Jump to content

ប្រជុំរឿងព្រេងខ្មែរ/ភាគទី៣/53

From Wikisource

៥៣- រឿង បុរស​ម្ចាស់​ផ្ទះ​និង​បុរស​សុំ​សំចត


មាន​និទាន​មួយ​ដំណាល​ថា : មាន​បុរស​ម្នាក់​ទើប​នឹង​សង់​ផ្ទះ​ហើយ​ថ្មី ៗ គាប់​ចួន​មាន​បុរស​ម្នាក់​ទៀត ចូល​មក​សុំ​សំណាក់​នឹង​ផ្ទះ​នោះ ។ ឯ​ចៅ​ម្ចាស់​ផ្ទះ​ក៏​ព្រម​ឲ្យ​សំចត​​ហើយ​នៅ​រួម​គ្នា​ក្នុង​ផ្ទះ​នោះ​ទៅ ។ ចៅ​សុំ​សំចត លុះ​នៅ​បាន​យូរ​បន្តិច ក៏​រាប់​អស់​គ្រឿង​ផ្ទះ គឺ​រនូត រនាប រណប បង្កង់ ដៃ​រណែង ផ្ទោង ផ្លាន មាន​ដំណ ឥត​ដំណ នូវ​ស្លឹក​ប្រក់ ខ្នួច​សព្វ​គ្រប់ កត់​សម្គាល់​ទុក​ជា​ចំណាំ ។ លុះ​នៅ​ជា​អំឡុង​បាន ១ ខែ​ទៅ​ចៅ​ម្ចាស់​ផ្ទះ​ក៏​និយាយ​ថា “ ចៅ​មក​នៅ​សំចត​នឹង​អញ​នេះ យូរ​អង្វែង​ហើយ ចូរ​ចៅ​ទៅ​ស្រុក​ចៅ​វិញ​ចុះ អញ​នឹង​ម្ដាយ​ឪពុក យក​បង​ប្អូន​អញ​មក​នៅ ” ។ ឯ​ចៅ​សុំ​សំចត​ឆ្លើយ​ថា “ ផ្ទះ​នេះ​ជា​ផ្ទះ​របស់​អញ​ម្ដេច​ក៏​ចៅ​ថា ជា​ផ្ទះ​របស់​ចៅ​វិញ?” ។ ចៅ​ទាំង ២ នាក់​ឈ្លោះ​ទាស់​ទែង​ដណ្ដើម​ផ្ទះ​គ្នា ក៏​នាំ​គ្នា​ឡើង​ទៅ​ប្ដឹង​ចៅក្រម​ឲ្យ​ជំនុំ​ជម្រះ ។ ចៅ​ម្ចាស់​ផ្ទះ​ប្ដឹង​ថា “ ផ្ទះ​នោះ​ជា​ផ្ទះ​របស់​ខ្ញុំប្របាទ​ទើប​សង់​ថ្មី ចៅ​នេះ​ចូល​មក​សុំ​សំចត អស់​អំឡុង ១ ខែ ពុំ​ព្រម​ចេញ សូម្បី​ខ្ញុំប្របាទ​ប្រាប់​ឲ្យ​ចេញ ក៏​នៅ​តែ​ពុំ​ព្រម​ចេញ ថែម​ទាំង​ចៅ​នេះ​ប្រកាន់​យក​ផ្ទះ​របស់​ខ្ញុំប្របាទ​ថា​ជា​ផ្ទះ​របស់​ខ្លួន​ផង​ទៀត” ។ ចៅ​សុំ​សំចត​ប្ដឹង​ថា “ផ្ទះ​នោះ​ខ្ញុំប្របាទ ទើប​សង់​ថ្មី ចៅ​នេះ​មក​សុំ​សំចត​អស់​អំឡុង ១ ខែ ហើយ​ដណ្ដើម​យក​ផ្ទះ​នោះ​អំពី​ខ្ញុំប្របាទ សូម​ទាន​មេត្តា​ប្រោស បើ​ចៅ​នេះ​ប្រកាន់​ថា​ជា​ផ្ទះ​របស់​ខ្លួន តើ​ចៅ​នេះ​ដឹង​ទេ អស់​ទាំង​គ្រឿង​ផ្ទះ​នោះ គឺ​រនូត រនាប បង្កង់ ខ្នួច​ស្លឹក​ប្រក់​ផ្ទះ​មាន​ប៉ុន្មាន ? ” ។

