនវត្ថុ​នោះ​ទៅ​នាង​មេខលា​ទៅ​ហើយ មន្ត​អាគមគាថា​របស់​តា​អាច​ជប់​វត្ថុ​បែប​នេះ​កើត បាន​តែ​មួយ​ដង​គត់​ទេ " ។

កាល​បើ​បាន​ឮ​មហា​តាបស​ថា​ដូច្នេះ រាមាសូរ​ក៏​កើត​សេចក្ដី​ទោមនស្ស​ពន់ពេក​ប្រមាណ ហើយ​ក៏​ស្រែក​យំ​អណ្ដឺតអណ្ដក​យ៉ាង​ខ្លាំង ។

ដើម្បី​លួង​ចិត្ត​បិសាច​តាបស​ក៏​ប្រាប់​ថា "ចូរ​ចៅ​កុំ​កើត​ទុក្ខ​ខ្លាំង​ពេក ចាំ​តា​ឱ្យ​ពូថៅ​មួយ ពូថៅ​នេះ​អ្នក​អាច​យក​ទៅ​ឈ្លោះ​ដណ្ដើម​យក​កែវ​ពី​នាង​អារក្ខទេវី​មេខលា​បាន នាង​មេខលា​នេះ ចូល​ចិត្ត​ហោះ​ហើរ​លេង​នៅ​លើ​អាកាស​ដើម្បី​មុជ​ទឹក​ភ្លៀង នៅ​ពេល​ដែល​មាន​ភ្លៀង​ម្ដង ៗ ចូរ​អ្នក​ចោល​ពូថៅ​នោះ​ទៅ​លើ​វា​នឹង បោះ​ចោល​កែវ​ដ៏​មាន​តម្លៃ​នោះ ប៉ុន្តែ​បើ​នៅ​ពេល​ប្រយុទ្ធ​គ្នា​នោះ ចៅ​ឯង​ឃើញ​វា​លើក​កែវ​ឡើង​គ្រវី ចូរ​ចៅ​ឯង​បិទ​ភ្នែក​ភ្លាម​មុន​នឹង​ចោល​ពូថៅ​ទៅ​លើ​វា " ។

កាល​បើ​រាមាសូរ​បាន​ពូថៅ​មក​កាន់​នៅ​នឹង​ដៃ​ហើយ វា​ក៏​ហោះ​ស្វែង​រក​នាង​មេខលា ដើម្បី​ដណ្ដើម​យក​កែវ​មនោហរា ប៉ុន្តែ​បើ​បាន​ឃើញ​នាង​កាល​ណា នាង​ក៏​យល់​ឃើញ​ភ្លាម​ថា បិសាច​នេះ​ប្រាកដ​ជា​មក​មាន​បំណង​ធ្វើ​អាក្រក់​មក​លើ​នាង​ពុំ​ខាន ទើប​នាង​លើក​កែវ​គ្រវី​ឡើង ហោះ​ទៅ​លើ​អាកាស​វេហា​ខ្ពស់​ក្រៃលែង​ខ្ពស់ ។

កាល​បើ​ក្រឡេក​ឃើញ​ពន្លឺ​ចាំង​នៃ​កែវ​មាន​សិល្ប​ភ្លាម បិសាច​ក៏​បិទ​ភ្នែក​ជិត​រួច គ្រវែង​អាវុធ​វា​ទៅ អាវុធ​នោះ​ក៏​ហោះ​យ៉ាង​លឿន​ឮ​សូរ​សម្បើម​ក្រៃលែង ប៉ុន្តែ​ឥត​ត្រូវ​នាង​អារក្ខទេវី ។

ចាប់​តាំង​ពី​ពេល​នោះ​មក ទើប​នៅ​ពេល​មាន​ភ្លៀង​ផ្គរ គេ​ឃើញ​ចាំង​ពន្លឺ​កែវ​ហើយ​ឮ​សូរ​សំឡេង​យ៉ាង​ខ្លាំង​នៃ​អាវុធ​នោះ ។ អាស្រ័យ​ហេតុនេះ​ហើយ បាន​ជា​ក្នុង​ភាសា​ខ្មែរ​ឱ្យ​ឈ្មោះ​ដុំ​ថ្ម​ទាំង​ឡាយ ណា​ដែល​មាន​រាង​ដូច​ផ្លែ​ពូថៅ ឬ​ចប​កាប់​ក្បាល​ស្រួច ឬ​ដូច​កាំបិត​ថា " កាំរន្ទះ " ហើយ​សន្មត​របស់​ទាំង​នេះ​ថា ជា​ព្រួញ​របស់​យក្ស​បាញ់ នៅ​លើ​មេឃ​ធ្លាក់​មក​ដី ។