ចៅ​ម្ចាស់​ផ្ទះ​ឆ្លើយ​តប​ទៅ​ចៅក្រម​ថា “ ខ្ញុំប្របាទ​អម្ចាស់​ពុំ​បាន​រាប់​ទេ តែ​ផ្ទះ​នេះ​ពិត​ជា​ផ្ទះ​របស់​ខ្ញុំប្របាទ​ប្រាកដ​មែន” ។ ចៅ​ក្រម​ក៏​ដណ្ដឹង​សួរ​ទៅ​ចៅ​សុំ​សំចត​ថា “បើ​ចៅ​ប្រកាន់​ថា ជា​ផ្ទះ​របស់​ចៅ តើ​ចៅ​ដឹង​ទេ គ្រឿង​ផ្ទះ​នោះ​មាន​ប៉ុន្មាន ? ” ។ ចៅ​សុំ​សំចត ហេតុ​តែ​បាន​កត់​សម្គាល់​ចំណាំ​ទុក​ពី​មុន​មក​ស្រេច ក៏​ឆ្លើយ​ត្រូវ​ទាំង​អស់ ។ ចៅក្រម​យល់​ថា “ប្រហែល​ជា​ចៅ​នេះ ជា​ម្ចាស់​ផ្ទះ​មែន បាន​ជា​ចាំ​បាន​សព្វ​គ្រប់​ទាំង​គ្រឿង​ផ្ទះ” ទើប​កាត់​សេចក្ដី​ឲ្យ​បាន​ទៅ​ចៅ​សុំ​សំចត​នោះ ។ ឯ​ចៅ​ម្ចាស់​ផ្ទះ​ពុំ​សុខ​ចិត្ត​ឡើយ ទើប​នាំ​រឿង​នោះ​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​មហាក្សត្រ ។

ព្រះ​មហា​ក្សត្រ ទ្រង់​ព្រះ​ចិន្ដា​ថា “ហេតុ​អ្វី​ក៏​ចៅ​មួយ​នេះ ចាំ​អស់​គ្រឿង​ផ្ទះ​សព្វ​គ្រប់​ម្ល៉េះ ? ហើយ​ទ្រង់​ត្រាស់​សួរ​ថា “អើ ! ចៅ​ចាំ​គ្រឿង​ផ្ទះ​បាន​ហ្មត់​ចត់​ល្អ​ណាស់ តែ​ឯ​ជើង​សសរ​ខាង​ក្នុង​រណ្ដៅ​នោះ តើ​មាន​អ្វី​ឬ​ទេ ?” ។ ចៅ​សុំ​សំចត​ក្រាប​បង្គំ​ទូល​ថា “ គ្មាន​អ្វី​នៅ​ក្នុង​រណ្ដៅ​ទេ ” ។ ទើប​ទ្រង់​ត្រាស់​សួរ​ចៅ​ម្ចាស់​ផ្ទះ​ថា “បើ​ចៅ​ថា​ផ្ទះ​នោះ​ជា​របស់​ចៅ តើ​ចៅ​បាន​ដាក់​អ្វី​នៅ​ជើង​សសរ​ខ្លះ​ដែរ​ឬ​ទេ ?” ។ ចៅ​ម្ចាស់​ផ្ទះ​ក្រាប​ទូល​ថា “រណ្ដៅ​ខាង​ជ្រុង​អាគ្នេយ៍​នោះ ជា​ទី​មាន​ភក់​ទន់​ជ្រាយ ទើប​ទូល​ព្រះ​បង្គំ ជា​ខ្ញុំ​យក​ឈើ ១ កំណាត់ ដាក់​នៅ​បាត់​សសរ​ដើម្បី​កុំ​ឲ្យ​វា​ស្រុត” ។ ទ្រង់​ត្រាស់​ថា “ បើ​ដូច្នោះ ត្រូវ​ទៅ​ជីក​ជីក​សសរ​នោះ​មើល តើ​មាន​មែន​ឬ​ទេ ” ។ លុះ​ជីក​ទៅ ក៏​បាន​ឃើញ​កំណល់​កល់​ជើង​សសរ​នោះ​មែន ទើប​ត្រាស់​វិនិច្ឆយ​ថា “ ហេតុ​តែ​ផ្ទះ​នោះ​ជា​របស់​ចៅ​នោះ​មែន បាន​ជា​ចាំ​បាន​ដល់​ក្នុង​ដី, ឯ​ចៅ ១ នោះ មិន​មែន​ជា​ម្ចាស់​ទេ​បាន​ជា​ចាំ​តែ​គ្រឿង​ខាង​លើ ពុំ​ដឹង​ដល់​ខាង​ក្នុង​ដី​ហេតុ​នេះ​ត្រូវ​បាន​ផ្ទះ​ទៅ​ចៅ​ដែល​ដឹង​ដល់​គ្រឿង​ផ្ទះ​នៅ​ក្នុង​ដី, ឯ​ចៅ ១ នោះ​ជា​អ្នក​ឆ​បោក​គេ​ត្រូវ​មាន​ទោស នឹង​ត្រូវ​ពិន័យ​តាម​ច្បាប់ ” ។

ចៅ​ទាំង ២​នាក់​សុខ​ចិត្ត ហើយ​ក្រាប​ថ្វាយ​បង្គំ​លា​ទៅ​កាន់​លំនៅ​របស់​ខ្លួន​ទីទៃ​ៗ ហោង ។

ចប់​រឿង​កឹង​កន្ត្រៃ​ត្រឹម​ប៉ុណ្ណេះ